លោក​ដូណាល់ ត្រាំ​៖​​បើ​អាច​ខ្ញុំ​ចង់​​ផ្ដាច់ទំនាក់ទំនង​​ជាមួយ​ចិន​តែម្ដង​

15-05-2020 10:21 am 1154

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បានបង្ហាញ​ឥរិយាបថ​សោះអង្គើយ​របស់លោក ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ជុំវិញ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ លោក​និយាយថា​លោក​គ្មាន​ការចាប់អារម្មណ៍​ទៅ​ជជែក​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នោះទេ​នាពេលនេះ ហើយ​បើ​អាច​លោក​ចង់​ទាំង​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ក្នុង​លោក​មួយ​នេះ​ទៀតផង​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​Fox Business Network​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រាំ​និយាយថា​លោក​ពិតជា​ខកចិត្ដ​ខ្លាំងណាស់​ជាមួ​យ​ចិន ដែល​បរាជ័យ​ក្នុង​ការទប់ស្កាត់​កូវី​ដ​-១៩ ហើយ​មេ​រោគរាតត្បាត​នេះ​បាន​រាលដាល​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចុះ​កាលពី​ខែមករា​ជាមួយ​ចិន ដែល​លោក​រំពឹងថា​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​។ 

“​ពួកគេ​មិនគួរឲ្យ​រឿងនេះ​កើតឡើង​បានឡើយ​។ ខ្ញុំ​បានធ្វើឲ្យ​សម្រេច​បានកិ​ច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​សំខាន់ ហើយ​ពេលនេះ​វា​មិនមែនជា​អ្វីដែល​ខ្ញុំ​ចង់ឃើញ​សោះ​។ កិច្ចព្រមព្រៀង​បែរជា​ខ្សោះ​ឥតន័យ ហើយ​មេរោគ​រំខាន​ក៏​ចូល​មកដល់ ដូច្នេះ​វា​មិនមែនជា​អារម្មណ៍​ដែល​ខ្ញុំ​ត្រូវការ​ឡើយ​។​” នេះ​ជា​សម្ដី​របស់លោក​ដូណាល់ ត្រាំ​។ ពាក្យសម្ដី​របស់លោក​ត្រាំ​ដូច្នេះ​ហាក់​បង្ហាញឲ្យឃើញពី​អារម្ម​ណ៍​ឈឺចាប់​ជាមួយ​លោកស៊ី ដែល​កន្លងមក​លោក​ត្រាំ​តែង​និយាយ​ពេញៗ​មាត់​ម្ដង​ហើយ​ម្ដង​ទៀតថា​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។ លោក​ត្រាំ​សង្កត់ធ្ងន់​ទៀតថា នៅពេលនេះ​លោក​មិន​ចង់​និយាយ​ជាមួយ​លោក​ស៊ី ជីន​ពីង​ទេ​។​

​លោក​ដូណាល់ ត្រាំ​ធ្លាប់បាន​ចោទប្រកាន់​ទីក្រុង​ប៉េកាំង​ថា​បរាជ័យ​ក្នុង​ការប្រកាស​អាសន្នឲ្យ​ពិភពលោក​បានដឹង​ពី​កូវី​ដ​-១៩ និង​ចោទថា​ជា​ប្រភព​នៃ​ការផ្ទុះ​ឡើង​វីរុស​នេះ បង្ក​ជា​វិបត្ដិ​សេដ្ឋកិច្ច​សកលលោក​និង​គំរាមកំហែង​ដល់​ឱកាស​ដែល​លោក​អាច​ឈ្នះ​ការបោះឆ្នោត​ម្ដងទៀត​។ អាមេរិក​ផ្ទាល់​បច្ចុប្បន្ន​បាន​ក្លាយជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ដោយសារកូ​វីដ​-១៩ គឺមាន​មនុស្ស​ឆ្លង​ជាង​១​លាន​នាក់ ស្លាប់​ជាង​៨៦,០០០​នាក់​។​

​ជា​ការឆ្លើយតប​ប្រទេស​ចិន​បាន​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់​របស់លោក​ត្រាំ និង​ច្រានចោល​ករណី​ថា​វីរុស​កូវី​ដ​-១៩​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​ផងដែរ​។ ចិន​ក៏​រិះគន់​ខ្លាំងៗ​ដល់​បណ្ដាញសារព័ត៌មាន​អាមេរិក​មួយចំនួន​ដែល​ចុះផ្សាយ​ព័ត៌មាន​ទាក់ទង​ករណីនេះ ថា​ជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ ប្រទេស​ចិន​បាន​ស្នើសុំ​ឲ្យមាន​តម្លាភាព​សម្រាប់ខ្លួន ហើយ​មិន​ព្រម​ទទួលយក​ការចោទប្រកាន់​ដោយ​គ្មាន​ហេតុផល​ដាច់ខាត​៕

ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត