លោក​ស៊ី​ប្រកាស​គាំទ្រ​ការស៊ើបអង្កេត​ដោយ​អង្គការ​សុខភាព​ពិភពលោក​

19-05-2020 3:05 pm 280

​ប្រទេស​ចិន​គាំទ្រ​ដល់​ការពិនិត្យ​ឡើងវិញ​ដ៏​ទូលំទូលាយ នៃ​ការឆ្លើយតប​ជា​សកល ចំពោះ​វីរុស​រាតត្បាត​កូវី​ដ​-១៩ ដែល​ដឹកនាំ​ដោយ​អង្គការ​ពិភពលោក​ហៅ​កាត់​ថា​WHO បន្ទាប់ពី​វីរុស​នេះ​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​។ នេះ​ជា​ការប្រកាស​គាំទ្រ​ដល់​ការស៊ើបអង្កេត​លើកដំបូង របស់លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន នៅក្នុង​សន្និបាត​សុខភាព​ពិ​ភ​លោក ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ចំពោះមុខ ការផ្ទុះ​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩​។ 

​កាលពីមុន​ប្រទេស​ចិន បាន​ជំទាស់​នឹង​ការអំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​បែបនេះ ពី​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​កង់​បេរ៉ា ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​លោក​ស៊ី​បាន​គាំទ្រ ឲ្យមាន​ការពិនិត្យ​ឡើង​វិញ ដោយ​តម្រូវឲ្យមាន​នូវឥ​រិ​យាប​ថ​ប្រកបដោយ​វិជ្ជាជីវៈ និង​បែប​វិទ្យាសាស្ត្រ ហើយ​ត្រូវតែ​ដឹកនាំ​ដោយ​WHO​។ ការលើកឡើង​របស់លោក​ស៊ី បន្ទាប់ពី​សហភាព​អឺរ៉ុប​និង​ប្រទេស​អូស្ត្រាលី បានចេញ​សេចក្តីសម្រេច​រៀងៗ​ខ្លួន ដោយ​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត រក​ប្រភពដើម​នៃ​វីរុស​កូរ៉ូណា ដែល​បាន​ចម្លង​និង​សម្លាប់​មនុស្ស​ទូទាំង​ពិភពលោក​។​

​នៅក្នុង​សន្និបាត​សុខភា​ពិភពលោក លោក​ស៊ី​បាន​ថ្លែង​ការពារ​សកម្មភាព​របស់​ចិន នៅពេលដែល​វីរុស​កូរ៉ូ​ណាបាន​ផ្ទុះឡើង​នៅក្នុង​ប្រទេសដោយ​និយាយ​ថា ចិន​បាន​បើកចំហ​យ៉ាង​ទូលាយ និង​ប្រកបដោយ​តម្លាភាព ហើយ​បានធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស នៅក្នុង​ការចែករំលែក​ព័ត៌មាន​អំពី​ជំងឺ​នេះ​។ ការលើកឡើង​នេះ ផ្ទុយស្រឡះ​ពី​ការចោទប្រកាន់​របស់​អា​មេរិក​ថា ចិន​លាក់បាំង​ព័ត៌មាន​ពី​ភាពគ្រោះថ្នាក់​នៃ​វីរុស មុន​រាតត្បាត​ទៅ​ប្រទេស​ផ្សេងៗ​។ ប្រមុខ​ការទូត​អាមេរិក​ធ្លាប់បាន​លើកឡើងថា អាមេរិក​មាន​ភស្តុតាង​បញ្ជាក់ថា វីរុស​កូរ៉ូណា​លេចចេញ​ពី​មន្ទីរពិសោធ​ន៍ នៅក្នុង​ទីក្រុង​វ៉ូ​ហាន​ប្រទេស​ចិន ដោយ​មិនមែនជា​វីរុស ដែល​កកើតឡើង​ពី​ធម្មជាតិ​នោះទេ ប៉ុន្តែ​ចិន​បាន​បដិសេធ​។ 

​សូម​ជម្រាបជូន​ផងដែ​រថា នៅក្នុង​សន្និបាត​សុខភាព​ពិភពលោក ដែល​រៀបចំ​ដោយ​អង្គការ​សុខភាព​ពិភពលោក ធ្វើឡើង​តាមរយៈ​វីដេអូ​ខន​ហ្វឺ​រ៉ែន​នៅ​ថ្ងៃទី​១៨​ខែឧសភា​នោះ លោក​ស៊ី​បានប្រកាស​ផ្តល់ប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា និង​ជាពិសេស​ដើម្បី​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​។ កញ្ចប់ថវិកា២ពាន់លានដុល្លារនេះ ចិននឹងទម្លាក់ឲ្យនៅក្នុងរយៈពេល២ឆ្នាំបន្ទាប់៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វីរុសកូរ៉ូណាWHOចិន

ព័ត៌មានផ្សេងទៀត