កូវី​ដ​-១៩​​បាន​ចម្លង​​ដល់​មនុស្ស​​ជាង​៤​លាន​៨​សែន​​នាក់​​ស្លាប់​ជាង​៣១​ម៉ឺន​នាក់​

18-05-2020 9:13 am 333

​ចំនួន​មនុស្ស​ឆ្លងកូវី​ដ​-១៩​ទូទាំង​ពិភពលោក​គិត​ត្រឹម​ពេលនេះ មាន​ជាង​៤​លាន​៨​សែន​នាក់​ហើយ និង​ស្លាប់​ជាង​៣១ម៉ឺន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​worldometers ជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូវី​ដ​-១៩​ប្រចាំថ្ងៃ​។ ក្នុងចំណោម​ឆ្លង​ទាំង​ជាង​៤​លាន​៨​សែន​នាក់ មាន​អ្នកជំងឺ​ជាសះស្បើយ​ចំនួន​ជាង​១​លាន​៨​សែន​នាក់ កំពុង​ព្យាបាល​២​លាន​៦​សែន​នាក់​។ 

​អាមេរិក​នៅតែ​បន្ដ​មាន​មនុស្ស​ឆ្លង​ច្រើនជាងគេ​គឺ​ជាង​១​លាន​៥​សែន​នាក់ និង​ស្លាប់​ចំនួន​ជាង​៩​ម៉ឺន​នាក់​។ រុស្ស៊ី​បាន​ហក់​ឡើងទៅ​ឈរ​លេខ​ពីរ​បន្ទាប់ពី​អាមេរិក មាន​មនុស្ស​ឆ្លង​ជាង​២៨​ម៉ឺន​នាក់​និង​ស្លាប់​ជាង​២,៦០០​នាក់​។ អេ​ស្ប៉ាញ​នៅ​លេខបី​ឆ្លង​ជាង​២៧​ម៉ឺន​នាក់​ស្លាប់​ជាង​២៧,០០០​នាក់ អង់គ្លេស​ឆ្លង​ជាង​២៤​ម៉ឺន​នាក់​ស្លាប់​ជាង​៣៤,០០០​នាក់ និង​ប្រេ​ស៊ីល​ឆ្លង​ជាង​២២​ម៉ឺន​នាក់​ស្លាប់​ជាង​១៦,០០០​នាក់​។ ទាំងនេះ​គឺជា​ប្រទេស​ទាំង​៥​ដែលមាន​មនុស្ស​ឆ្លង​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។​

​ដោយឡែក​បើ​គិត​ក្នុង​តំបន់​អាស៊ី​មាន​មនុស្ស​ឆ្លង​សរុប​ជិត​៨០​ម៉ឺន​នាក់ ស្លាប់​ជាង​២៤,០០០​នាក់ ក្នុងនោះ​មាន​ជាសះស្បើយ​ជិត​៤៦​ម៉ឺន​នាក់ ដូច្នេះ​កំពុង​ព្យាបាល​សល់​ជាង​៣១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ នៅ​អឺរ៉ុប​មាន​ករណី​ឆ្លង​ជិត​១​លាន​៨​សែន​នាក់​ស្លាប់​ជាង​១៦​ម៉ឺន​នាក់ បាន​ជាសះស្បើយ​ប្រមាណ​៧៧​ម៉ឺន​នាក់ និង​កំពុង​ព្យាបាល​ជាង​៨៤​ម៉ឺន​នាក់​។ នៅ​អាហ្វ្រិក​ឆ្លង​ជាង​៨៦,០០០​នាក់ ស្លាប់​ជាង​២,៧០០​នាក់ បាន​ជាសះស្បើយ​ជាង​៣៣,០០០​នាក់ និង​កំពុង​ព្យាបាល​ជាង​៥​ម៉ឺន​នាក់​។ 

​នៅ​អាមេរិក​ខាងជើង​ឆ្លង​ជិត​១​លាន​៧​សែន​នាក់ ស្លាប់​ជាង​១០​ម៉ឺន​នាក់ ជាសះស្បើយ​ជាង​៤៣​ម៉ឺន​នាក់ និង​កំពុង​ព្យាបាល​ជាង​១​លាន​នាក់​។ អាមេរិក​ខាងត្បូង​ឆ្លង​ជាង​៤៤​ម៉ឺន​នាក់ ស្លាប់​ជាង​២៣,០០០​នាក់ បាន​ជាសះស្បើយ​ជាង​១៥​ម៉ឺន​នាក់​និង​កំពុង​ព្យាបាល​ជាង​២៦​ម៉ឺន​នាក់​។ ពេលនេះ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាន​ឆ្លង​រាតត្បាត​ទូទាំង​ពិភពលោក​ហើយ និង​កំពុងមាន​ក្ដីបារម្ភ​ពី​ការឆ្លង​ជា​រលក​ទី​ពីរ​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ពិភពលោកកូវីដ១៩

ព័ត៌មានផ្សេងទៀត