ជំនួយឥតសំណង៦មុខរបស់ចិនបានមកដល់កម្ពុជាជាបន្តបន្ទាប់

15-05-2020 2:46 pm 225

យោងតាមកំណត់ទូតចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ របស់ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា ជំនួយឥតសំណងថ្មីមួយទៀត របស់រដ្ឋាភិបាលនិងប្រជាជនចិនដែលផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានដូចជា៖ កញ្ចប់តេស្តរកកូវីដ១៩ ចំនួន ៥០.០១៦តេស្ត , អាវអ៊ាមគ្រប ចំនួន ៣០.០០០អាវ , ម៉ាស N95 ចំនួន ៣០.០០០សន្លឹក , ម៉ាសវះកាត់ចំនួន ១.៥០០.០០០សន្លឹក , វ៉ែនតាសុវត្ថិភាពចំនួន៣០.០០០, ទែរម៉ូតម៉ែត្រអិនហ្វ្រារ៉េតចំនួន២០០ បានមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែឧសភានេះ។

តាមរយៈសេចក្ដីប្រកាសលោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា ជំនួយថ្មីមួយទៀតនេះ របស់រដ្ឋាភិបាលចិននិងប្រជាជនចិនដែលជាមិត្តដែកថែប សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ថែមទាំងបានបញ្ជាក់កាន់តែច្បាស់ អំពីដំណើរឈានទៅសម្រេចបានការកសាងសហគមន៍វាសនាកម្ពុជា-ចិន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់បន្ថែមថា កម្ពុជា-ចិន បាននិងកំពុងកាន់ដៃគ្នា ស្មាប្រកៀកស្មាឈរយ៉ាងរឹងមាំក្នុងការធ្វើសង្រ្គាម មិនត្រឹមតែប្រយុទ្ធនឹងជំងឺកូវីដ១៩ប៉ុណ្ណោះទេតែដើម្បីបន្តនិរន្តភាពសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏ដូចជាពិភពលោកទាំងមូល៕ ដោយ៖ ស៊ូ សូរិយា

 

ព័ត៌មានផ្សេងទៀត