ក្នុងឱកាសចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ នៅថ្ងៃទី១៨ ឧសភាតាមរយៈប្រព័ន្ធវីដេអូ (Video Conference) លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ចាប់ពីថ្ងៃទី២៧ ខែមករា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ប្រទេសកម្ពុជា បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងបានព្យាបាលអ្នកជំងឺកូវីដ-១៩ សរុបចំនួន១២២ករណីឲ្យជាសះស្បើយទាំងអស់១០០%។
លោកម៉ម ប៊ុនហេង បានមានប្រសាសន៍បន្តទៀតថា បើទោះបីជាបច្ចុប្បន្ន កម្ពុជាមិនមានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនមានករណីឆ្លងថ្មី ដែលត្រូវបានរកឃើញ និងមិនមានស្លាប់ ដោយសារជំងឺកូវីដ-១៩ក៏ដោយ ក៏ក្រសួង-ស្ថាប័នពាក់ព័ន្ធនៅតែមានការប្រុងប្រយ័ត្នខ្ពស់ដដែល ព្រោះស្ថានភាពជំងឺកូវីដ-១៩នៅទូទាំងពិភពលោក មិនទាន់មានភាពធូរស្រាលនៅឡើយ។
ជាមួយគ្នានោះដែរលោក ម៉ម ប៊ុនហេង នៅតែបន្តអំពាវនាវ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូប និងអ្នកផ្តល់សេវាសុខាភិបាលមានការយល់ដឹង និងបន្តអនុវត្តវិធានការការពារ ការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តការផ្លាស់ប្តូររបត់នៃការរស់នៅ កែប្រែទម្លាប់និងឥរិយាបថ នៃការរស់នៅរបស់ខ្លួន ឲ្យស្របតាម “សភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩” និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាសុខាភិបាល។
លោករដ្ឋមន្ត្រីបន្តថា បើតាមការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអង្គការសុខភាពពិភពលោក ជំងឺកូវីដ-១៩ អាចនឹងបន្តមានវត្តមានជាច្រើនឆ្នាំទៅមុខទៀត ដោយមកទល់ពេលនេះ ក៏ពុំទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាមានប្រសិទ្ធភាពសម្រាប់ជំងឺកូវីដ-១៩នេះនៅឡើយ។ ដូច្នេះប្រជាជនកម្ពុជានឹងត្រូវបន្តរស់នៅដោយមានការប្រុងប្រយ័ត្ន និងចូលរួមបង្ការជំងឺនេះ តាមរយៈអនាម័យដៃស្អាត ការពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែង ឬក្រម៉ា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ នៅពេលក្អក កណ្តាស់ និងការរក្សាគម្លាតសង្គម និងមិនត្រូវមានការជួបជុំគ្នា ក្នុងទ្រង់ទ្រាយធំ។ អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវបន្តផ្តល់សេវាពិនិត្យ និងព្យាបាលនៅក្នុងស្ថានភាព ប្រឈមនឹងជំងឺកូវីដ-១៩ជាបន្តទៅទៀតផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ចំពោះវិធានការឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានប្រកាន់យក អភិក្រមរដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូល។ រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំដោយលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈកម្មការរាជធានីអភិបាល នៃគណៈអភិបាលរាជធានី ផែនការមេសម្រាប់ឆ្លើយតបទៅនឹងជំងឺ គ្មានករណីកូវីដ-១៩ ឬមានករណីមួយចំនួនតូច សេណារីយ៉ូទី៣ មានការរាតត្បាតករណីកូវីដ-១៩ ក្នុងសហគមន៍៕