(....​រឹតបន្តឹង​ច្បាប់​និង​បង្កើន​ប្រាក់​ពិន័យ​មិនមែន​រក​ប្រាក់ចំណេញ តែ​ដើម្បី​សុវត្ថិភាព​..)

13-05-2020 5:08 pm 707

​លោកស្រី មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើកឡើង​នៅ ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០​ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការបង្កើន​ប្រាក់​ផាកពិន័យ​នេះ គឺ​មិនមែន​មាន​បំណង​រកប្រាក់​ចំណេញ​ទេ ប៉ុន្ដែ​ចង់ឃើញ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ​ទទួល​បាន សុខ​សុវត្ថិភាព គ្មាន​គ្រោះថ្នាក់ របួស និង​ស្លាប់ ព្រោះ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​បន្សល់ទុក ពិការភាព ស្ត្រី​មេម៉ាយ ពោះម៉ាយ និង​កុមារកំព្រា ដែល​ធ្វើឱ្យ​គ្រួសារ​ងាយ​ធ្លាក់​ទៅ​ក្នុង​ភាពក្រីក្រ​។​

​ចំពោះ​ការលើកឡើង​ខាងលើ​នេះ​ដែរ លោក​ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​១៣ ខែ​ឧសភា​ថា គឺ​ពិតជា​ល្អ ព្រោះ​ការ​តម្លើង​ប្រាក់​ផាកពិន័យ​នេះ គឺជា​ការ​ដាស់​ស្មារតី​ដល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ពី​ច្បាប់ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ តែ​លោក​ក៏​ស្នើ​សុំឲ្យ​មាន​ការ​ការអ​នុវ​ត្ត​បែងចែក​ដោយ​មើល​ទៅ​តាម​ស្ថានភាព និង​លក្ខណៈសម្បត្តិ​យានយន្ត​ផងដែរ​...

​សំឡេង​លោក​ពេជ្រ ស្រស់​៖

​ទន្ទឹម​នឹង​ការអនុវត្ត​នូវ​ច្បាប់​ចរាចរណ៍​លោក​ពេជ្រ ស្រស់ ក៏​បាន​អំពាវនាវ​ផងដែរ ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បើ​មិន​ចង់ឲ្យ​ប៉ូលិស​ផាកពិន័យ​គួរ​ស្វែងយល់ពី​ច្បាប់​ចរាចរណ៍ និង​ការប្រើប្រាស់​ផ្លូវ ចំណែក​នគរបាល​ចរាច​រណ៍​វិញ​លោក​អំពាវនាវ​សូម​អនុវត្តឲ្យ​បាន​សុក្រឹត្យ កុំ​ពុករលួយ សុំ​ឲ្យ​ស្មោះត្រង់​ចំពោះ​ជាតិ និង​ពលរដ្ឋ និង​ត្រូវ​អនុវត្ត​តាម​ច្បាប់​ដែល​បាន​កំណត់​។​

​ទាក់ទង​នឹង​ចរាចរណ៍​នេះដែរ លោកស្រី​មឹន មាណ​វី ក៏​បាន​បញ្ជាក់បន្ថែម​ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​ទាំង​ផ្លូវលំ និង​ផ្លូវជាតិ ព្រោះ​ថា​គ្រោះថ្នាក់​ចរាចរណ៍​មិន ប្រកា ន់ ថា កើត​មាន​តែ​នៅ​តាម​ផ្លូវជាតិ ឬ​ផ្លូវ​កៅស៊ូ​នោះទេ ហើយ​ប្រតិបត្តិការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២០ ក្រសួង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ជូនដំណឹង​ដល់​សាធារណជន​តាំងពី​ដើម​ឆ្នាំ​មក​ម្ល៉េះ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ត្រៀម​ឯកសារ​ផ្លូវច្បាប់​បាន​គ្រប់គ្រាន់​មុន​ពេល​សមត្ថកិច្ច​ចុះ​ធ្វើ​ប្រតិបត្តិការ និង​អាច​ចៀសផុត ពី​ការពិន័យ​នានា​។​

​ទន្ទឹមនឹងនេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដដែល បាន​បកស្រាយ​យ៉ាងច្បាស់ៗ​ថា ការ​ឆៀករថយន្ត​គឺជា​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ម្ចាស់​យានយន្ត ហើយ​ការ​ឆៀក​នេះ​ទៀតសោត ត្រូវតែ​ធ្វើ​ឡើង​តាម​កាលកំណត់​របស់រ​ថយ​ន្ត​នីមួយៗ មិនមែន​ដល់ពេល​រឹតបន្តឹង​ទើប យក​រថយន្ត​ទៅ​ឆៀក​នោះទេ​។ ការ​មិន​យក​រថយន្ត​ទៅ​ឆៀក មិន ត្រឹម​តែ​គ្រោះ​ថ្នាក់​ចំ​ពោះ​ខ្លួនឯង​នោះទេ ប៉ុន្តែ​វា​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ផងដែរ​។​ចំណែកឯ​ការធ្វើ​បណ្ណ​បើកបរ​វិញ គឺជា​កាតព្វកិច្ច​របស់​អ្នកបើកបរ ព្រោះ​បណ្ណ​បើកបរ​ជា​ភស្តុតាង​បញ្ជាក់​ពី សមត្ថភាព​របស់​អ្នកបើកបរ​តាម​ប្រភេទ​យានយន្ត​នី​មួយៗ​ដែល​កំណត់​ដោយ​ច្បាប់ មិនមែន​ជា​ការ​កៀងគោ​បញ្ចូល​ក្រោល​តាម​ការចោទប្រកាន់​នោះទេ ប៉ុន្តែ​ដើម្បី​សុវត្ថិភាព​រួម​តែប៉ុណ្ណោះ​។​

​សូម​ជម្រាប​ជូន​ថា យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​បានឲ្យដឹង​ថា​រយៈពេល​១២​ថ្ងៃ​មក​នេះ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​១២ ខែ​ឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ផាកពិន័យ​យានយន្ត​ប្រមាណ​ជាង​២​ម៉ឺន​គ្រឿង ដែល​ក្នុងនោះ​មាន​ម៉ូតូ​ជាង​១,៥​ម៉ឺន​គ្រឿង និង​យានយន្ត​ជាង ៥​ពាន់​គ្រឿង​។​

​ជាមួយគ្នានេះដែរ​បើ​តាម​ការបញ្ជាក់​ពី​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការ​រង នគរបាល ជាតិ បាន​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន ស្ដីពី «​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​» នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថា ក្នុងចំណោម​អំពើ​ល្មើស​ទាំងអស់នេះ​គឺ​រួមមាន​៖​ការមិន​ពាក់មួក​សុវត្ថិភាព​ជាង ៧៩​ភាគរយ​, អត់​ផ្លាកលេខ​១០​ភាគរយ​, ល្មើស​ភ្លើង​សញ្ញា ផ្លាកសញ្ញា​៨​ភាគរយ​, ដឹក​លើស​ចំណុះ និង​ស្រវឹង ២​ភាគរយ​។​ដោយឡែក​ចំពោះ​រថយន្ត​វិញ​គឺ មិន​ពាក់​ខ្សែ​ក្រ​វ៉ាត ៤៨​ភាគរយ​, ល្បឿន ២៦​ភាគរយ​, ល្មើស សញ្ញា ៦​ភាគរយ​, ដឹក​លើ​ចំណុះ ៦​ភាគរយ​, ទូរស័ព្ទ ៦​ភាគរយ​, គ្មាន​បណ្ណ​បើកបរ ៤​ភាគរយ​, អត់​ផ្លាកលេខ និង​ស្រវឹង ៣​ភាគរយ​៕

 ពាក្យគន្លឹះ  ច្បាប់ចរាចរណ៍

ព័ត៌មានផ្សេងទៀត