ស្រូវ អង្ករស និងត្រី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យធ្វើការនាំចេញវិញហើយ

16-05-2020 11:18 am 218

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការអនុញ្ញាតឲ្យធ្វើការនាំចេញស្រូវ អង្ករស និងត្រីទៅក្រៅ ប្រទេសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះតទៅ បន្ទាប់ពីប្រកាសបិទការនាំ ចេញដោយផ្អែកលើ តុល្យភាពស្បៀងសម្រាប់តម្រូវការក្នុងប្រទេស បន្ទាប់ពីត្រូវបានផ្អាកការនាំចេញ នាពេលកន្លងមក។ ចំពោះការសម្រេចឲ្យនាំចេញស្រូវ អង្ករស និងត្រីឡើងវិញនេះដែរ ធ្វើឡើងក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្ដ្រី កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

គួរបញ្ជាក់ផងដែរថា ដើម្បីតុល្យភាពស្បៀងសម្រាប់តម្រូវការក្នុងប្រទេស ក្នុងពេលជួបប្រទះវិបត្តិជំងឺ កូវីដ១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបិទការនាំចេញស្រូវ អង្ករស ចាប់ ពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ការដែលហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់តែ អង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឲ្យនាំចេញធម្មតា។ ដោយឡែកកាលពីថ្ងៃ ទី០៤ ខែមេសា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ក៏បានដាក់ចេញវិធានការ ឱ្យក្រសួងពាក់ព័ន្ធហាម ឃាត់ការនាំចេញត្រី ទៅក្រៅប្រទេសផងដែរ ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀង អាហារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕ ដោយ៖ម៉ៅ សុភ័ក្រ្តា 

 

ព័ត៌មានផ្សេងទៀត