ប្រវត្ដិ​អ្នកស្រី​​គីម យ៉ូ​ជុង​​ដែល​គេ​ចាត់ទុកថា​​អាច​ស្នង​តំណែង​​លោក​គីម ជុង​អ៊ុន​បាន​

17-05-2020 5:25 pm 1929

​ក្នុងអំឡុងពេល​ដែល​បាត់​មុខ​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍ រហូត​មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​ឈឺ​ធ្ងន់ និង​ខ្លះ​ថា​បាន​ស្លាប់បាត់​បង់ជីវិត​ផង​នោះ មាន​អ្នកជំនាញ​ជាច្រើន​បានចង្អុលបង្ហាញ និង​ម​ញ្ចេ​ញ​យោបល់​ទាក់ទង​នឹង​មនុស្ស​ដែល​អាច​បន្ដ​ដឹកនាំ​កូរ៉េខាងជើង​ជំនួស​លោក​គីម ជុង​អ៊ុន​។ នោះ​គឺ​អ្នកស្រី​គីម យ៉ូ​ជុង​ជា​ប្អូនស្រី​បង្កើត​របស់លោក​គីម ជុង​អ៊ុន ហើយ​បច្ចុប្បន្ន​ក៏​ជា​មន្ដ្រីជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើង​។ តើ​ស្ដ្រីវ័​យជាង​៣០​ឆ្នាំ​រូបនេះ​មាន​ជី​វប្រ​វត្ដិ​យ៉ាងណា​?

​ប្រវត្ដិ​និង​ការសិក្សា​

​អ្នកស្រី​គីម យ៉ូ​ជុង​(Kim Yo-jong)​កើត​នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា នៅ​ឆ្នាំ​១៩៨៧​ឬ​១៩៨៩ ជា​កូនស្រី​ពៅ​របស់​អតីត​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល​និង​អ្នកស្រីកូ យ៉ុង​ហ៊ួយ​។ អ្នកស្រី​គីម​ជា​ប្អូនស្រី​បង្កើត​របស់លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​សព្វថ្ងៃ ហើយ​មាន​បងប្រុស​ម្នាក់ទៀត​ឈ្មោះ​គីម ជុង​ចូល​។ ភាពមិនច្បាស់លាស់​នៃ​ឆ្នាំ​កំណើត​របស់​អ្នកស្រី ដោយសារតែ​ព័ត៌មាន​ទាក់ទង​នឹង​ជីវិត​គ្រួសារ​របស់​មេដឹកនាំ​កូរ៉េខាងជើង ត្រូវបាន​រក្សា​យ៉ាង​អាថ៌កំបាំង​បំផុត​មិន​បង្ហាញ​ឲ្យដឹង​ជា​សាធារណៈ​ច្រើន​នោះទេ​។ សូម្បី​លោក​គីម ជុង​អ៊ុន​ក៏​គេ​ពុំ​ដឹង​ច្បាស់​ពី​ឆ្នាំ​កំណើត​របស់លោក​ដែរ​។​

​គីម យ៉ូ​ជុងបាន​ចំណាយពេល​ក្នុង​កុមារភាព​ភាគច្រើន​នៅផ្ទះ​ជាមួយ​ម្ដាយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ហើយ​ធំ​ឡើង​ជាមួយ​បងប្អូន​បង្កើត​។ ចន្លោះ​ឆ្នាំ​១៩៩៦-​ខែធ្នូ​ឆ្នាំ​២០០០ អ្នកស្រី​គីម​បាន​ចូលរៀន​ជាមួយ​បងៗ​នៅ​សាលា​រដ្ឋ​ក្នុង​ទីក្រុង​Bern ប្រទេស​ស្វីស ដោយ​ប្រើ​ឈ្មោះថា​ប៉ាក មី​យ៉ាង​។ ក្នុងពេលនោះ​ហើយ​ដែល​អ្នកស្រី​បាន​អភិវឌ្ឍ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​លោក​គីម ជុង​អ៊ុន​។ ក្រោយ​ត្រឡប់មក​ទីក្រុង​ព្យុងយ៉ាង​វិញ អ្នកស្រី​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ដ្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​គីម អ៊ី​ល​សុង​(Kim Il-sung University)​។​

​ពាក់ព័ន្ធ​នឹង​អាជីព​នយោបាយ​

​ក្នុង​ឆ្នាំ​២០០៧​អ្នកស្រី​គីម យ៉ូ​ជុង​ត្រូវបានតែងតាំង​ជា​កម្មាភិបាលជាន់ខ្ពស់​នៅក្នុង​គណបក្ស​ពលករ​កូរ៉េខាងជើង ជា​បក្ស​កាន់អំណាច​សព្វថ្ងៃ​។ ក្នុងអំឡុង​ឆ្នាំ​២០០៩-២០១០ អ្នកស្រី​បានធ្វើការ​យ៉ាងសកម្ម​ក្នុង​ការបង្កើត​យុទ្ធនាកា​រ​ស្នង​មរតក​របស់​ឪពុក ហើយក៏​បានធ្វើការ​នៅក្នុង​គណៈកម្មាធិការ​ការពា​រ​ជាតិ​ផងដែរ ក្រោយមក​ធ្វើជា​លេខាធិការ​ផ្ទាល់ខ្លួន​របស់​ឪពុក​។ នៅ​ដើមខែ​មីនាឆ្នាំ​២០០៩​អ្នកស្រី​បាន​ចូលរួម​ក្នុង​ក្រុម​ទីប្រឹក្សា​ជិតស្និទ្ធ និង​ជា​សមាជិកគ្រួសារ​ដែល​តែង​បង្ហាញ​វត្ដ​មាន​ជា​សាធារណៈ​នៅក្បែរ​ឪពុក ប៉ុន្ដែ​ការបង្ហាញ​ខ្លួន​របស់​អ្នកស្រី​មិន​ត្រូវបាន​គេ​ចាប់អារម្មណ៍​ឡើយ​រហូតដល់​ឆ្នាំ​២០១០ គឺ​នៅពេល​អ្នកស្រី​ត្រូវបាន​គេ​ស្គាល់​អត្ដ​សញ្ញាណ ក្នុងចំណោម​អ្នក​ទៅ​ចូលរួម​សមាជ​គណបក្ស​ពលករ​កូរ៉េខាងជើង​លើក​ទី​បី​។​

​អ្នកស្រី​គីម យ៉ូ​ជុង​បានទទួល​ការចាប់អារម្មណ៍​ជា​សាធារណៈ នៅក្នុង​អំឡុង​ពិធី​បុណ្យសព​លោក​គីម ជុងអ៊ីល​កាលពី​ខែធ្នូ​ឆ្នាំ​២០១១​។ ពេលនោះ​អ្នកស្រី​បង្ហាញខ្លួន​ជាមួយ​បងប្រុស​គឺ​លោក​គីម ជុង​អ៊ុន ហើយ​បាន​ដឹកនាំ​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​លុតជង្គង់​នៅមុខ​មឈូស​ឪពុក​អ្នកស្រី​ផងដែរ​។ នៅ​ដើមឆ្នាំ​២០១២​អ្នកស្រី​ត្រូវបាន​រាយការណ៍​ថា​បានទទួល​តួនាទី​នៅ​គណៈកម្មាធិការ​ការពារ​ជាតិ ជា​អ្នករៀបចំ​ដំណើរ​ទស្សនកិច្ច​លោក​គីម ជុង​អ៊ុន និង​កិច្ចការ​មួយចំនួនទៀត​របស់លោក​ដូចជា​បញ្ហា​សន្ដិសុខ​ជាដើម​។​

​អ្នកស្រី​គីម យ៉ូ​ជុង​ត្រូវបាន​ប្រកាស​ឈ្មោះ​ជា​ផ្លូវការ​លើកដំបូង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នា​ខែ​មីនាឆ្នាំ​២០១៤ នៅពេល​អ្នកស្រី​បាន​អមដំណើរ​បងប្រុស​ក្នុង​ការបោះឆ្នោត​សភា​ប្រជាជន​។ អ្នកស្រី​ត្រូវបានតែងតាំង​ជា​មន្ដ្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​កណ្ដាល​បក្ស​ពលករ​កូរ៉េខាងជើង ហើយ​ក្នុង​ខែតុលា​ឆ្នាំ​២០១៤​អ្នកស្រី​បានទទួល​ភារកិច្ច​ថ្នាក់​រដ្ឋ​ជំនួស​បងប្រុស នៅពេល​លោក​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​។ មួយខែ​ក្រោយមក​អ្នកស្រី​ត្រូវបានតែងតាំង​ជា​អនុប្រធាន​ទីមួយ​នៃ​នាយកដ្ឋាន​ឃោសនាការ​របស់​បក្ស​។​

​ក្នុងតួនាទី​ជា​អនុប្រធាននាយកដ្ឋាន​ឃោសនា​ការ អ្នកស្រី​គីម​ទទួលខុសត្រូវ​ក្នុង​ការជួយ​ពង្រឹង​អំណាច​លោក​គីម ជុង​អ៊ុន​។ ក្នុង​ខែកក្កដា​ឆ្នាំ​២០១៥​មាន​របាយការណ៍​មួយ​ឲ្យដឹងថា អ្នកស្រី​បាន​ដើរតួ​ជា​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជាមួយ​ប្រធាន​នាយកដ្ឋាន​ទើប​តែងតាំង​ថ្មី ដើម្បី​ជួយ​គាំទ្រ​និង​សម្រួល​ការងារ​ប្រធាន​នាយកដ្ឋាន​ដែល​ទើប​តែងតាំង​នោះ​។ អ្នកស្រី​ក៏មាន​តួនាទី​ជា​អនុរដ្ឋមន្ដ្រី​មន្ដ្រី​ផងដែរ​ប៉ុន្ដែ​តំណែង​នេះ​មិន​ត្រូវបាន​គេ​ដឹង​ឡើយ​។ អ្នកស្រី​តែងតែ​អមដំណើរ​លោក​គីម ជុង​អ៊ុន​ជានិច្ច​ក្នុង​ពេលធ្វើ​ទស្សនកិច្ច​ម្ដងៗ​។ អ្នកស្រី​ត្រូវបាន​គេ​ដឹងថា​ជា​កម្លាំង​រុញច្រាន​ដ៏​សំខាន់​នៅ​ពីក្រោយ​បងប្រុស ដែល​យក​គំរូ​តាម​ជីតា​គឺ​លោក​គីម អ៊ី​ល​សុង​។ បើតាម​អតីតមន្ដ្រី​ម្នាក់​បាន​ភៀសខ្លួន​ចេញពី​កូរ៉េខាងជើង​បានឲ្យដឹងថា អ្នកស្រី​គីម​គឺជា​អ្នករៀបចំ​ព្រឹត្ដិការណ៍​សាធារណៈធំៗ​ទាំងអស់​នៅ​កូរ៉េខាងជើង​។ អ្នកស្រី​ក៏​ជា​អ្នក​លើក​ទឹកចិត្ដ​ឲ្យ​បងប្រុស​បង្ហាញរូប​ភាពជាមនុ​ស្ស​ដែល​ជាទីគោរព​ស្រឡាញ់​របស់​ប្រជាជន​។ 

​ការ​រះ​ឡើង​នៅក្នុង​ការិយាល័យ​នយោបាយ​

​នៅ​ខែតុលា​ឆ្នាំ​២០១៧​អ្នកស្រី​គីម យ៉ូ​ជុង​ត្រូវបានតែងតាំង​ជា​សមាជិក​ជំនួស​នៃ​ការិយាល័យ​នយោបាយ គឺជា​ស្ដ្រី​ទីពីរ​ដែល​ត្រូវបានតែងតាំង​ជា​សមាជិក​នៃ​អង្គភាព​សម្រាប់​ការសម្រេចចិត្ដ​មួយនេះ​។ ដូច​ត្រូវបាន​គេ​ប៉ាន់ស្មាន​ទុកជាមុន ការ​ឡើងកាន់តំណែង​នៅ​ស្ថាប័ន​គ្រប់គ្រង​កំពូល​របស់​ប្រទេស​ដូច្នេះ អាច​បង្ហាញថា​អ្នកស្រី​អាច​ជំនួយ​តំណែង​ម្ដាយមីង​បាន​គឺ​អ្នកស្រី​គីម ខ្យុង​ហ៊ួ ដែល​មិនបាន​ដើរតួនាទី​សកម្ម​នៅក្នុង​របប​ដឹកនាំ​របស់លោក​គីម ជុង​អ៊ុន​ឡើយ​។ តំណែង​ទទួលបាន​ថ្មី​ក៏​មានការ​ទទួលបន្ទុក​នៅ​ក្រសួង​សន្ដិសុខ​រដ្ឋ​ផងដែរ​។​

​ជា​បេសកជន​ពិសេស​របស់លោក​គីម ជុង​អ៊ុន​

​នៅ​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ អ្នកស្រី​គីម យ៉ូ​ជុងបាន​ចូលរួម​ក្នុង​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ចាង​ប្រទេស​កូរ៉េខាងត្បូង​។ នេះ​គឺជា​លើកទីមួយ​ដែល​សមាជិកគ្រួសារ​ត្រកូល​គីម​កំពុង​កាន់អំណាច​នៅ​កូរ៉េខាងជើង បានធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងត្បូង​ចាប់តាំងពី​សង្គ្រាម​កូរ៉េ​។ អ្នកស្រី​គីម​បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន​នៅ​ថ្ងៃទី​១០​ខែកុម្ភៈ​ក្នុងនាម​ជា​បេសកជន​ពិសេស​របស់លោក​គីម ជុង​អ៊ុន បាន​នាំយក​សំបុត្រ​របស់លោក​គីម​ទៅ​ប្រគល់ជូន​លោក​មូន​។ ក្រោយមក​អ្នកស្រី​បាន​អមដំណើរ​ជាមួយ​លោក​គីម ជុង​អ៊ុន ចូលរួម​ក្នុង​កិច្ច​ជំនួប​ជា​ប្រវត្ដិសាស្ដ្រ​ជា​មួយលោក​ដូ​ណាល់ ត្រាំ​នៅ​សិង្ហ​បុរី ហើយ​បាន​អមដំណើរ​លោក​គីម ជុង​អ៊ុន​ទៅ​ជួប​លោក​ត្រាំ​ម្ដងទៀត​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ការចួលរួម​របស់​អ្នកស្រី​ក្នុង​កិច្ចការ​ការទូត​នៅតែ​បន្ដ​យ៉ាង​មមាញឹក ហើយ​នៅ​ខែ​មីនាឆ្នាំ​២០២០​សេចក្ដីថ្លែងការណ៍​ផ្លូវការ​មួយ​បានប្រកាស​ពី​សមត្ថភាព​របស់​អ្នកស្រី ជា​អនុប្រធាន​ទីមួយ​នៃ​នាយកដ្ឋាន​គណបក្ស​ពលករ​កូរ៉េខាងជើង​។ ប៉ុន្ដែ​មុននេះ​គឺ​ក្នុង​ឆ្នាំ​២០១៩​អ្នកស្រី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ចូលក្នុង​សមាជ​ជាន់ខ្ពស់​ប្រជាជន ក្នុងអំឡុងពេល​បោះឆ្នោត​សភា​កូរ៉េខាងជើង​។​

​តាមរយៈ​បទពិសោធន៍​និង​ការ​ប្រឡូក​ក្នុង​អាជីព​នយោបាយ​គួរឲ្យកត់សម្គាល់​ដូច្នេះ​ហើយ ទើបបានជា​ក្នុងពេល​លោក​គីម ជុង​អ៊ុន​អ​វត្ដ​មាន​ជា​សា​ធា​រៈប្រ​មាណជាង​៣​សប្ដាហ៍ មាន​អ្នកជំនាញ​ជាច្រើន​បានបង្ហាញ​ទស្សនៈ​ថា​ប្រសិនបើ​លោក​គីម ជុង​អ៊ុន​មានរឿង​អ្វី​ដូច​ពាក្យ​ចចាមអារ៉ាម​មែន នោះ​អ្នកស្រី​គីម យ៉ូ​ជុង​ពិតជា​អាចដឹកនាំ​កូរ៉េខាងជើង​ជំនួស​បាន​ក្នុង​កាលៈទេសៈ​នេះ​។​

​ស្ថានភាព​គ្រួសារ​

​អ្នកស្រី​គីម យ៉ូ​ជុងបាន​រៀប​ការជាមួ​យ​លោកចូ សុង​(Choe Song)​ក្នុង​ខែមករា​ឆ្នាំ​២០១៥​។ ស្វាមី​អ្នកស្រី​គឺជា​កូនប្រុស​ទី​ពីរ​របស់​លោកចូ រ្យុង​ហេ មន្ដ្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កូរ៉េខាងជើង​។ លោកចូ សុង​ក៏​ជា​អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​គីម អ៊ី​ល​សុង​ផងដែរ បច្ចុប្បន្ន​ជា​មន្ដ្រី​នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង និង​ជា​អ្នកធ្វើការ​នៅ​អង្គភាព​យោធា​ទទួលខុសត្រូវ​ការពារ​មេដឹកនាំ​ប្រទេស​។ អ្នកស្រី​គីម​និង​ស្វាមី​ត្រូវបាន​គេ​រាយការណ៍​ថា​មានកូន​ម្នាក់​ប៉ុន្ដែ​ពុំ​ច្បាស់លាស់​នោះទេ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត