ស្ថាប័នស្រាវជ្រាវកូវីដ-១៩អាមេរិក ប្រឈមនឹងហានិភ័យ ដោយសារតែក្រុមព័ត៌មានវិទ្យា ស្ថិតក្រោមការបង្គាប់បញ្ជារបស់ចិន បានចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ឬFBI និងទីភ្នាក់ងារសន្តិសុខនិងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ឬCISA ព្រមានកាលពីថ្ងៃពុធថា ក្រុមអ្នកលេងអ៊ីនធឺណែត ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិននិងអ្នកដទៃទៀត បានព្យាយាមចូលលួចទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិបញ្ញាដ៏មានតម្លៃ និងទិន្នន័យសុខភាពសាធារណៈទាក់ទងទៅនឹងវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្តពីបណ្តាញនិងបុគ្គលដែលពាក់ព័ន្ធជាមួយការស្រាវជ្រាវទាក់ទងនឹងកូវីដ-១៩។ បញ្ហានេះបានគំរាមកំហែងយ៉ាងខ្លាំង ដល់ប្រជាជាតិអាមេរិកក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។ ប៉ុន្តែស្ថាប័នទាំងពីរមិនបានផ្តល់ភស្តុតាង ដើម្បីគាំទ្រការចោទប្រកាន់ទេ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ចិនធ្លាប់បដិសេធម្តងរួចមកហើយ ក្រោយអាមេរិកប្រកាសថាក្រុមសង្គមងងឹតឬ hackers ចិន បានចូលលុកលុយទិន្នន័យនានាពាក់ព័ន្ធនឹងកូវីដ-១៩របស់ខ្លួននៅដើមសប្តាហ៍នេះ។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian និយាយថា ចិនកំពុងចូលរួមដឹកនាំពិភពលោក ក្នុងការស្រាវជ្រាវលើការព្យាបាលនិងវ៉ាក់សាំងការពារកូវីដ-១៩។ លោកZhao Lijian រិះគន់អាមេរិកថា ជារឿងអសីលធម៌ក្នុងការដាក់គំនាបលើចិន ដោយពោលពាក្យចចាមអារាមមិនពិត និងការនិយាយបង្កាច់បង្ខូច ដោយគ្មានភស្តុតាងបែបនេះ។
ដំណឹងពីការប៉ុនប៉ងលួចទិន្នន័យពីការស្រាវជ្រាវកូវីដ-១៩របស់អាមេរិក បានកើតឡើងអំឡុងពេលក្រុមហ៊ុន វិទ្យាស្ថាននិងប្រទេសជាច្រើនជុំវិញពិភពលោក កំពុងប្រណាំងប្រជែងគ្នា រកនិងបង្កើតថ្នាំនិងវ៉ាក់សាំង ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា។ តែមកទល់ពេលនេះ មិនទាន់មានថ្នាំនិងវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងពិភពលោកនៅឡើយទេ។
បើតាមអ្នកជំនាញជាច្រើនអះអាងថា គេត្រូវចំណាយពេលជាង១ឆ្នាំ ទើបអាចរកវ៉ាក់សាំងមួយពិតប្រាកដបាន។ បើរកបានហើយ គេត្រូវចំណាយពេលកាន់តែយូរជាងនេះទៀត ដើម្បីផលិតវ៉ាក់សាំងឲ្យបានច្រើន សម្រាប់ផ្គត់ផ្គង់តម្រូវការមនុស្សមួយភាគធំនៅលើពិភពលោក ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត។ វ៉ាក់សាំងដែលមានប្រសិទ្ធិភាពមួយ នឹងជួយរំដោះប្រទេសដែលរងផលប៉ះពាល់ចេញពីវិបត្តិ ដោយអនុញ្ញាតឲ្យប្រទេសនានា បើកដំណើរការឡើងវិញបានយ៉ាងពេញលេញ ហើយអ្នកដែលរកឃើញវ៉ាក់សាំងមានប្រសិទ្ធភាពមុនគេ អាចរកចំណូលបានរាប់លានដុល្លារ៕ ដោយ៖អ៊ុន សុខឡា