លោក​ត្រាំ​ហៅ​អង្គការ​សុខភាព​ពិភពលោក​ថា​ជា​អាយ៉ង​របស់​ចិន​

19-05-2020 9:56 am 453

នៅ​ថ្ងៃទី​១៨​ខែ​ឧសភា ចំ​ថ្ងៃ​សន្និបាត​សុខភាព​ពិភពលោក ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បន្ត​វាយប្រហារ លើ​ស្ថាប័ន​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​WHO ដោយ​ហៅ​អង្គការ​អន្តរជាតិ​មួយ​នេះ ថា​ជា​អាយ៉ង​របស់​ចិន​។ ដ្បិត​មិនមែនជា​លើកទីមួយ​ដែល​លោក​ត្រាំ​បរិហា​រលើ​អង្គការ​សុខភាព​ពិ​ភ​លោក ប៉ុន្តែ​លើក​នេះ​ជា​ការវាយប្រហារ​ខ្លាំងៗ ដោយមាន​ទាំង​ការ​គំរាម​និង​ការណែនាំ​បែប​តឹងតែង​បំផុត​។ 

​ខ្លឹមសារ​នៅក្នុង​លិខិត​ដែល​លោក​ត្រាំ​ផ្ញើ​ទៅកាន់​លោក​Tedros Adhanom Ghebreyesus​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃ​ចន្ទ បានបង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​អង្គការ ក្នុង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត រួមទាំង​ការមិន​អើពើ​នឹង​របាយការណ៍​ដំបូង នៃ​ការលេចចេញ​វីរុស​កូរ៉ូណា​។ លោក​ត្រាំ​ថា លោក​Tedros​និង​អង្គការ​សុខភាព​ពិភពលោក បានធ្វើ​ខុស​ម្តង​ហើយ​ម្តងទៀត នៅក្នុង​ការឆ្លើយតប​នឹង​វីរុស​រាតត្បាត​។ កន្លងមក​លោក​ត្រាំ​ចោទ​អង្គការ​សុខភាព​ពិភពលោក ថា​ធ្វើ​ការងារ​មិន​បានល្អ លម្អៀង​ទៅរក​ចិន ជួយ​លាក់បាំង​ពី​ភាពគ្រោះថ្នាក់ នៃ​វីរុស​កូរ៉ូ​ណានៅ​ក្នុងប្រទេ​សចិន មុន​ផ្ទុះ​រាលដាល​និង​សម្លាប់​មនុស្ស​រាប់សិប​ម៉ឺន​នាក់​ពាសពេញ​ពិភពលោក​។​

​យោងទៅតាម​លិខិត​ដដែល លោក​ត្រាំ​បញ្ជាក់ថា មធ្យោបាយ​តែមួយគត់ ដែល​អង្គការ​អាច​ឆ្ពោះទៅមុខ​បាន គឺ​បង្ហាញ​ឯករាជ្យភាព​ពី​ប្រទេស​ចិន​។ ប្រសិនបើ​អង្គការ​សុខភាព​ពិភពលោក​មិន​ប្តេជ្ញា ធ្វើឲ្យ​ប្រសើរឡើង​នូវ​ចំណុច​ខ្វះខាត​សំខាន់ៗ ក្នុង​រយៈពេល​៣០​ថ្ងៃ​ទៀត​នោះទេ លោក​ត្រាំ​នឹង​បង្កក​ថវិកា ដែល​អាមេរិក​ព្យួរ​បណ្តោះអាសន្ន​កាលពី​ពាក់កណ្តាល​ខែមេសា ជា​រៀងរហូត​តែម្តង និង​ពិចារណា​ដក​សមាជិកភាព​របស់​អាមេរិក​នៅក្នុង​អង្គការ​នេះ​ទៀតផង​។ 

​អាមេរិក​ជា​ប្រទេស​ផ្តល់ជំនួយ​ធំជាងគេ​បង្អស់ សម្រាប់​អង្គការ​សុខភាព​ពិភពលោក ដែលមាន​ចំនួន​ប្រមាណ​៤៥០​លាន​ដុល្លារ​រៀងរាល់ឆ្នាំ ខណៈ​ចិន​ចំនួន​៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ គឺ​តិចជាង​អាមេរិក​ឆ្ងាយ​ណាស់​។ លោក​ត្រាំ​ធ្លាប់​លើកឡើង​ពីមុន​ថា នឹង​ពិចារណា​បង្ខើច​ប្រាក់ឧបត្ថម្ភ​របស់​អាមេរិក​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ស្មើ​ចិន​ដែរ គឺ​ពី​៤៥០​លាន​ដុល្លារ​មក​៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​វិញ​។ 

​លោក​ត្រាំ​យល់ថា ជំនួយ​ដែល​អាមេរិក​ផ្តល់ឲ្យ​WHO មិន​ស័ក្តស​មនឹង​អ្វីដែល​អាមេរិក​ទទួលបា​ន​ទេ​។ អាមេរិក​ទទួលបាន​នូវ​ការណែនាំ​ដែល​មិន​ត្រឹមត្រូវ​ជាច្រើន​ពី​WHO ហើយ​ដំបូន្មាន​អាក្រក់ៗ​ពី​WHO បានធ្វើឲ្យ​អាមេរិក​ធ្លាក់​ខ្លួនក្លា​យជាប្រទេស រង​នូវ​ការវាយប្រហារ​ពី​វីរុស​កូរ៉ូណា​ធ្ងន់ធ្ងរ​ជាងគេ​បំផុត នៅក្នុង​ចំណោម​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ទាំង​ចំនួន​អ្នកស្លាប់​និង​ឆ្លង គឺ​អាមេរិក​ឈរ​លំដាប់​លេខ​រៀង​ទី​១​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​អង្គការ​សុខភាព​ពិភពលោក​និយាយថា នឹង​ពិនិត្យឡើងវិញ​ដោយ​ឯករាជ្យ ចំពោះ​ការឆ្លើយតប​នឹង​វីរុស​កូរ៉ូណា​។ ក្នុងអំឡុងពេល​សន្និបាត​លោក​Tedros បាន​ទទួលស្គាល់ថា មាន​បញ្ហា​ខ្វះខាត​ហើយ​លោក​ស្វាគមន៍ ចំពោះ​ការអំពាវនាវ​ឲ្យមាន​ការ​ពិនិត្យឡើងវិញ​។ លោក​ត្រាំ​និយាយា អង្គការ​សុខភាព​ពិភពលោក រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​លើកដំបូង ចាប់តាំងពី​វីរុស​កូរ៉ូណា​ផ្ទុះឡើង ដែល​បង្កឲ្យមាន​ការរអាក់​រ​អួល​ខាង​សេដ្ឋកិច្ច​យ៉ាងខ្លាំង និង​មនុស្ស​ជាង​៣០​ម៉ឺន​នាក់​បាន​ស្លាប់​ទូទាំង​ពិភពលោក ដោយសារ​រោគរាតត្បាត ហើយ​ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់ មាន​ជិត​មួយ​ភាគបី​នៅ​សហរដ្ឋអាមេរិក​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត