រហូតដល់​​ឆ្នាំ​២០២៤​​ទើប​អាច​ស្ដារ​​វិស័យ​ដឹក​ជញ្ជូន​​តាម​អាកាស​បាន​វិញ​

17-05-2020 4:06 pm 216

​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្ដរជាតិ​(IATA)​បានចេញ​ការវិភាគ​ថ្មីៗ​នេះ​ថា ផលប៉ះពាល់​បង្ក​ពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ មកលើ​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​អន្ដរជាតិ​ពិតជា​មាន​ធ្ងន់ធ្ង​រណាស់​។ សមាគម​បាន​ព្យាករណ៍​ថា​រហូតដល់​ឆ្នាំ​២០២៤​ឯណោះ ទើប​អាច​ស្ដារ​វិស័យនេះ​ឡើងវិញ​បាន​។ ការធ្វើដំណើរ​តាម​ជើង​អាកា​សទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ក្នុង​ឆ្នាំ​២០២១ អាច​ធ្លាក់ចុះ​២៤​ភាគរយ​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០១៩​។ ចំពោះ​តម្រូវការ​នៃ​ការធ្វើដំណើរ​ក្នុងស្រុក ដល់​ឆ្នាំ​២០២២​ទើប​អាច​កើនឡើង​ស្មើ​ឆ្នាំ​២០១៩​វិញ​បាន ខណៈ​តម្រូវការ​នៃ​ការធ្វើដំណើរ​ក្រៅ​ស្រុក ដល់​ឆ្នាំ​២០២៤​ទើប​អាច​កើនឡើង​ស្មើ​ឆ្នាំ​២០១៩​។ 

​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្ដរជាតិ​បាន​ព្រមាន​ថា ភាពភ័យខ្លាច​នៃ​ការឆ្លង​មេរោគ​និង​ច្បាប់​ដាក់​នៅ​ដាច់ដោយឡែក កំពុង​ស្ថិតក្នុង​អារម្មណ៍​របស់​អ្នកដំណើរ​នៅឡើយ​។ បើតាម​ការស្ទង់មតិ​លើ​អ្នកដំណើរ​ក្នុង​ខែមេសា​បង្ហាញថា ៥៨​ភាគរយ​ទំនង​នឹងដាក់​កម្រិត​លើ​ការធ្វើដំណើរ​លើកដំបូង​របស់ខ្លួន​នៅ​ក្នុងស្រុក បន្ទាប់ពី​រងគ្រោះ​ដោយសារ​ការឆ្លង​រាតត្បាត​ពី​កូវី​ដ​-១៩​។ ដោយឡែក​៦៩​ភាគរយ​នៃ​អ្នកដំណើរ​ដែល​ត្រូវ​ស្ទង់​មតិ​នឹង​ពិចារណា​លើ​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស ប្រសិនបើ​មាន​ពាក់ព័ន្ធ​នឹង​ច្បាប់​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​។​

​សមាគម​ក៏បាន​អំពាវនាវ​ឲ្យ​បណ្ដា​រដ្ឋាភិបាល​ត្រូវបង្កើត​ប្រព័ន្ធ​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើ​រ និង​ប្រកាន់យក​វិធានការ​ផ្សេងៗ​ក្រៅពី​ការដាក់ឲ្យ​នៅ​ដាច់ដោយ​ឡែក ដូចជា​ការ​វាស់​សីតុណ្ហភាព​អ្នកដំណើរ​ដើម្បី​ការពារ​អ្នកដំណើរ​ដែលមាន​រោគសញ្ញា​។ 

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្ន​ជើងហោះហើរ​ទៅកាន់​តំបន់​នានា​ក្នុង​ពិភពលោក​ត្រូវបាន​រឹតបន្ដឹង​ខ្លាំង​បំផុត ដែល​ជាហេតុ​ធ្វើឲ្យ​អ្នកដំណើ​រមិន​ចង់​ចាកចេញ​ទៅណា​ឡើយ​លើកលែង​ករណី​ចាំបាច់​។ ប្រទេស​មួយចំនួន​ក៏​ប្រកាស​បិទ​ជើងហោះហើរ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូវី​ដ​-១៩ ខណៈ​ប្រទេស​មួយចំនួនទៀត​ចាប់ផ្ដើម​បើក​ឡើងវិញ​ជា​បណ្ដើរៗ ប៉ុន្ដែ​ស្ថិតក្រោម​ការ​រឹតបន្ដឹង​ខ្លាំងក្លា​បំផុត​។ ករណី​ជើងហោះហើរ​នេះហើយ​ដែល​អាមេរិក​ចោទ​ចិន​ថា​ធ្វេសប្រហែស មិន​បិទ​ឲ្យបាន​ទាន់ពេល​រហូត​ទុកពេ​ល​ឲ្យ​វីរុស​កូវី​ដ​-១៩​អាច​ចម្លង​ទៅ​ជុំវិញ​ពិភពលោក​ដូច្នេះ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត