នាយក​WHO​​ប្ដេជ្ញា​បន្ដ​​ដឹកនាំ​​ប្រយុទ្ធប្រឆាំង​​កូវី​ដ​-១៩​​ក្រោយ​​លោក​ត្រាំ​​គំរាម​ខ្លាំងៗ​

20-05-2020 10:29 am 204

​ថ្លែង​ក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ ជា​ថ្ងៃ​ចុងក្រោយ​នៃ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៧៣ ដែល​ប្រារព្ធ​ធ្វើ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​(WHO)បានបង្ហាញ​ការប្ដេជ្ញាចិត្ដ បន្ដ​ដឹកនាំ​ពិភពលោក​ទាំងមូល​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ការប្ដេជ្ញាចិត្ដនេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានា​ធិបតី​អាមេរិក​លោកដូ​ណាល់ ត្រាំ គំរាម​នឹង​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​ជា​អចិន្ដ្រៃយ៍ ហើយ​គំរាម​នឹង​ដើរ​ចេញពី​ស្ថាប័ន​សុខភាព​ពិភពលោក​មួយ​នេះ​ផងដែរ​។ 

​ទីក្រុង​វ៉ាស៊ីនតោន​ប្រកាស​ឯកភាព​ជាមួយ​សេចក្ដីសម្រេច ត្រង់ចំណុច​អនុញ្ញាតឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​ចំពោះ​ការ​ឆ្លើយតបជា​សកល ក្នុង​ការប្រយុទ្ធប្រឆាំង​ការឆ្លង​រាតត្បាត​នៃ​កូវី​ដ​-១៩​ផ្អែកលើ​មតិរួម ព្រោះនេះ​ជា​អ្វីដែល​អាមេរិក​ចង់​បានដែរ​។ ប៉ុន្ដែ​សុំ​ជំទាស់​ដាច់ខាត​ត្រង់ចំណុច​លើក​ឡើងថាឲ្យ​ប្រទេស​ក្រីក្រ​រួចខ្លួន​ពី​ច្បាប់​ប៉ាតង់ និង​ជំទាស់​លើ​ចំណុច​និយាយ​ពី​សិទ្ធិ​សុខភាព​បន្ដ​ពូជ​។ 

​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ទីក្រុង​វ៉ាស៊ីនតោន​បញ្ជាក់​ច្បាស់ៗ ការលើកលែង​ច្បាប់​ប៉ាតង់​ដល់​ប្រទេស​ក្រីក្រ​ដែល​មានន័យថា អាចឲ្យ​ប្រទេស​ក្រីក្រ​ទទួលបាន​ថ្នាំ​ក្នុង​គ្រា​មាន​គ្រោះអាសន្ន​ផ្នែក​សុខភាព​នឹង​បញ្ជូន​សារ​ខុស​ទៅ​អ្នក​កែច្នៃ ដែល​កំពុង​ព្យាយាម​ផលិត​ឱសថ​និង​វ៉ាក់សាំង​ថ្មីៗ​។ ចំពោះ​ចំណុច​ទាក់ទង​នឹង​សិទ្ធិ​ផ្នែក​សុខភាព​បន្ដ​ពូជ អាមេរិក​ជឿជាក់​លើ​ច្បាប់​ស្ដីពី​កិច្ច​គាំពារ​ទារក​មិនទាន់​កើត ហើយ​ច្រានចោល​រាល់​ការបកស្រាយ​នៃ​សិទ្ធិមនុស្ស​អន្ដរជាតិ ដើម្បីឲ្យប​ណ្ដា​ប្រទេ​សនានា​ផ្ដល់​លទ្ធភាព​ក្នុង​ការទទួល​បានការ​រំលូត​កូន​។ 

​សេចក្ដីសម្រេច​ត្រូវបាន​អនុម័ត​បន្ទាប់ពី​លោក​ត្រាំ​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ពេញៗ​មាត់ ថា​គាំទ្រ​ចិន លម្អៀង​ទៅខាង​ចិន ហើយ​ធ្វើការ​មិនល្អ​ក្នុង​កិច្ចការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩​។ នេះហើយ​ជា​ដើមចម​រុញឲ្យ​លោកត្រាំ​គំរាម​នឹងផ្អាក​ជំនួយ​ជា​អចិន្ដ្រៃយ៍ ហើយ​គំរាម​និង​ចាកចេញ​ពី​អង្គការ​សុខភាព​ពិភពលោក ប្រសិន​មិន​ធ្វើកំណែទម្រង់​ឲ្យ​ល្អ​ប្រសើរជាង​មុន​ក្នុង​រយៈពេល​៣០​ថ្ងៃ​។​

​បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​គំរាម​ដូច្នេះ លោក​Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ចេញមុខ​អះអាង​ពី​តួនាទី​អង្គការ​មួយ​នេះ ដោយ​ប្ដេជ្ញា​នឹង​បន្ដ​ដឹកនាំ​កិច្ចការ​ប្រយុទ្ធប្រឆាំង​កូវី​ដ​-១៩​ជា​សកល​ទៅមុខទៀត​។ លោក​Tedros​បន្ថែមថា កាលពី​ថ្ងៃ​ចន្ទ​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ពី​ការត្រួតពិនិត្យ​ការងារ​ឡើងវិញ​ឲ្យបាន​ឆាប់​តាមដែ​លអាច​ធ្វើបាន ដូច្នេះ​លោក​នឹង​ផ្ដួចផ្ដើម​ឲ្យមាន​ការវាយតម្លៃ​នៅពេលដែ​ល​សមស្រប​បំផុត​។ 

​គួរ​ជម្រាបជូន​ថា អង្គការ​សុខភាព​ពិភពលោក​ក៏​ធ្លាប់​ច្រានចោល​រាល់​ការចោទប្រកាន់​របស់​អា​មេរិក ពាក់ព័ន្ធ​ករណី​ថា​លម្អៀង​ទៅខាង​ចិន ឬ​ជួយ​លាក់បាំង​ព័ត៌មាន​ពី​ភាពគ្រោះថ្នាក់​នៃ​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​ចិន​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  WHOអាមេរិកកូវីដ១៩

ព័ត៌មានផ្សេងទៀត