ទង្វើប្រចាំថ្ងៃ១០ចំណុចបំផ្លាញសុខភាពឲ្យកាន់តែទ្រុឌទ្រោម

13-05-2020 4:42 pm 143
  ស្តាប់
ស្តាប់ជាសំឡេង

សុខភាពល្អ រឹងមាំ មិនងាយឈឺ នរណាៗក៏ប្រាថ្នាចង់បានដូចគ្នាមិនថាក្មេងចាស់ ឬអ្នកមានអ្នកក្រនោះឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ ក្ដីប្រថ្នាមិនមែនចេះតែបានសម្រេចគ្រប់បំណងនោះឡើយ កាន់តែអ្នកមិនសូវចាប់អារម្មណ៍ពីសុខភាពទៅទៀត នោះវាកាន់តែរត់ចេញឆ្ងាយពីអ្នក រហូតចាប់មកវិញលែងបាន។ ក្នុងនោះទម្លាប់រស់នៅប្រចាំថ្ងៃខុសឆ្គងមួយចំនួន ក៏ជាមូលហេតុដែលធ្វើឲ្យសុខភាពរាងកាយអ្នកចុះខ្សោយ និងទ្រុឌទ្រោមផងដែរ។ 

ជាធម្មតា ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ តែងតែមានទម្លាប់ខុសៗគ្នា មិនថាតែពេលអង្គុយ ដេក ដើរ ឬឈនោះទេ។ យ៉ាងណាមិញ បើយោងតាមគេហទំព័រ brightside បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យសុខភាពចេះតែថយចុះទៅៗ ទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ក៏ជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយយ៉ាងធ្ងន់ធ្ងរផងដែរ ដោយមនុស្សភាគច្រើនមិនបានដឹងខ្លួនឡើយ ទើបចេះតែបន្តធ្វើវាជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។ ទម្លាប់ប្រចាំថ្ងៃទាំងនោះ រួមមានដូចខាងក្រោម៖

១ ទម្លាប់អង្គុយគងអន្ទាក់ខ្លា

នេះគឺជាស្តាយ៍ក្នុងការអង្គុយដែលមានការពេញនិយមខ្លាំងបំផុត ពិសេសមនុស្សស្រី។ មានការសិក្សាជាច្រើនបានបញ្ជាក់ថា ការអង្គុយគងអន្ទាក់ខ្លានៅលើកៅអី ឬកន្លែងណាក៏ដោយ មិនបានផ្ដល់ល្អសម្រាប់សុខភាពនោះឡើយ។ វាអាចបណ្តាលឲ្យកើតជំងឺលើសឈាម ហើមសរសៃជើង និងខូចសរសៃប្រសាទ។

២ ទម្លាប់អង្គុយមិនត្រង់ខ្លួន និងអង្គុយយូរៗពេក

ទម្លាប់អង្គុយមិនត្រង់ខ្លួន ដូចជានៅកន្លែងញ៉ាំបាយ និងកន្លែងធ្វើការជាដើម អាចធ្វើឲ្យសរីរាង្គនៅខាងក្នុងរបស់អ្នកដំណើរការមិនប្រក្រតី។ លើសពីនេះ ការអង្គុយយូរពេកក្នុងមួយថ្ងៃៗ ក៏ធ្វើឲ្យគ្រោះថ្នាក់ថ្នាក់ខ្លាំងដល់សុខភាព ទោះបីអ្នកហាត់ប្រាណហើយក៏ដោយ។ ដូចច្នេះ អ្នកអាចកាត់បន្ថយការអង្គុយយូរ មកត្រឹមតិចជាង៣ម៉ោងក្នុង១ថ្ងៃ នោះវាអាចបង្កើនអត្រាសង្ឃឹមរស់ឲ្យអ្នកវិញ ដល់ទៅ២ឆ្នាំ។

៣ គេងផ្អៀងមកខាងស្តាំ

ការគេងផ្អៀងមកខាងស្តាំ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារយ៉ាងខ្លាំង។ សរីរាង្គមួយចំនួនអាចដំណើរការខុសធម្មតា ដែលធ្វើឲ្យក្រពេញកូនកណ្តុរ មិនអាចគ្រប់គ្រងជាតិពុលក្នុងរាងកាយបាន ហើយទីបំផុត អ្នកនឹងកើតជំងឺជាច្រើនដោយមិនដឹងខ្លួន៕

៤ គេងច្រើនពេក

គេងតិចពេកអាចបំផ្លាញសុខភាព ចំណែកគេងច្រើនពេកក៏អាចបំផ្លាញសុខភាពដូចគ្នា។ តាមការស្រាវជ្រាវ អ្នកដែលទទួលទានដំណេកច្រើនជាង៩ម៉ោងក្នុង១យប់ ប្រឈមនឹងការកើតជម្ងឺបេះដូងដល់ទៅ៤១% ច្រើនជាងអ្នកដែលគេងពី៧ម៉ោងទៅ៨ម៉ោង។

