ការស្ដារ​សេដ្ឋកិច្ច​​អាមេរិក​ឡើងវិញ​​អាច​ចំណាយ​ពេល​​ដល់​ចុងឆ្នាំ​២០២១

18-05-2020 2:54 pm 187
​ប្រធាន​ធនាគារ​បម្រុង​សហព័ន្ធ​សហរដ្ឋអាមេរិក​លោក​Jerome Powell​

​ប្រធាន​ធនាគារ​បម្រុង​សហព័ន្ធ​សហរដ្ឋអាមេរិក​លោក​Jerome Powell​បាន​និយាយថា ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​ពី​ផលប៉ះពាល់​ដោយសារកូ​វីដ​-១៩ អាច​ត្រូវ​ចំណាយពេល​រហូតដល់​ចុងឆ្នាំ​២០២១​។ លោក​បង្ហាញ​ទស្សនៈ​ដូច្នេះ​ក្នុងពេល​ផ្ដល់​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​CBS​កាលពី​ថ្ងៃអាទិត្យ​។ លោក​ថា​ការ​ងើប​ឡើងវិញ​អាច​ត្រូវ​ចំណាយពេល ដែល​អាច​នឹង​អូសបន្លាយ​ដល់​ដំណាច់​ឆ្នាំក្រោយ​។ ប្រជាជន​នឹងមាន​ទំនុកចិត្ដ​ពេញលេញ​នៅពេល​សេដ្ឋកិច្ច​បានងើបឡើង​វិញ នោះ​ក៏​ប្រហែលជា​ត្រូវ​រង់ចាំ​ការមកដល់​នៃ​វ៉ាក់សាំង​ការពារ​ផងដែរ​។​

​នៅពេល​សាកសួ​រថា​តើ​អត្រា​អត់​ការងារ​ធ្វើ​អាច​កើនឡើង​ដល់​ចន្លោះ​២០​ទៅ​២៥​ភាគរយ​ឬ​យ៉ាងណា លោក​Powell​និយាយថា​ចំនួន​នេះ​ស្ដាប់ទៅ​ត្រឹមត្រូវ​ហើយ​បើ​គិតពី​តួលេខ​ខ្ពស់បំផុត ទោះបីជា​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ក្នុងចំណោម​មន្ដ្រី​រដ្ឋាភិបាល​។ អត្រា​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​ក្នុងអំឡុង​ទសវត្ស​ឆ្នាំ​១៩៣០ គឺ​ពេល​ផ្ទុះ​វិបត្ដិ​សេដ្ឋកិច្ច​សកល​ហៅថា​Great Depression មាន​ខ្ពស់បំផុត​ប្រមាណ​២៥​ភាគរយ​។ ដោយឡែក​កាលពី​ខែមេសា​ឆ្នាំ​២០២០​នេះ ក្រោយ​រងគ្រោះ​ពី​ការ​រាតត្បាត​នៃ​វីរុស​កូវី​ដ​-១៩ អត្រា​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​បាន​កើនឡើង​ដល់​១៤.៧​ភាគរយ គឺមាន​មនុស្ស​អត់​ការងារ​ធ្វើ​រហូតដល់​ជាង​២០​លាន​នាក់​ក្នុងពេល​មួយខែ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត