មនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាឬកូវីដ-១៩នៅអាមេរិកបានកើនឡើងដល់ជាង៩ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០។ ដោយឡែក ករណីឆ្លងវិញបានកើនដល់ជាង១លាន៥សែននាក់ និងព្យាបាលជាសះស្បើយបានកើនឡើងដល់ជាង៣៥ម៉ឺននាក់។ នេះបើយោងទៅតាមរបាយការណ៍ចុះផ្សាយដោយគេហៈទំព័រWorldometer នៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០នេះ។
អាមេរិកជាប្រទេសដែលមានមនុស្សស្លាប់និងឆ្លងវីរុសកូរ៉ូណាច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ ប្រទេសចំនួន៦ផ្សេងទៀត ដែលមនុស្សស្លាប់និងឆ្លងច្រើនដែរនោះរួមមាន រុស្ស៊ី ស្លាប់ជាង២,៧០០នាក់ ឆ្លងជាង២៩ម៉ឺននាកនិងព្យាបាលជាសះស្បើយជាង៧ម៉ឺននាក់។ អេស្ប៉ាញស្លាប់ជាង២៧,០០០នាក់ ឆ្លងជាង២៧ម៉ឺននាក់ ព្យាបាលជាសះស្បើយជាង១៩ម៉ឺននាក់។ ប្រេស៊ីល ស្លាប់ជាង១៦,០០០នាក់ ឆ្លងជាង២៥ម៉ឺននាក់ ព្យាបាលជាសះស្បើយជាង១០ម៉ឺននាក់។ អង់គ្លេសស្លាប់ជាង៣៤,០០០នាក់ ឆ្លងជាង២៤ម៉ឺននាក់។ អ៊ីតាលីស្លាប់ជាង៣២,០០០ ឆ្លងជាង២២ម៉ឺននាក់ ព្យាបាលជាសះស្បើយជាង១២ម៉ឺននាក់ និងបារាំងស្លាប់ជាង២៨,០០០នាក់ ឆ្លងជាង១៧ម៉ឺននាក់ និងព្យាបាលជាសះស្បើយជាង៦១,០០០នាក់។
ចំណែក តួលេខមនុស្សស្លាប់នៅក្នុងពិភពលោកបានកើនឡើងដល់ជាង៣២ម៉ឺននាក់ ឆ្លងជាង៤លាន៨សែននាក់ និងព្យាបាលជាសះស្បើយជាង១លាន៩សែននាក់៕ ដោយ៖អ៊ុន សុខឡា