អាមេរិកជំរុញកម្ពុជាពិនិត្យលទ្ធភាពប្រើប្រាស់យន្តហោះBoeingនាពេលអនាគត

19-05-2020 11:38 am 956
  ស្តាប់
ស្តាប់ជាសំឡេង

លោក W Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាបានជំរុញឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ពិនិត្យពីលទ្ធភាពក្នុងការប្រើប្រាស់ប្រភេទអាកាសយាន Boeing នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍រវាងប្រទេសទាំងពីរសហរដ្ឋអាមេរិក និងកម្ពុជានាពេលអនាគត។ នេះបើតាមការឲ្យដឹងក្នុងជំនួប រវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយលោក W Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅថ្ងៃទី១៨ ខែឧសភា។

ជាកាឆ្លើយតប លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ចំពោះការចង់ឱ្យមានការប្រើប្រាស់ ប្រភេទអាកាសយានBoeing នៅកម្ពុជា លោកស្វាគមន៍ និងស្នើឲ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ ហើយលោកផ្ទាល់ក៏ពេញចិត្តធ្វើដំណើរតាមប្រភេទយន្តហោះ Boeingដែរ ជាពិសេស ផ្តល់ផាសុកភាពក្នុងការធ្វើដំណើរ។

ដោយឡែកចំពោះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសវិញលោក ម៉ៅ ហាវណ្ណាល់បានឱ្យដឹងថា រហូតមកទល់ពេលនេះកម្ពុជាបានចុះហត្ថលេខាទាំងទ្វេរភាគី និងពហុភាគីបានចំនួន៤៤ប្រទេសហើយ ក្នុងនោះជាមួយបណ្តាប្រទេសអាស៊ានមាន៦កិច្ចព្រមព្រៀងពហុភាគី។

លោកបានបញ្ជាក់បន្ថែមថា ចំពោះកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយសហរដ្ឋអាមេរិកយើងបានជួយពិភាក្សាគ្នាតាំងពីឆ្នាំ២០១៤ ហើយមានចំនុចឯកភាពគ្នាច្រើន លើកលែងតែពាក្យនិយមន័យទឹកដី និងការស្នើសុំធ្វើសេវាកម្មផ្ទៃដីដោយភាគីអាមេរិចផ្ទាល់ខ្លួនឯង។ ចំនុចនេះ លោកនឹងពិនិត្យពន្លឿន ហើយសេវាកម្មផ្ទៃដីគួរក្រុមហ៊ុនអាមេរិចមកធ្វើការពិភាក្សាផ្ទាល់ជាមួយក្រុមហ៊ុនវិនិយោគអាកាសយាមដ្ឋាន BOT អាកាសចរស៊ីវិលចាំតែជួយសម្រួលជូន៕ 

ព័ត៌មានផ្សេងទៀត