ការជួបជុំ​សេព​គ្រឿង​ស្រវឹង​ក្លាយជា​ក្តីបារម្ភ​នៃ​ការផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូវី​ដ​១៩​រលក​ទី​២

13-05-2020 3:34 pm 128

​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា បញ្ហា​កូវី​ដ​-១៩​នៅ​កម្ពុជា​ស្ថិតនៅ​ភ្លើងស្ដុប​ពណ៌​លឿង​នៅឡើយ​ដោយកូវី​ដ​-១៩​មិនទាន់​ផុតរលត់​ពី​ប្រទេស​កម្ពុជា​នោះទេ​។ ហេតុដូចនេះ​ទាំង​ក្រសួងសុខាភិបាល​និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា  នៅតែ​បន្ត​អំពាវនាវ​ឲ្យមាន​ការប្រុងប្រយ័ត្ន​និង​រក្សា​អនាម័យ​ឲ្យបាន​ខ្ពស់​ដើម្បី​ចៀសវាង​ការឆ្លង​នៃ​វីរុស​កូវី​ដ​-១៩​។ 

​ជាមួយគ្នានេះ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ហៅ​កាត់​ថា​CMH បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ​ភាគច្រើន​ចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​ទទួលទាន​គ្រឿង​ស្រវឹង​សប្បាយ​ជា​ហូរហែរ​។ ការជួបជុំ​ប្រកបដោយ​ភាពស្និទ្ធស្នាល មិនបាន​លាងដៃ​ជាមួយ​អាល់កុល​ឬ​សាប៊ូ មិនបាន​ពាក់​ម៉ាស់ មិនបាន​រក្សា​គម្លាត ក្នុងអំឡុងពេល​សេព​គ្រឿង​ស្រវឹង​ជាដើម ជា​កត្តា​ប្រឈម​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ព្រោះ​យើង​មិនអាច​ដឹងថា​នរណា​មាន​ផ្ទុក​វីរុស​នេះ​ទេ​។ 

​លើសពីនេះ​ទៀត អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ហើយ​ថា “ ការសេព​គ្រឿង​ស្រវឹង​នឹង​ធ្វើឲ្យ​ចុះខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​និង​កាត់បន្ថយ​សមត្ថភាព​ទប់ទល់​នឹង​ជំងឺឆ្លង​ជាច្រើន​។​” អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បានស្នើ​រដ្ឋាភិបាល​ដាក់បទបញ្ជា ហាម​លក់​គ្រឿង​ស្រវឹង​មួយរយៈ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ក្នុង​សហគមន៍​។​

​គួរ​ជម្រាបជូន​ដែរថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣​ខែឧសភា​នេះ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​កម្ពុជា ស្ថិតនៅ​ថេរ​ចំនួន​១២២​នាក់​ដដែល ហើយ​ករណី​ព្យាបាល​ជាសះស្បើយ​វិញ​នៅ​ថេរ​ចំនួន​១២១​នាក់ ដែល​ធ្វើឲ្យ​កម្ពុជា​នៅសល់​អ្នកជំងឺ​កូវី​ដ​-១៩​កំពុង​សម្រាក​ព្យាបាល​តែ​ម្នាក់​ប៉ុណ្ណោះ​។ ដោយឡែក បើ​ក្រឡេក​ទៅ​មើល​តួលេខ​សរុប​ក្នុង​ពិភពលោក​វិញ គិត​ត្រឹម​ម៉ោង​៩ ព្រឹក​ថ្ងៃទី ១៣ ខែ​ឧសភា ឆ្នាំ ២០២០ ចំនួន​អ្នក​ស្លាប់មាន​២៩២,៨១៦​នាក់ ឆ្លង​៤,៣៤០,០៥៨​នាក់ និង​ជាសះស្បើយ​១ ៦០២, ១៥៥​នាក់​។ គួរបញ្ជាក់​ផងដែ​រថា មកទល់ពេលនេះ មិនទាន់មាន​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូវី​ដ​-១៩​នៅឡើយ​ទេ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  វីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត