ហ្វីលីពីន​​កំពុង​រងគ្រោះ​​ដោយសារ​​ព្យុះ​ទី​ហ្វុង​​បន្ថែម​​លើកូ​វីដ​-១៩

15-05-2020 2:56 pm 413
រូបភាពព្យុះទីហ្វុងបង្កជាភ្លៀងធ្លាក់

​ស្របពេល​កំពុង​រងគ្រោះ​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ពេលនេះ​ហ្វីលីពីន​បាននិងកំពុង​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​បន្ថែមទៀត នោះ​គឺ​ព្យុះ​ទី​ហ្វុង​Vongfong​។ ព្យុះ​នេះ​បាន​វាយប្រហារ​ទៅលើ​កោះ​Samar​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បណ្ដាលឲ្យ​មនុ្ស​រាប់ពាន់​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញពី​លំនៅឋាន​។ តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្ដរាយ​បានឲ្យដឹងថា ព្យុះ​ទី​ហ្វុង​Vongfong​ធ្វើឲ្យ​ពលរដ្ឋ​ស្ថិតនៅក្នុង​តំបន់​រងគ្រោះ​ជម្លៀស​ខ្លួន​យ៉ាងហោចណាស់​ជាង​១៤​ម៉ឺន​នាក់​។ ពួកគេ​ត្រូវបាន​ជម្លៀស​ទៅកាន់​ជម្រក​បណ្ដោះអាសន្ន ប៉ុន្ដែ​ក្នុងពេល​ជម្លៀស​ក៏ត្រូវ​អនុវត្ដ​តាម​វិធានការ​គម្លាត​សង្គម ហើយ​អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​ពួកគេ​ពាក់​ម៉ាស់​ការពារ​ផងដែរ​។ 

​ជម្រក​បណ្ដោះអាសន្ន​នឹង​កាត់បន្ថយ​ចំនួន​មនុស្ស​ស្នាក់នៅ​ពាក់កណ្ដាល ដើម្បី​អនុវត្ដ​តាម​វិធានការ​គម្លាត​សង្គម ហើយ​ក្រុមគ្រួសារ​នី​មួយៗ​នឹងត្រូវ​រៀបចំ​ឲ្យ​ស្នាក់នៅ​ជាមួយគ្នា​។ អាជ្ញាធរ​បានលើកឡើង​ពី​ផល​លំបាក​ក្នុងការ​អនុវត្ដ​វិធានការ​សុវត្ថិភាព​ដើម្បី​ការពារ​វីរុស​កូវី​ដ​-១៩ ព្រោះ​ពលរដ្ឋ​មួយចំនួន​មិន​ពេញចិត្ដ​នឹង​ការ​អនុវត្ដ​ក្នុង​ចន្លោះពេល​ជម្លៀស​ខ្លួន ប៉ុន្ដែ​អាជ្ញាធរ​បាន​បញ្ជាក់ថា​នឹង​ព្យាយាម​ឲ្យអស់​ពី​លទ្ធភាព​។ 

​បញ្ហា​ប្រឈម​មួយទៀត​គឺ​ទីតាំង​សម្រាប់​ប្រើ​ជា​ជម្រក​បណ្ដោះអាសន្ន ត្រូវបាន​យក​ធ្វើជា​ទីតាំង​សម្រាប់​ដាក់​អ្នក​សង្ស័យ​ផ្ទុ​កកូ​វីដ​-១៩​ឲ្យនៅ​ដាច់ដោយឡែក​។ ប៉ុន្ដែ​ជា​រឿង​ល្អ​ដោយសារ​តំបន់​រងគ្រោះ​ពី​ព្យុះ​ទី​ហ្វុង មិនមែនជា​ចំណុចកណ្ដាល​នៃ​ការឆ្លង​រាតត្បាត​វីរុស​កូវី​ដ​-១៩​។​

​គួរ​ជម្រាបជូន​ថា នៅមាន​ប្រជាជន​រាប់លាន​នាក់​ទៀត​ដែល​កំពុង​រស់នៅ​តាម​ទិសដៅ​ដែល​ព្យុះ​ទី​ហ្វុង​Vongfong​កំពុង​បក់បោក​ទៅ ហើយ​មាន​ការព្យាករណ៍​ថា​វា​អាច​នឹង​បក់បោក​ទៅ​ក្បែរ​រដ្ឋធានី​ម៉ានីល​នៅ​យប់​ថ្ងៃ​សុក្រ​ឬ​ព្រឹក​ថ្ងៃ​សៅរ៍ ជា​តំបន់​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​។ ទាក់ទង​នឹង​ករណី​កូវី​ដ​-១៩​វិញ​ពេលនេះ​ហ្វីលីពីន​មាន​មនុស្ស​ឆ្លង​សរុប​ជាង​១​ម៉ឺន​នាក់ ស្លាប់​ជិត​៨០០​នាក់ ជាសះស្បើយ​ជាង​២​ពាន់​នាក់ និង​កំពុង​ព្យាបាល​ជាង​៨​ពាន់​នាក់​៕

ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត