មហាក្សត្រ​ម៉ាឡេស៊ី​​ផ្ដាំ​អ្នកនយោបាយ​​កុំ​ទាញ​ប្រទេស​​ឲ្យ​ធ្លាក់​​ក្នុង​វិបត្ដិ​ទៀត​

18-05-2020 5:05 pm 997
​មហាក្សត្រ​ម៉ាឡេស៊ី​ព្រះបាទ​Abdullah Ri\'ayatuddin Al-Mustafa Billah Shah

​មហាក្សត្រ​ម៉ាឡេស៊ី​ព្រះបាទ​Abdullah Ri'ayatuddin Al-Mustafa Billah Shah មាន​ព្រះបន្ទូល​ទៅកាន់​សមាជិកសភា​ម៉ាឡេស៊ី​ថា មិនត្រូវ​អូស​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​វិបត្ដិនយោបាយ​ទៀតឡើយ​។ ទ្រង់​មានបន្ទូល​ដូច្នេះ​នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំសភា​ឡើងវិញ ជា​កិច្ចប្រជុំ​លើកដំបូង​ចាប់តាំងពី​នាយករដ្ឋមន្ដ្រី​ថ្មី​លោក​Muhyiddin Yassin ចូល​កាន់តំណែង​ជំនួស​លោក​Mahathir Mohamad​។ 

​ទ្រង់​លើកឡើងថា​ភាព​ខ្វែងគំនិត​គ្នា​ក្នុងចំណោម​សមាជិកសភា មិនគួរ​បញ្ចប់​ដោយ​ការ​ស្អប់ខ្ពើម​និង​ការវាយប្រហារ​គ្នា​ឡើយ​។ ជំនួស​ឲ្យ​ការឈ្លោះទាស់ទែង ពិតជា​ល្អ​ណាស់​ដែល​ត្រូវ​ស្វែងរក​គំនិត​ថ្មីៗ​អភិវឌ្ឍ​ប្រទេសជាតិ​និង​បង្កើន​ការរួបរួម មិនមែនជា​ពេល​ត្រូវ​ប្រឆាំង​គ្នា​នោះឡើយ​។ ព្រះអង្គ​បង្ហាញ​ក្ដី​សង្ឃឹមថានឹង​គ្មាន​ការ​ទាញ​ឲ្យ​ប្រទេសជាតិ ធ្លាក់​ក្នុង​ភាពមិនប្រាកដប្រជា​ផ្នែក​នយោបាយ​ទៀតឡើយ ចន្លោះពេល​ប្រជារាស្ដ្រ​កំពុង​ប្រឈម​នឹង​វិបត្ដិ​សកល​កូវី​ដ​-១៩​រួចទៅហើយ​។​

​ព្រះអង្គ​បានបញ្ជាក់​ឲ្យដឹង​ដែរថា ទ្រង់​ក៏​ណែនាំ​ទៅ​លោក​Mahathir​កុំឲ្យ​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ដ្រី​កាលពី​ខែកុម្ភៈ ប៉ុន្ដែ​លោក​Mahathir​ប្រកាន់​គោលជំហរ​និង​ការសម្រេចចិត្ដ​របស់​លោក ហេតុនេះ​ព្រះអង្គ​ក៏​គ្មាន​ជម្រើស​ក្រៅពី​ការយល់ព្រម​។ អ៊ីចឹង​ទេ​ការប្រកួតប្រជែង​នីមួយៗ​តែងតែមាន​ទីបញ្ចប់ ហើយក៏​មិនអាច​ឲ្យ​វិបត្ដិនយោបា​យ​បន្ដ​កើតឡើង​ដោយ​គ្មាន​ទីបញ្ចប់​នោះដែរ​។ បន្ទាប់ពី​ឆ្លងកាត់​ដំណើរការ​ទាំងអស់​និង​ស្របតាម​រដ្ឋធម្មនុញ្ញ​សហព័ន្ធ ទ្រង់​បាន​រកឃើញ​លោក​Muhyiddin Yassin បានផ្ដល់​ទំនុកចិត្ដ​ដល់ស​មាជិក​សភា​ភាគច្រើន​។​

​ព្រះអង្គ​បាន​បន្ថែមថា​ទ្រង់​បាន​លះបង់​ភារកិច្ច​ប្រកបដោយ​តម្លាភាព​និង​យុត្ដិធម៌ ស្របតាម​គំនិត​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​និង​ប្រជាធិបតេយ្យ​នៅ​សភា​។ សមាជិកសភា​មិនគួរ​និយាយ​ពី​បញ្ហា​រសើប​ទាក់ទង​នឹង​សាសនា​និង​ពូជសាសន៍ ឬក៏​អធិបតេយ្យភាព​និង​ជំហរ​របស់​មេដឹកនាំ​ម៉ាឡេស៊ី​ឡើយ​។ ក្នុង​សុន្ទរកថា​ទ្រង់​ក៏​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ជួរមុខ ដែល​ខិតខំ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​ឆ្លងកូវី​ដ​-១៩​។​

​គួររម្លឹកថា ម៉ាឡេស៊ី​មាន​ភាពចលាចល​នយោបាយ​កើតឡើង បន្ទាប់ពី​លោក​Mahathir Mohamad​ប្រកាស​ចុះ​ចេញពី​តំណែង​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​២៤​ខែ​កុម្ភៈ​។ នៅ​ដើម​ខែមីនា​លោក​Muhyiddin Yassin ក៏បាន​ស្បថ​ចូល​កាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី​ថ្មី​ជំនួស ហើយ​លោក​បាន​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​បញ្ចប់​ភាពវឹកវរ​នយោបាយ​នេះ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត