អភិបាលក្រុងSão Pauloនៃប្រទេសប្រេស៊ីលបានប្រកាសអាសន្នថ្មីៗនេះថា ប្រព័ន្ធសុខាភិបាលនៅក្នុងក្រុងអាចនឹងដួលរលំ ដោយសារតែមានតម្រូវការបន្ទាន់កើនឡើងច្រើនពេក បន្ទាប់ពីក្រុងមួយនេះរងគ្រោះពីការវាយប្រហារដោយកូវីដ-១៩ធ្ងន់ធ្ងរ។ លោកBruno Covasបាននិយាយថា មន្ទីរពេទ្យរដ្ឋក្នុងទីក្រុងដាក់អ្នកជំងឺដល់៩០ភាគរយទៅហើយ ដែលនឹងអស់កន្លែងក្នុងពេលប្រមាណ២សប្ដាហ៍ទៀត។
លោកCovasបន្ថែមថាលោកកំពុងជជែកពីបញ្ហានេះជាមួយអភិបាលរដ្ឋ ជុំវិញការរឹតបន្ដឹងនៅក្នុងក្រុងដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតមុនពេលមន្ទីរពេទ្យផ្ទុកលើសចំណុះ។ São Pauloជាទីក្រុងមួយដែលរងការវាយប្រហារអាក្រក់បំផុតនៅប្រេស៊ីល ដោយមានមនុស្សស្លាប់ជិត៣ពាន់នាក់។ ទីក្រុងនេះមានប្រជាជនរស់នៅប្រមាណ១២លាននាក់ ហើយតួលេខផ្លូវការបង្ហាញថាភាគច្រើននៃពលរដ្ឋនៅក្នុងក្រុងរំលោភលើច្បាប់គម្លាតសង្គម។
សូមបញ្ជាក់ថា លោកប្រធានាធិបតីប្រេស៊ីលJair Bolsonaro បានរងការរិះគន់យ៉ាងខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុកជុំវិញការដោះស្រាយវិបត្ដិកូវីដ-១៩នេះ។ តាមរយៈរូបភាពបង្ហោះកាលពីថ្ងៃអាទិត្យ បានបង្ហាញឲ្យឃើញថាលោកបានប្រឆាំងនឹងដំបូន្មានសុខភាពសកលស្ដីពីគម្លាតសង្គម គឺលោកបង្ហោះរូបភាពអ្នកគាំទ្រនិងកុមារប្រមូលផ្ដុំជិតៗគ្នាក្នុងរដ្ឋធានីនៃប្រទេសប្រេស៊ីល៕
ដោយ៖ពេញ ផេង