ចិន​ទទូច​ឲ្យ​អាមេរិ​ក​សងបំណុល​​ដែល​ជំពាក់​​UN​ជាង​​២​ពាន់​​លាន​ដុល្លារ​

17-05-2020 2:17 pm 777

​ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ត្រូវបំពេញ​កាតព្វកិច្ច​របស់​ខ្លួនឲ្យបាន​ពេញ​លេញ ក្នុង​ការបង់ប្រាក់​វិភាគទាន​ទៅឲ្យ​អង្គការសហប្រជាជាតិ​។ ចិន​ក៏​សង្កត់ធ្ងន់​លើ​អាមេរិក​ផងដែរ ដែល​ចិន​ថា​អាមេរិក​នៅ​ជំពាក់​អង្គការ​រហូតដល់​ជាង​២​ពាន់​លាន​ដុល្លារ​។ 

​សេចក្ដីថ្លែងការណ៍​ចិន​ដកស្រង់​ទិន្នន័យ​ពី​ការិយាល័យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ពី​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយថា គិត​ត្រឹម​ថ្ងៃទី​១៤​ឧសភា​ចំនួន​ទឹកប្រាក់​ដែល​មិនទាន់បាន​បង់​មាន​ចំនួន​១.៦៣​ពាន់​លាន​ដុល្លារ ជា​ប្រាក់​ត្រូវ​បង់​ជា​ទៀងទាត់​និង​ប្រាក់​សម្រាប់​បេសកកម្ម​រក្សា​សន្ដិភាព​។ ដោយឡែក​ប្រាក់​មិនទាន់​បង់​សរុប​២.១៤​ពាន់​លាន​ដុល្លារ​ផ្សង​ទៀត ជា​ប្រាក់​ដែល​រដ្ឋ​ជា​សមាជិក​ត្រូវ​បង់​រៀងៗ​ខ្លួន ដែល​ចំនួន​នេះ​រួមបញ្ចូល​បំណុល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ផងដែរ ហើយ​អាមេរិក​គឺជា​អ្នក​ជំពាក់​ច្រើនជាងគេ​សរុប​ទាំងអស់​ជាង​២​ពាន់​លាន​ដុល្លារ​។​

​អាមេរិក​គឺជា​អ្នក​បរិច្ចាក​ថវិកា​ដ៏​ធំ​បំផុត​ទៅដល់​អង្គការសហប្រជាជាតិ គឺ​២២​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ ស្មើនឹង​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​។ គិតពី​ទឹកប្រាក់​សម្រាប់​ប្រតិ​ប​ត្ដិ​ការរក្សាសន្ដិភាព​វិញ​អាមេរិក​មានចំណែក​២៥​ភាគរយ ស្មើនឹង​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ជា​ផ្លូវការ​មានន័យថា​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ចំណាយ​២៧.៨៩​ភាគរយ​នៃ​កញ្ចប់​ថវិការ​រក្សា​សន្ដិភាព ប៉ុន្ដែ​សេចក្ដីសម្រេច​ធ្វើឡើង​ដោយ​សភា​អាមេរិក រួម​នឹង​ការ​អនុវត្ដ​ដោយ​ប្រធានាធិបតី​ដូណាល់ ត្រាំ​ក្នុង​ឆ្នាំ​២០១៧ បាន​កាត់បន្ថយ​ការទូទាត់​នោះមក​ត្រឹម​២៥​ភាគរយ មានន័យថា​ប្រាក់​ត្រូវ​បង់​ប្រចាំឆ្នាំ​ឲ្យ​អង្គការ​សហ​ប្រជាជា​តិតិ​ចជាង​មុន​២០០​លាន​ដុល្លារ​។​

​ចំពោះ​អ្វីដែ​ចិន​បាន​លើកឡើងនេះ មន្ដ្រី​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ច្រានចោល និង​ចាត់ទុកជា​ការព្យាយាម​បង្វែរ​ការចាប់អារម្មណ៍​ពី​វិបត្ដិកូ​វីដ​-១៩ ដែល​ចិន​គ្រប់គ្រង​មិន​បានល្អ​ហើយ​អាចមាន​ចេតនា​ផ្សេងទៀត​។ អាមេរិក​ថា​អាមេរិក​ទើបតែ​បាន​ចំណាយ​ប្រាក់​ថ្មីៗ​នេះ​ប្រមាណ​៧២៦​លាន​ដុល្លារ​ចូលក្នុង​កញ្ចប់​ថវិកា​រក្សាសន្ដិភាព ហើយ​ការចំណាយ​ផ្សេងទៀត​នឹង​ធ្វើឡើង​នៅ​ចុង​ឆ្នាំនេះ​។​

​ការបង់​វិភាគទាន​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​សម្រាប់​ការថែរក្សា​សន្ដិភាព បាន​ប៉ះពាល់​ដោយផ្ទាល់​ទៅលើ​សំណង​ដែល​អង្គការសហប្រជាជាតិ ត្រូវ​ផ្ដល់ជូន​ប្រទេស​បាន​បញ្ចូន​កងទ័ព​ទៅ​បំពេញបេសកកម្ម​ទូទាំង​ពិភពលោក​។ នៅក្នុង​របាយការណ៍​ចេញ​កាលពី​ថ្ងៃទី​១១​ឧសភា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា អាច​នឹងមាន​ការពន្យា​រ​ពេល​បំពេញបេសកកម្ម​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ លើកលែងតែ​មាន​កញ្ចប់​ថវិកា​សមរម្យ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រត្ដិការ​នេះ​ឡើងវិញ​។ 

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រទេស​ប្រមាណ​៥០​នៃ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ទាំង​១៩៣ បានប្រគល់​ប្រាក់​វិភាគទាន​របស់ខ្លួន​ទៅឲ្យ​អង្គការសហប្រជាជាតិ​។ ក្នុងនោះ​មាន​ប្រទេស​ចិន​ជា​អ្នក​បរិច្ចាក​ធំ​បំផុត​ទី​ពីរ​បន្ទាប់ពី​អាមេរិក​ផងដែរ ដោយ​ការបរិច្ចាក​របស់​ចិន​មាន​ប្រមាណ​១២​ភាគរយ​នៃ​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ និង​១៥​ភាគរយ​នៃ​កញ្ចប់​ថវិកា​សម្រាប់​ប្រតិ​ប​ត្ដិ​ការរក្សាសន្ដិភាព​៕

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  ចិនអាមេរិកUNបំណុល

ព័ត៌មានផ្សេងទៀត