តៃវ៉ាន់​ទាត់ចោល​លក្ខខណ្ឌ​ដោះដូរ​នឹង​ការ​ចូលប្រជុំ​ជាមួយ​WHO

16-05-2020 4:45 pm 347

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​តៃវ៉ាន់ បាន​ច្រានចោល​លក្ខខណ្ឌ​ដែល​ចិន​បានដាក់ឲ្យ ជា​ថ្នូរ​នឹង​ការបា​ន​ចូលរួម​កិច្ចប្រជុំ​ដ៏​សំខាន់ ជាមួយ​អង្គការ​សុខភាព​ពិភពលោក ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨​ខែ​ឧសភា​។ លក្ខខណ្ឌ​ដែល​ចិន​ដាក់​ចំពោះ​តៃវ៉ាន់​នោះ គឺ​ត្រូវ​ទទួលស្គាល់ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​។ 

«​គ្មាន​ផ្លូវ​ដែល​តៃវ៉ាន់​ទទួលស្គាល់ថា កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន​ជាដាច់ខាត ហើយ​តៃវ៉ាន់​ក៏​មិន​បោះបង់ចោល​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បាន​ចូលរួម​នៅក្នុង​សន្និបាត​សុខភាព​ពិភពលោក (WHA) ឡើយ បើទោះបីជា​មកទល់ពេលនេះ តៃវ៉ាន់​មិន​ទទួលបាន​លិខិតអញ្ជើញ​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO)​ក៏ដោយ​»​។ នេះ​ជាការ​ថ្លែង​របស់លោក Chen Shih-chung​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​តៃវ៉ាន់ នៅក្នុង​សន្និសីទ​សារព័ត៌មាន​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បញ្ជាក់​ហើយ​ថា បើ​តៃវ៉ាន់​បដិសេធ​មិន​ទទួលស្គាល់ តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន ស្មើនឹង​បោះចោល​ឱកាស ចូលរួម​ក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​។ ដល់​ពេលនោះ​ចិន​មាន​សិទ្ធិ​ពេញលេញ នៅក្នុង​ការធ្វើជា​តំណាង​តៃវ៉ាន់ នៅលើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែ​តៃវ៉ាន់​បាន​ទាត់ចោល​ការលើកឡើង​ដូច្នេះ​ទៀត និង​ថា​មានតែ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​ប្រជាប​ធិបតេយ្យ​ប៉ុណ្ណោះ ដែល​អាចមាន​សិទ្ធិ​និយាយ​តំណាងឲ្យ​ប្រជាជន​តៃវ៉ាន់​ចំនួន​ជាង​២៣​លាន​នាក់​។ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន់​លោក Kelly Hsieh សង្ឃឹមថា អង្គការ​សុខភាព​ពិភពលោក​អាច​ពិចារណា​។​

​អង្គការ​សុខភាព​ពិភពលោក​នឹង​រៀបចំ​សន្និបាត​នៅ​ថ្ងៃទី​១៨​ខែ​ឧសភា ដោយ​នឹងមាន​ការពិភាក្សា​លើ​ចំណុច​ជាច្រើន ហើយក៏​មាន​បញ្ហា​រោគរាតត្បាត​កូរ៉ូ​ណាឬកូវី​ដ​-១៩​ដែរ​។ តៃវ៉ាន់​ដែល​មិនមែនជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក បាន​ទទូច​ចង់​ចូលរួម​នៅក្នុង​សន្និបាត​នេះ ដើម្បី​ចែករំលែក​បទពិសោធន៍ នៃ​ភាពជោគជ័យ​នៅក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​។ យ៉ាងណា​អង្គការ​សុខភាព​ពិភពលោក​លើកឡើងថា ខ្លួន​គ្មាន​កាតព្វកិច្ច​អញ្ជើញ​កោះ​តៃវ៉ាន់​ទេ គឺ​មានតែ​ប្រទេស​ជា​សមាជិក​ប៉ុណ្ណោះ​ដែល​អាច​សម្រេចបាន​។​

​ចិន​បាន​រារាំង​តៃវ៉ាន់​មិនឲ្យ​ចូល​រួមសន្និបាត​សុខភាព​ពិភពលោក ក្នុងនាម​ជា​អ្នកសង្កេតការណ៍ តាំងពី​ក្រោយ​ឆ្នាំ​២០១៦​មក ដោយសារតែ​ប្រធានាធិបតី​ថ្មី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​មាន​និន្នាការ​ប្រឆាំងនិ​ង​ប៉ង​បំបែក​តៃវ៉ាន់​ចេញពី​ចិន​។ ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន មិនមែនជា​រដ្ឋ​មួយ​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​ទេ​។ បើ​តៃវ៉ាន់​ចង់​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​អន្តរជាតិ​ធំៗ លុះត្រាតែ​សុខចិត្ត​ទទួលយក​គំនិត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថា​ភាគី​ទាំងសងខាង​ជា​របស់​ចិន​តែមួយ​៕ ​

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  តៃវ៉ាន់WHOចិន

ព័ត៌មានផ្សេងទៀត