រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញបាន។ ជនបរទេសនៅប្រទេសទាំងនោះ ត្រូវបានរដ្ឋាភិបាលបិទមិនឲ្យចូលមកកម្ពុជាតាំងពីពាក់កណ្តាលខែមីនា បន្ទាប់ពីមានការផ្ទុះរីករាលដាលខ្លាំងនូវជំងឺកូវីដ១៩។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភានេះ បានឲ្យដឹងថា យោងតាមការវិវត្តន៍សភាពការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានកែសម្រួលវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ក្រសួងសុខាភិបាលបានសម្រេចលុបចោលបំរាមហាមជនបរទេស នៅក្នុងប្រទេសចំនួន៦ចូលមកកម្ពុជា រួមមានអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិកអាចធ្វើដំណើរចូលមកកម្ពុជាវិញបាន។
ក្រសួងបានបន្តថាគ្រប់អ្នកដំនើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេសគឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពបញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ីក្នុងរយៈពេល៧២ម៉ោង។ បន្ថែមលើសនេះជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពទៅតាមវិធានផ្សេងៗទៀតដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា អ្នកដំណើរទាំងជនជាតិខ្មែរនិងបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។ ក្នុងករណីមានអ្នកដំណើរណាម្នាក់ឬច្រើនត្រូវបានរកឃើញលទ្ធផលវិជ្ជមាន នោះរាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ដោយឡែកក្នុងករណីអ្នកដំណើរទាំងអស់លទ្ធផលអវិជ្ជមាន នោះពួកគេទាំងអស់ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួនក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីក្រសួងសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា ជនបរទេសនៅប្រទេសទាំង៦ខាងលើនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឲ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីមានការផ្ទុះរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ នាពេលកន្លងមក៕ ដោយ៖ សៅ វិសាល