៥ ផឹកទឹកច្រើនពេក

មនុស្សភាគច្រើន តែងតែយល់ថា ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព ប៉ុន្តែការសិក្សាបានអះអាងថា មនុស្សម្នាក់ៗមានតម្រូវការផឹកទឹកខុសៗគ្នា អាស្រ័យទៅតាមការបញ្ចេញកម្លាំងពលកម្មប្រចាំថ្ងៃ។ ដូច្នេះ ប្រសិនបើអ្នកមិនមានអារម្មណ៍ស្រេកទឹកទេ កុំព្យាយាមបង្ខំខ្លួនឯង ព្រោះវាអាចបង្កបញ្ហាដល់សុខភាពទៅវិញ។

៦ ពាក់វែនតាដែលមានគុណភាពអន់

ដើម្បីសន្សំសំចៃប្រាក់ មនុស្សភាគច្រើននិយមប្រើវែនតាការពារពន្លឺថ្ងៃ ដែលមានតម្លៃថោក ដោយមិនដឹងថា វាមិនអាចការពារភ្នែករបស់អ្នកពីកាំរស្មើ UV ឬអត់ ថែមទាំងអាចបណ្តាលឲ្យរលាកភ្នែក ភ្នែកឡើងបាយ ហើយបើកាន់តែធ្ងន់ធ្ងរ គឺឈានទៅដល់ការកើតមហារីកតែម្តង។

៧ ទម្លាប់ស្អំទឹកក្តៅលើក្បាលពោះ

មនុស្សមួយចំនួនជាពិសេស មនុស្សវ័យចំណាស់និយមយកទឹកក្តៅច្រកដប ឬទឹកកកច្រកថង់ ទៅស្អំក្បាលពោះ ដើម្បីបំបាត់ការឈឺចាប់។ ប៉ុន្តែទម្លាប់នេះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ដោយមិនដឹងខ្លួន ដូចជាការហូរឈាម រលាកខ្នែងពោះវៀន និងរលាកលំពែងជាដើម។ ជាពិសេស បើអ្នកនៅតែបន្តធ្វើរបៀបនេះ យូរៗទៅអាចបង្កទៅជាជំងឺមហារីក។

៨ សម្លឹងមើលអេក្រង់យូរពេក ការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការចំណាយពេលច្រើនជាង៤ម៉ោងក្នុង១ថ្ងៃ នៅមុខអេក្រង់ដូចជា មើលទូរទស្សន៍ និង លេងអ៊ីនធើណែត អាចបង្កើនហានិភ័យជម្ងឺបេះដូង និង ដាច់សសៃឈាមខួរក្បាលដល់ទៅ ១៣%។ មួយវិញទៀត បើកាត់បន្ថយការសម្លឹងមើលអេក្រង់ឲ្យតិចជាង២ម៉ោងក្នុង១ថ្ងៃ អាចបង្កើនអាយុសង្ឃឹមរស់ដល់ទៅ១,៤ភាគរយ។

៩ មិនចូលរួមក្នុងសង្គម

ស្ដាប់ទៅអាចនឹងអស់សំណើច ប៉ុន្ដែការផ្ដាច់ខ្លួនពីសង្គម និងភាពឯកា មិនខុសពីបញ្ហាស្រ្តេសទេ។ តាមការស្រាវជ្រាវ បុគ្គលដែលគិតថាខ្លួនជាមនុស្សមានតម្លៃក្នុងចំណោមមិត្តភក្ដិនិងគ្រួសារ អាចរស់នៅបានយូរ ជាងបុគ្គលដែលគិតថាខ្លួនគ្មានតម្លៃសោះ មិនចង់ចេញទៅជួបនរណា។

១០ គ្រប់គ្រងរបបអាហារមិនបានល្អ និងញ៉ាំអាហារលឿនៗពេក

ការបរិភោគគ្រឿងកំប៉ុង សាច់ក្រហមច្រើនពេក និងទទួលទានបន្លែផ្លែឈើស្រស់មិនគ្រប់គ្រាន់ ធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់។ បន្ថែមលើនេះ ការសិក្សាជាច្រើនបានបង្ហាញថាការញ៉ាំ និងទំពារអាហារលឿនពេក អាចនាំឱ្យមានបញ្ហាសុខភាពជាច្រើន ពិសេសអាចបណ្តាលឱ្យឡើងទម្ងន់ក្នុងអត្រាមួយយ៉ាងលឿន ហើយថែមទាំងអាចបង្កើនហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាល៕

ដូចច្នេះហើយ ដើម្បីរក្សាសុខភាពឲ្យរឹងមាំបានយូរអង្វែង អ្នកគួរផ្លាស់ប្ដូរទម្លាប់ទាំងនេះចោលឲ្យអស់ សម្លឹងយកចិត្តទុកដាក់មើលថែសុខភាពខ្លួនឯង មិនថាការញុំាអាហារ ឬទង្វើរប្រចាំថ្ងៃរបស់ខ្លូនឲ្យបានដិតដល់ជាងនេះ នោះសុខភាពរបស់អ្នកនឹងកាន់តែល្អប្រសើរឡើង៕ 

ព័ត៌មានផ្សេងទៀត