WHO៖​កូវី​ដ​១៩​ប្រហែល​មិន​ទៅណា​ឡើយ​ហើយ​ត្រូវ​រៀន​រស់​ជាមួយ​វីរុស​នេះ​

14-05-2020 5:14 pm 241

​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់ ថា​WHO​បានចេញ​ការព្រមាន​ថ្មី​ថា វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ នឹងមិន​ផុតរលត់​ទាំងស្រុង​ចេញពី​ផែនដី​នេះឡើយ ហើយ​មនុស្សម្នា​ទាំងអស់​នៅលើ​ពិភពលោក​យើង​នេះ នឹងត្រូវ​រៀន​រស់នៅ​ជាមួយ​វីរុស​នេះ ក្នុង​រយៈពេល​យូរ​មិនអាច​កំណត់​បាន​។  

​ចាប់តាំងពី​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាន​ផ្ទុះឡើង​រយៈពេល​ជិត​កន្លះ​ឆ្នាំ ប្រទេស​ទាំង​ធំ​ទាំង​តូច​នៅលើ​ពិភពលោក បាននាំគ្នា​ដាក់ចេញ​វិធានការ​ស្រដៀង​គ្នា​យ៉ាង​ព្រោងព្រាត តាមរយៈ​ការបិទ​ប្រទេស ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​។ នៅក្នុង​នោះ​មនុស្ស​ជាង​ពាក់កណ្តាល​លើ​ភពផែនដី បានរស់នៅ​ស្ថិតក្រោម​សម្ពាធ​ដែល​មិន​ធ្លាប់​ជួបប្រទះ នៅក្នុង​សម័យ​ទំនើប​។ មកទល់ពេលនេះ ប្រទេស​មួយចំនួន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​បណ្តើរៗ​។ ករណី​ស្លាប់​និង​ឆ្លង​ធ្លាក់ចុះ ជា​ចំណុច​ចម្បង​មួយ​ដែល​បង្ហាញថា ដល់ពេល​ហើយ​ដែល​គេ​ត្រូវ​បើក​ប្រទេស​ឡើងវិញ​។ 

​បើតាម​មតិ​ខ្លះ​លើកឡើងថា បើទោះបីជា​គេ​បន្ត​ចាក់សោរ​ប្រទេស ក៏​មិនអាច​កម្ចាត់​វីរុស​ដ៏​កាច​សាហាវ​នេះ​បាន​ទាំងស្រុង​ដែរ ហើយ​ថែមទាំង​ធ្វើឲ្យមាន​ផលប៉ះពាល់​អាក្រក់​ថែមទៀត​។ ធ្លាក់​ក្នុង​សភាព​កាន់តែ​អាក្រក់ ព្រោះ​បើ​បន្ត​ចាក់សោរ​ប្រទេស​រយៈពេល​យូរ ជាមួយនឹង​ការចំណាយ​នៅក្នុង​ការ​ទប់ទល់​ជាមួយ​វីរុស ដែល​មិនដឹងថា​បាត់​ទៅវិញ​ពេលណា ធ្វើឲ្យ​គេ​ពិបាក​វាយតម្លៃពី​ទំហំ​ផលប៉ះពាល់​ណាស់​។ «​មិន​ថា​បន្ត​ចាក់សោរ​ប្រទេស​ឬ​ដោះ​សោរ​វិញ គឺ​សុទ្ធតែ​ប្រកបទៅដោយ​ភាពគ្រោះថ្នាក់​ដូចគ្នា​»​។ នេះ​បើតាម​ការលើកឡើង ពី​អ្នកជំនាញ​ខាង​រោគ​ឆ្លង​នៃ​ប្រទេស​អៀរ​ឡង់​។​

​លោក​Michael Ryan​ប្រធាន​ប្រតិបត្តិ​កម្មវិធី​សង្គ្រោះបន្ទាន់ នៃ​អង្គការ​សុខភាព​ពិភពលោក ថ្លែង​នៅក្នុង​វីដេអូ​ខន​ហ្វឺ​រ៉ែន​ថា វីរុស​ប្រភេទ​ថ្មី​ដែល​ងាយ​ជ្រៀតចូល​ទៅ​រស់នៅក្នុង​ខ្លួន​មនុស្ស​លើកដំបូង ធ្វើឲ្យ​ពិបា​កស្មាន​ណាស់ថា នឹង​អាច​យកឈ្នះ​លើ​វា​បាន​នៅពេលណា​។ វីរុស​នេះ​អាច​ក្លាយជា​វីរុស​ឆ្លង​ផ្សេងទៀត​នៅក្នុង​សហគមន៍ ហើយ​ប្រហែលជា​មិន​បាត់​ទៅណា​ឡើយ ដោយ​នៅតែ​វិលវល់​នៅក្នុង​ពិភពលោក​យើង​នេះ​។ ដូច្នេះ មានតែ​ការ​សម្រប​ខ្លួន​និង​រៀន​រស់នៅ​ជាមួយ​វីរុស​នេះ​នៅក្នុង​រយៈពេល​យូរ អមដោយ​ការប្រុងប្រយ័ត្ន និង​ពង្រឹង​អនាម័យ​គ្រប់ពេលវេលា​។ លោក​Michael Ryan បាន​លើក​ឧទាហរណ៍​ពី​មេរោគ​អេដស៍​ឬ​HIV​ថា មកទល់​បច្ចុប្បន្ន​វា​នៅតែ​មិន​ផុតរលត់​ទៅណា ហើយក៏​គ្មាន​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំង​ការពារ​បានដែរ គឺ​មានតែ​ថ្នាំ​ពន្យារ​ប៉ុណ្ណោះ​។ ដើម្បី​កុំឲ្យ​ឆ្លង​មេរោ​គនេះ ត្រូវអនុវត្ត​វិធី​បង្ការ​ដែល​បាន​ណែនាំ​។ រីឯ​វិបត្តិ​កូរ៉ូ​ណានេះ​វិញ​លោក​Michael Ryan​ថា ប្រទេស​នានា​ត្រូវតែ​បន្តដំណើរ​ទៅមុខ​ជាមួយគ្នា លើផ្លូវ​ដ៏​វែងឆ្ងាយ​នៅ​ក្នុងស្ថានភាព​ដ៏​លំបាក ដើម្បី​ទាញ​ស្ថានការណ៍​ឲ្យ​ត្រឡប់មក​ដូចដើម​វិញ​នៅ​ថ្ងៃ​ណាមួយ​។ 

​ក្តីរំពឹង​តែមួយគត់​ដែល​អាចក​ម្ចាត់​មេរោគ​កូរ៉ូ​ណាបាន គឺ​មានតែ​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំង​ការពារ ដែលមាន​ប្រសិទ្ធភាព​។ តាម​ការសន្និដ្ឋាន​ពី​អ្នកជំនាញ​កន្លងមក គេ​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​ជាង​១​ឆ្នាំ ដើម្បី​ស្រាវជ្រាវ ផលិត ពិសោធន៍ មុន​សម្រេច​ថា​អាច​ប្រើប្រាស់​បាន​ឬក៏​អត់​។ បើ​រក​ថ្នាំ​ឬ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​បាន​ហើយ នៅ​ចំណាយពេល​យូរ​ទៅមុខទៀត ដើម្បី​ផលិត​បរិមាណ​ថ្នាំ​ឲ្យបាន​ច្រើន​គ្រប់គ្រាន់ ដើម្បី​ចែករំលែក​ដាក់ឲ្យ​ប្រើប្រាស់​ឲ្យបាន​ស្មើភាព​គ្នា​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វីរុសកូរ៉ូណាWHO

ព័ត៌មានផ្សេងទៀត