ប្រធានាធិបតី​​តៃវ៉ាន់​​​ប្រកាស​​ចង់​ចរចា​​​ជាមួយ​ចិន​

20-05-2020 3:11 pm 694

​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​នៅ​ថ្ងៃ​២០​ឧសភា​នេះ បានប្រកាស​ជំហរ​ចង់​ចរចា​ជាមួយ​ចិន ប៉ុន្ដែ​មិន​ទទួលយកបាន​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​ឡើយ​។ ក្នុង​សុន្ទរកថា​បន្ទាប់ពី​ស្បថ​ចូល​កាន់តំណែង​ប្រធានាធិបតី​តៃវ៉ាន់​អាណត្ដិ​ទីពីរ​ដែល​ជាអា​ណត្ដិចុងក្រោយ​ផង​នោះ លោកស្រី​ត្សៃ​និយាយថា ទំនាក់ទំនង​រវាង​តៃវ៉ាន់​ជាមួយ​ចិន​បាន​ឈានដល់​ចំណុចរ​បត់​ជា​ប្រវត្ដិសាស្ដ្រ​មួយ ហើយ​លោកស្រី​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ស្វែងរក​មធ្យោបាយ​រួមគ្នា​។​

​លោកស្រី​សង្កត់ធ្ងន់​ទៀតថា ទាំង​ចិន​និង​តៃវ៉ាន់​មាន​កាតព្វកិច្ច​ស្វែងរក​ផ្លូវ​ដើរ​រួមគ្នា​រយៈពេល​យូរអង្វែង និង​ការពារ​កុំឲ្យ​មានភាព​ខ្វែងគំនិត​គ្នា​កាន់តែខ្លាំង​។ ពេលនេះ​តៃវ៉ាន់​ចង់​និយាយ​ឡើងវិញ​នូវ​ពាក្យ​សន្ដិភាព ភាពស្មើគ្នា ប្រជាធិបតេយ្យ និង​ការចរចា​។ ប៉ុន្ដែ​តៃវ៉ាន់​មិនអាច​ទទួលយក​បានទេ​នូវ​សិទ្ធិអំណាច​របស់​ក្រុង​ប៉េកាំង ដែល​ចង់​ប្រើ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​បន្ទាប​តម្លៃ​តៃវ៉ាន់ និង​ធ្វើឲ្យ​អន្ដរាយ​ដល់​ការឆ្លងកាត់​ព្រំដែន​ដូច​ពីមុន​។ តៃវ៉ាន់​ប្រកាន់ខ្ជាប់​គោលជំហរ​នេះ​ដាច់ខាត ព្រោះ​តៃវ៉ាន់​គឺជា​រដ្ឋ​ឯករាជ្យ​មួយ​ហៅថា​សាធារណរដ្ឋ​ចិន ដូច្នេះ​មិន​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គ្រប់គ្រង​ដោយ​ក្រុង​ប៉េកាំង​នោះឡើយ​។​

​តៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដាច់ដោយឡែក​ពី​ចិនដីគោក​ចាប់តាំងពី​ឆ្នាំ​១៩៤៩ គឺ​ក្រោយ​អ្នក​ជាតិនិយម​ចាញ់​សង្គ្រាម​ជា​មួយក្រុម​កុម្មុយនីស្ដ​។ បន្ទាប់ពី​ចាញ់​សង្គ្រាម​ក្រុម​អ្នក​ជាតិនិយម​ទាំងអស់​ភៀសខ្លួន​ទៅកាន់​កោះ​តៃវ៉ាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​ដែលជា​គូប្រជែង​។ អស់​រយៈពេល​ជាច្រើន​ទសវត្ស​មេដឹកនាំ​តៃវ៉ាន់​និង​ម្ចាស់ឆ្នោត មើលឃើញ​តៃវ៉ាន់​ជា​អ្នកតំណាង​ពិតប្រាកដ​សម្រាប់​ប្រទេស​ចិន ទោះបី​ប្រទេស​ជាច្រើន​ផ្ដាច់ទំនាក់ទំនង​ការទូត​ងាក​ទៅរក​ក្រុង​ប៉េកាំង​ក៏ដោយ​។​

​នៅពេល​ដែន​កោះ​មួយ​នេះ​បាន​ផ្លាស់ប្ដូរ​ពី​ស្វ័យភាព​ទៅជា​ប្រជាធិបតេយ្យ​ពី​ទសវត្ស​ឆ្នាំ​១៩៩០​មក អត្ដ​សញ្ញាណ​របស់​តៃវ៉ាន់​បាន​លេញ​ចេញ​ធ្វើឲ្យ​ពលរដ្ឋ​រស់​លើកោះ​ភាគច្រើន លែង​ចង់​ស្វែងរក​ការបង្រួបបង្រួម​ជាមួយ​ប្រទេស​ចិន​។ ការណ៍​នេះ​បាន​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​កាន់តែខ្លាំង​សម្រាប់​ក្រុង​ប៉េកាំង ព្រោះ​ខ្លាច​តៃវ៉ាន់​ដែល​ខ្លួន​ចាត់ទុកជា​ខេត្ដ​មួយ​របស់​ចិន ប្រកាស​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​។ ចិន​គំរាម​ជា​ញយ​ដង​ថា​ទង្វើ​ដែល​តៃវ៉ាន់​ចង់​ប្រកាស​ឯករាជ្យ ជា​ទង្វើ​ឆ្លងកាត់​បន្ទាត់​ពណ៌​ក្រហម​។​

​ដើម្បី​ចង់បាន​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រើ​គ្រប់​មធ្យោបាយ​មាន​ទាំង​ក្ដៅ​ផង​ត្រជាក់​ផង រហូត​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង ប្រកាស​ឲ្យប្រើ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​ថែមទៀត មានន័យថា​តៃវ៉ាន់​នៅតែ​បន្ដ​ដើរ​តាមផ្លូវ​ប្រជាធិបតេយ្យ​ដដែល ខណៈ​ប៉េកាំង​ដើរ​តាមផ្លូវ​កុម្មុយនីស្ដ​ដូចដើម ឲ្យតែ​តៃវ៉ាន់​ព្រម​បង្រួបបង្រួម​។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​តៃវ៉ាន់​ប្រឆាំង​ដាច់ខាត​គោលការណ៍​នេះ​។​

​គួរ​ជម្រាបជូន​ថា ចិន​បាន​ប្រើ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ ទៅលើ​ទីក្រុង​ហុងកុង​រួចហើយ​បន្ទាប់ពី​ហុងកុង​ត្រូវ​អង់គ្លេស​ប្រគល់ឲ្យ​ចិន​ក្នុង​ឆ្នាំ​១៩៩៧​។ ចិន​ក៏​ប្រើ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​ទៅលើ​ទីក្រុង​ម៉ា​កាវ ដែល​ទើប​រួចផុត​ពី​អាណានិគម​ព័រ​ទុយ​ហ្គាល់​ក្នុង​ឆ្នាំ​១៩៩៩​ផងដែរ​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  តៃវ៉ាន់ចិនការចរចា

ព័ត៌មានផ្សេងទៀត