ព្រោះកូ​វីដ​-១៩ WHO​បាន​​ក្លាយជា​​ផ្ទាំង​ស៊ី​ប​​របស់​អាមេរិក​

19-05-2020 2:21 pm 479
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​បន្ទាប់ពី​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាន​លេចមុខ​ឡើង​នៅក្នុង​ពិភពលោក និង​បាន​វាយប្រហារ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​អាមេរិក លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ដាក់​ប្រទេស​ចិន និង​ចោទថា​ចិន​ជា​អ្នក​ធ្វើឲ្យ​ផ្ទុះឡើង ជា​ប្រភព​នៃ​មេរោគ​ឆ្លង​នេះ​។ មិន​ត្រឹម​ប្រទេស​ចិន អង្គការសហប្រជាជាតិ​ឯណោះ​វិញ​ក៏​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​អាមេរិក​ផងដែរ ដែល​ត្រូវ​អាមេរិក​ចោទថា​ធ្វើការ​មិនល្អ ដោះស្រាយ​វិបត្ដិកូ​វីដ​-១៩​មិន​ចេញ និង​ចោទថា​ជា​អាយ៉ង​របស់​ចិន​ថែមទៀត​។ 

​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​សហរដ្ឋអាមេរិក ជុំវិញ​សកម្មភាព​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​ថ្មី​កូរ៉ូ​ណាឬកូវី​ដ​-១៩ ដែល​ផ្ទុះឡើង​ដំបូង​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩​។ គិត​ត្រឹម​ពេលនេះ​កូវី​ដ​-១៩​បានសម្លាប់​មនុស្ស​ជាង​៣២​ម៉ឺន​នាក់​និង​ឆ្លង​ប្រមាណ​៤​លាន​៩​សែន​នាក់​ហើយ​។ វត្ដ​មាននៃ​វីរុស​កូវី​ដ​-១៩​ក៏​ជា​ការសាកល្បង​សមត្ថភាព​ថ្មី​សន្លាង​មួយ​សម្រាប់​វិស័យ​សុខាភិបាល​នៅ​ទូទាំង​ពិភពលោក ពិសេស​គឺ​សមត្ថភាព​របស់​អង្គការ​សុខភាព​ពិភពលោក​ផ្ទាល់​តែម្ដង​ដែលជា​ស្ថាប័ន​សុខភាព​កំពូល​។ សាកល្បង​សមត្ថភាព​ត្រង់​ថា​តើ​ស្ថាប័ន​មួយ​នេះ​អាច​ទប់ស្កាត់​បានទេ អាច​រក​វ៉ាក់សាំង​ព្យាបាល​បានទេ ដឹងថា​វា​មាន​ប្រភព​ពីអ្វី​ទេ ខណៈ​បច្ចុប្បន្ន​អ្នកវិទ្យាសាស្ដ្រ​និង​អ្នកជំនាញ​វេជ្ជសាស្ដ្រ​កំពុង​ស្រាវជ្រាវ​រក​ប្រភព​កកើតឡើង និង​ស្វែងរក​វ៉ាក់សាំង​សម្រាប់​ការពារ​។ WHO​ក៏​មិន​ព្រងើយកន្ដើយ គឺ​បាន​ដាក់ចេញ​នូវ​វិធានការ​ជា​បន្ដបន្ទាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​។​

​មហាសន្និបាត​ប្រចាំឆ្នាំ​អង្គការ​សុខភាព​ពិភពលោក​ដែល​ឆ្នាំនេះ​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​១៨-១៩​ឧសភា ក៏​យក​របៀបវារៈ​ទាក់ទង​នឹង​វិបត្ដិកូ​វីដ​-១៩​ជាសំខាន់​។ បណ្ដា​ប្រទេស​ជា​សមាជិក​ត្រូវ​ពិភាក្សាគ្នា​រក​វិធីសាស្ដ្រ​ដោះស្រាយ ជួយសង្គ្រោះ​ឲ្យ​ពិភពលោក​រួចផុត​ពី​ក្រញាំ​មេរោគ​ឆ្លង​ថ្មី​កូវី​ដ​-១៩ ដែល​កំពុង​ធ្វើឲ្យ​មនុស្ស​ខ្លាចមនុស្ស និង​កំពុង​សំពង​មិន​ប្រណី​ដៃដល់​សេដ្ឋកិច្ចពិភពលោក​ធ្វើឲ្យ​ដាំ​ក្បាលចុះ​ជា​បន្ដបន្ទាប់​។ វា​គឺ​ជា​កាត្វកិច្ចដ៏​សំខាន់បំផុត​របស់​អង្គ​ការសុខភាព​ពិភពលោក ដែល​ត្រូវ​សម្រេច​ឲ្យបាន​លទ្ធផល​ជា​ដុំកំភួន​ពី​មហាសន្និបាត​ប្រចាំ​ឆ្នាំនេះ ឈានទៅ​ទប់ស្កាត់​ឲ្យបាន​ការឆ្ល​ង​រាត្បា​ត​វីរុស​ទើប​លេចមុខ​ថ្មី​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ផ្សេងទៀត​កន្លងមក អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជូន​ក្រុម​ជំនាញ ទៅ​សហការ​ជាមួយ​បណ្ដា​ប្រទេស​រងគ្រោះ និង​ស្វែងរក​ដំណោះស្រាយ​បន្ទាន់​តាមរយៈ​ការគាំទ្រ​តាម​គ្រប់​លទ្ធភាព​។ អង្គការ​ក៏​ប្រកាស​ណែនាំ​វិធានការ​ចាំបាច់​ជាច្រើន ដើម្បី​ទប់ស្កាត់​ហានិភ័យ​ចង្រៃ​នៃ​កូវី​ដ​-១៩​។ ក៏មាន​ការថ្លែងអំណរគុណ​ដល់​ស្ថាប័ន​កំពូល​មួយ​នេះ​ផងដែរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ហើយ​អង្គការ​ក៏​សប្បាយចិត្ដ​នៅពេល​ប្រទេស​នីមួយៗ​បាន​សហការ​យ៉ាង​ពេញដៃពេញជើង​។​

