ស្ថានទូតខ្មែរប្រាប់ពលរដ្ឋខ្លួនឱ្យដឹងពីការបន្ធូរការរឹតបន្តឹងបម្រាមគោចរក្នុងប្រទេសថៃ

17-05-2020 5:34 pm 385
  ស្តាប់
ស្តាប់ជាសំឡេង

 ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានផ្តល់ព័ត៌មានពីសេចក្តីប្រកាសបន្ធូរបន្ថយវិធានការរឹតបន្តឹងបម្រាមគោចរក្នុងប្រទេសថៃ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងស្តារសេដ្ឋកិច្ចឡើងវិញ ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៧ ឧសភា ឆ្នាំ២០២០នេះតទៅ។
បើតាមសេចក្តីប្រកាស គឺរដ្ឋាភិបាលថៃ សម្រេចផ្លាស់ប្តូរពេលវេលាបម្រាមគោរចរ គឺបន្ថយ១ម៉ោង ដោយហាមប្រជាជនចេញពីផ្ទះពីចន្លោះម៉ោង ១១យប់ ដល់ម៉ោង៤ព្រឹកវិញ។

ជាងនេះ រដ្ឋាភិបាលថៃ បង្គាប់ឱ្យអភិបាលក្រុង ខេត្តនីមួយៗពិចារណាសម្រួលការប្រើប្រាស់អាគាររបស់សាលារៀន ឬស្ថាប័នអប់រំសម្រាប់តែសកម្មភាពជួយសង្គ្រោះ ផ្តល់អំណោយឧបត្ថម្ភ ជួយកុមារកំព្រា ឬក្មេងក្រីក្រ និងក្មេងដែលអាចងាយរងគ្រោះ ប៉ុន្តែហាមមិនឱ្យបើកសម្រាប់ការសិក្សារៀនសូត្រ ឬការបណ្តុះបណ្តាលនានាឡើយ។ ដោយឡែកទីតាំងជល់គោ ត្រី ការប្រកួតដែលមានលក្ខណៈស្រដៀងគ្នា ត្រូវហាមបន្តទៀត ដោយសារតែទីតាំងទាំងនោះមានហានិភ័យនៃការឆ្លងខ្ពស់។

ដោយឡែក ចំពោះអាជីវកម្មដូចជា ភោជនីដ្ឋាន អាហារដ្ឋាន ផ្សារទំនើប ហាងលក់ដុំលក់រាយ កន្លែងផ្តល់សេវាកម្មថែទាំ ស្នាក់នៅ កន្លែងមើលថែក្មេង និងមនុស្សចាស់ ការថតផ្សាយកម្មវិធីទូរទស្សន៍ ភាពយន្ត វីឌីអូ បន្ទប់ប្រជុំតាមសណ្ឋាគារ និងមណ្ឌលសន្និសិទព្រមទាំង កន្លែងហាត់ប្រាណ និងថែទាំងសុខភាពអាចបើកដំណើការឡើងវិញតាមការស្ម័គ្រចិត្ត ឬបានត្រៀមលក្ខណៈគ្រប់គ្រាន់។
ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ផ្តល់ព័ត៌មាននេះ ដល់ពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃទាំងអស់ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរថៃ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩៕

 

 ពាក្យគន្លឹះ  ស្ថានទូតកម្ពុជាថៃ

ព័ត៌មានផ្សេងទៀត