ធ្លាយ​​​ព័ត៌មាន​​​ថា​​អាមេរិក​​កំពុង​​ពិចារណា​​ផ្ដល់ជំនួយ​​ដល់​WHO​វិញ​

17-05-2020 2:41 pm 292
រូបភាព​ទីស្នាក់ការ​អង្គការ​សុខភាព​ពិភពលោក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​មួយ​បាន​ចុះផ្សាយ​ថា រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កំពុង​ពិចារណា​ពី​ការផ្ដល់​មូលនិធិ​ហិរញ្ញវត្ថុ​ដល់​អង្គការ​សុខភាព​ពិភពលោក​វិញ​(WHO)​។ លោក​បាន​ត្រាំ​បញ្ជា​ឲ្យ​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​ទៅកាន់​អង្គការ​មួយ​នេះ​កាលពី​ខែ​មុន ដោយ​លោក​រិះគន់​ពី​ការដោះស្រាយ​លើ​វិបត្ដិ​កូរ៉ូណា និង​ចោទថា​WHO​លម្អៀង​ទៅខាង​ចិន​។ លោក​ថា​ការឆ្លើយតប​របស់​អង្គការ​ចំពោះ​វីរុស​កូរ៉ូណា​នឹងត្រូវ​ពិនិត្យមើល​ឡើងវិញ​ក្នុងរយៈពេល​២​ទៅ​៣​ខែ​។ 

​សារព័ត៌មាន​FOX News​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បានទទួល​លិខិត​ព្រាង​ដែល​គ្រោង​ដាក់​ទៅ​អង្គការ​សុខភាព​ពិភពលោក​។ តាមរយៈ​លិខិត​នោះ​អាមេរិក​នឹង​ចំណាយ​ប្រហែល​មួយ​ភាគ​ដប់​នៃ​ចំនួន​ពីមុន ឬក៏​ចំណាយ​ប្រហាក់ប្រហែល​នឹង​ការបរិច្ចាក​របស់​ប្រទេស​ចិន​។ លោក​ត្រាំ​បាន​សរសេរ​បង្ហោះ​លើ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃ​សៅរ៍​ដែរថា នេះ​គ្រាន់​ជា​គំនិត​មួយ​ក្នុងចំណោម​គំនិត​ជាច្រើន​ដែល​ត្រូវ​ពិចារណា​។ លោក​បន្ថែមថា​មិនទាន់មាន​សេចក្ដីសម្រេចចិត្ដ​ចុង​ក្រោយ​ណាមួយ​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​។ លោក​ត្រាំ​ថា​អាមេរិក​នឹង​បន្ដ​ទំនាក់ទំនង​ជាមួយ​WHO ប្រសិនបើ​អង្គការ​មួយ​នេះ​អាច​ធ្វើកំណែទម្រង់​ដែល​ល្អប្រសើរ ហើយ​សេត​វិមាន​នឹង​ប្រកាស​ជា​សាធារណៈ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អង្គការ​WHO​ក្នុងពេល​ឆាប់ៗ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត