អ៊ីរ៉ង់​ប្រកាស​​នឹង​ឆ្លើយតប​​យ៉ាង​ចាស់ដៃ​​លើ​សកម្មភាព​​យោធា​​របស់​​អាមេរិក​

13-05-2020 4:55 pm 624

​អគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក​Kazem Jalali បានបញ្ជាក់​ក្នុងពេល​ផ្ដល់​បទ​សម្ភាស​មួយ​ថា អ៊ីរ៉ង់​នឹង​ឆ្លើយតប​យ៉ាង​ស័ក្ដិសម​បំផុត​ចំពោះ​រាល់​សកម្មភាព​យោធា​ណាមួយ ដែល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​មានបំណង​ចង់​ធ្វើ​ដាក់​អ៊ីរ៉ង់​។ លើកឡើង​ដូច្នេះ​លោក​ចង់​សំដៅ​ដល់​ការ​វេតូ​របស់លោក​ត្រាំ លើ​សេចក្ដីសម្រេច​សភា​អាមេរិក​ដើម្បី​កំណត់​ពី​លទ្ធភាព​របស់លោក​ត្រាំ ក្នុង​ការបញ្ជាឲ្យ​ធ្វើ​សកម្មភា​ព​យោធា​។ និយាយ​ឲ្យ​ស្រួល​យល់​ជាង​នេះ​គឺថា លោក​ត្រាំ​មិនអាច​បញ្ជា​ឲ្យធ្វើ​ប្រតិបត្ដិការ​យោធា​ណាមួ​យ​ប្រឆាំង​អ៊ីរ៉ង់​បានឡើយ ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ពី​សភា​អាមេរិក​។​

​តាមរយៈ​បទ​សម្ភាស​លោក​Jalali​អះអាងថា អ្វីដែល​លោក​ត្រាំ​បានធ្វើ​ពាក់ព័ន្ធ​នឹង​ការ​វេតូ​អាចមាន​គោលបំណង​ពីរ​។ ទីមួយ​វា​កើតឡើង​ក្នុង​បរិបទ​មាន​ការខ្វែងគំនិត​គ្នា​រវាង​គណបក្សនយោបាយ​នៅ​អាមេរិក ហើយ​លោក​ត្រាំ​ក៏​ចង់​ធានា​ពី​ការ​ឈ្នះឆ្នោត​ក្នុង​ពេលខាងមុខ​។ ទី​ពី​រលោក​ត្រាំ​វេតូ​ដូច្នេះ​ទំនងជា​ចង់​បង្កើត​ជម្លោះ​យោធា​ជាមួយ​អ៊ីរ៉ង់ ប៉ុន្ដែ​យ៉ាងណាមិញ​អ៊ីរ៉ង់​សង្ឃឹម​លោក​ត្រាំ​នឹងមិន​គិត​ឃើញ​ចំណុច​ទី​ពីរ​។ ផ្ទុយទៅវិញ​ករណី​អាមេរិក​ពិតជា​ចង់​បង្កហេតុ​ដោយ​យោធា អ៊ីរ៉ង់​នឹង​ឆ្លើយតប​វិញ​ឲ្យ​ធ្ងន់​ដៃ​បំផុត​។​

​កាលពី​ថ្ងៃទី​០៧​ខែឧសភា​លោក​ត្រាំ​បាន​វេតូ​លើ​សេចក្ដីសម្រេច ដែល​តម្រូវ​ថា​រាល់​សកម្មភាព​យោធា​ណាមួយ​ប្រឆាំង​អ៊ីរ៉ង់ ត្រូវតែមាន​ការអនុញ្ញាត​ជាក់លាក់​តាមរយៈ​ការប្រកាស​ពី​សង្គ្រាម ឬក៏​ការអនុញ្ញាតឲ្យ​ប្រើប្រាស់​កម្លាំងយោធា​។ ប៉ុន្ដែ​ព្រឹទ្ធសភា​អាមេរិក​មិន​បានទទួល​សំឡេង​ភាគច្រើន ដើម្បី​អាច​លុបចោល​សិទ្ធិ​វេតូ​នេះ​បានឡើយ​។ លោក​ត្រាំ​ក៏បាន​និយាយថា សេចក្ដីសម្រេច​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ការពារ​សហរដ្ឋអាមេរិក​និង​ប្រទេស​សម្ព័ន្ធមិត្ដ ដូច្នេះ​ប្រធានាធិបតី​ត្រូវតែមាន​វិធានការ​យ៉ាង​ឆាប់រហ័ស​ករណី​មាន​សត្រូវ​មក​ប្រឆាំង​។​

​គួររម្លឹកថា កាលពី​ឆ្នាំ​២០១៨​អាមេរិក​បានប្រកាស​ដ​ក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​បាន​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជាថ្មី ធ្វើឲ្យ​ការនាំចេញ​ប្រេង​របស់​ប្រទេស​នេះ​ធ្លាក់​ដល់​កម្រិត​សូន្យ​។ មូលហេតុ​លោក​ត្រាំ​ថា​អ៊ីរ៉ង់​មិនបាន​អនុវត្ដ​តាម​កិច្ចព្រមព្រៀង ដោយ​ឆ្លៀត​បន្ដ​កម្មវិធី​នុយក្លេអ៊ែរ​និង​លួច​ទៅ​គាំទ្រ​ដល់​ក្រុម​ភេរ​វករ​នៅក្នុង​តំបន់​។ ជា​ការឆ្លើយតប​អ៊ីរ៉ង់​បាន​លះបង់​ចោល​ការប្ដេជ្ញាចិត្ដ គឺ​ឈប់​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះ​ជាមួយ​ប្រទេស​មហាអំណាច​៥+១​ក្នុង​ឆ្នាំ​២០១៥៕

​ដោយ​៖​ពេញ ផេង 

ព័ត៌មានផ្សេងទៀត