​ប៉ុន្ដែ​អង្គការ​សុខភាព​ពិភពលោក​បែរ​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​សហរដ្ឋអាមេរិក ដែល​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បាន​វាយប្រហារ​មិន​សំចៃ​មាត់​។ មិនបាន​សរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្កការ​មួយ​នេះទេ តែ​អាមេរិក​បាន​បន្ទោស​ខ្លាំងៗ​ថា​គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្ដិកូ​វីដ​-១៩​។ លោក​ដូណាល់ ត្រាំ​ខឹង​ខ្លាំង​បំផុត នៅពេល​អង្គការ​មួយ​នេះ​ទៅ​សរសើរ​ចិន ចំពោះ​ការដោះស្រាយ​ជាមួយ​វិបត្ដិកូ​វីដ​-១៩ ដែល​លោក​ត្រាំ​ចាត់ទុកថា​ចិន​ជា​ប្រភព​ធ្វើឲ្យ​ផ្ទុះឡើង​។ ទាំង​លោក​ត្រាំ​និង​មន្ដ្រីក្រោមឱវាទ​មួយចំនួន ហ៊ាន​និយាយថា​មាន​ភស្ដុតាង​អះអាង កូវី​ដ​-១៩​មាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​។ ប៉ុន្ដែ​លោក​មិន​បង្ហាញ​ឲ្យដឹងថា​ជា​ភស្ដុតាង​អ្វី​ឡើយ គ្រាន់តែ​ថា​ពេលនេះ​ក្រុម​ស៊ើបអង្កេត​អាមេរិក​កំពុង​ធ្វើការ​។ 

​តាមរយៈ​ការសរសើរ​ចិន​ដែល​អាមេរិក​កំពុង​ចោទថា​ជា​ដើមរឿង អង្គការ​សុខភាព​ពិភពលោក​ត្រូវ​លោក​ត្រាំ​ហៅ​ពេញៗ​មាត់​ថា​ជា​អាយ៉ង​របស់​ចិន មាន​ទំនោរ​ឬ​ផ្អៀង​ទៅរក​ចិន​។ អាមេរិក​ថា​ចិន​បាន​ផ្ដល់ព័ត៌មាន​មិន​ពិត​ពី​ករណី​ធ្ងន់ធ្ងរ​នៃ​កូវី​ដ​-១៩ និង​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់​ទប់ស្កាត់​រហូត​បណ្ដាលឲ្យមាន​មនុស្ស​ឆ្លង​និង​ស្លាប់​ខ្ទង់លាន​នាក់​ទូទាំង​ពិភពលោក​។ ដោយឡែក​តែ​អង្គការ​សុខភាព​ពិភពលោក មិន​ជួយ​ណែនាំ​ចិន​បែរ​ទៅ​សរសើរ​ចិន​ទៅវិញ​។ ខឹង​ខ្លាំងពេក​លោក​ត្រាំ​ប្រកាស​ផ្អាក​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​ទៅ​អង្គការ​សុខភាព​ពិភពលោក​ថែមទៀត  បើតាម​គិត​អាមេរិក​បាន​ចំណាយ​ប្រមាណ​៤៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ខណៈ​ចិន​វិញ​ចំណាយ​ត្រឹម​៤០​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​និយាយ​ឲ្យ​លម្អិត​មែនទែនទៅ​គឺ​ច្រើនលើកច្រើនសា​រណាស់ ដែល​លោក​ត្រាំ​បរិហា​រលើ​អង្គការ​សុខភាព​ពិភពលោក​។ លោក​និយាយ​ដដែលៗ​ថា​អង្គការ​នេះ​ធ្វើការ​មិនល្អ ហើយ​ជួយ​ចិន​លាក់បាំង​ភាពគ្រោះថ្នាក់​នៃ​កូវី​ដ​-១៩​នៅ​ចិន​ទៀត​។ ប៉ុន្ដែ​ការចោទប្រកាន់​ទាំង​អម្បាលម៉ាន អង្គការ​សុខភាព​ពិភពលោក​បាន​ច្រានចោល​ទាំងអស់​។​

​ចំពោះ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បានប្រកាស​នៅក្នុង​សន្និបាត​សុខភាព​ពិភពលោក​ថ្ងៃទី​១៨​ឧសភា គាំទ្រ​អង្គការ​សុខភាព​ពិភពលោក​នៅក្នុង​ការស៊ើបអង្កេត​យ៉ាង​ទូលំទូលាយ ទៅលើ​ការឆ្លើយតប​ជា​សាកល​ចំពោះ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​១៩​។ ជាមួយគ្នា​នោះ​លោក​ស៊ី​បាន​សន្យា​ផ្តល់ប្រាក់​ចំនួន​២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ពាក់ព័ន្ធ​ជាមួយ​វីរុស​កូវី​ដ​១៩​ផងដែរ​។ 

​ប្រទេស​ចិន​គាំទ្រ​ដល់​ការពិនិត្យ​ឡើងវិញ​ដ៏​ទូលំទូលាយ នៃ​ការឆ្លើយតប​ជា​សកល​ចំពោះ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​WHO បន្ទាប់ពី​វីរុស​នេះ​ស្ថិតក្រោម​ការគ្រប់គ្រង​បាន​។ នេះ​ជា​ការប្រកាស​គាំទ្រ​ដល់​ការស៊ើបអង្កេត​លើកដំបូង ពី​សំណាក់​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​។ ការលើកឡើង​របស់លោក​ស៊ី បន្ទាប់ពី​សហភាព​អឺរ៉ុប​និង​ប្រទេស​អូស្ត្រាលី បានចេញ​សេចក្តីសម្រេច​រៀងៗ​ខ្លួន​ដោយ​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត រក​ប្រភពដើម​នៃ​វីរុស​កូរ៉ូណា​ដែលបាន​ចម្លង​និង​សម្លាប់​មនុស្សទូ​ទាំងពិ​ភព​លោក​។​

​កាលពីមុន​ប្រទេស​ចិន​បាន​ជំទាស់​នឹង​ការអំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​បែបនេះ​ពី​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​កង់​បេរ៉ា ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​លោក​ស៊ី​បាន​ពិនិត្យឡើងវិញ​ថា​អាច​ធ្វើទៅបាន ដោយ​តម្រូវឲ្យមាន​ឥរិយាប​ថ​​ប្រកបដោយ​វិជ្ជាជីវៈ​និង​បែប​វិទ្យាសាស្ត្រ ហើយ​ត្រូវតែ​ដឹកនាំ​ដោយ​WHO​និង​ភាពយុត្តិធម៌​ដែល​ត្រូវតែមាន​ការគាំទ្រ​ជារួម​។​

​នៅក្នុង​សន្និបាត​សុខភាព​ពិភពលោក លោក​ស៊ី​បាន​ថ្លែង​ការពារ​សកម្មភាព​របស់​ចិន នៅពេលដែល​វីរុស​កូរ៉ូ​ណាបាន​ផ្ទុះឡើង​នៅក្នុង​ប្រទេសដោយ​និយាយ​ថា ចិន​បាន​បើកចំហ​យ៉ាង​ទូលាយ​និង​ប្រកបដោយ​តម្លាភាព ហើយ​បានធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ការចែករំលែក​ព័ត៌មាន​អំពី​ជំងឺ​នេះ​។ ការលើកឡើង​ដូច្នេះ ផ្ទុយ​ពី​ការចោទប្រកាន់​របស់​អា​មេរិក​ថា ចិន​លាក់បាំង​ព័ត៌មាន​ពី​ភាពគ្រោះថ្នាក់​នៃ​វីរុស មុន​រាតត្បាត​ទៅ​ប្រទេស​ផ្សេងៗ​។ ប្រទេស​ចិន​កន្លងមក​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំង​អស់ពី​សំណាក់​អាមេរិក មិន​ថា​ការចោទប្រកាន់​ចិន​ជា​អ្នក​ធ្វើឲ្យ​ផ្ទុះ​កូ​វីដ​-១៩ ឬក៏​ចោទថា​អង្គការ​សុខភាព​ពិភពលោក​លម្អៀង​មករក​ខ្លួន​ជាដើម​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត