កូវី​ដ​-១៩៖​​អ្នកជំនាញ​​អាមេរិក​​ព្រមាន​ពី​ការ​​ឆាប់​បើក​​ប្រទេស​​ឡើងវិញ​ពេក​

13-05-2020 11:44 am 174

​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺឆ្លង​របស់​អាមេរិក បានចេញ​ការព្រមាន​ដល់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ចំពោះ​ការ​ឆាប់​បើក​ប្រទេស​ឡើងវិញ​ពេក​អាច​នឹង​ធ្វើឲ្យ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ឆ្លង​រាលដាល​កាន់តែខ្លាំង​។ លោក​វេជ្ជបណ្ឌិត​Anthony Fauci​គូសបញ្ជាក់ថា ការ​ឆាប់​ដកចេញ​ពេក​នូវ​វិធានការរឹ​ត្បិត​លើ​អាជីវកម្ម​និង​ការរស់នៅ​ប្រចាំថ្ងៃ អាច​យក​ជីវិត​មនុស្ស​ទៅ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩​។ ម្យ៉ាងវិញទៀត​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ការស្ដារ​សេដ្ឋកិច្ច​អាមេរិក​ឡើងវិញ​ផងដែរ​។​

​លោក​Fauci​សរសេរ​សារ​ផ្ញើ​តាម​អ៊ីមែល​ទៅកាន់​សារព័ត៌មាន​New York Times​ថា ប្រសិនបើ​រំលង​ចោល​ការត្រួតពិនិត្យ នោះ​វា​ដូចជា​ការ​ប្រថុយ​នឹង​គ្រោះថ្នាក់​នៃ​ការផ្ទុះ​ឡើង​ជាច្រើន​ករណី​ទូទាំងប្រទេស​។ វា​មិន​ត្រឹមតែ​បង្ក​ការឈឺចាប់​និង​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ប៉ុណ្ណោះទេ ប៉ុន្ដែ​នឹង​ប៉ះពាល់​ក្នុង​ការធ្វើឲ្យ​ប្រទេ​ស​វិល​ទៅរក​សភា​ពដើម​វិញ​។ សារ​របស់លោក​Fauci​បន្ទាប់ពី​លោក​ត្រាំ​បាន​ប្ដេជ្ញា​នឹង​ស្ដារ​ឲ្យ​សេដ្ឋកិច្ច​ងើប​ឡើងវិញ​។ លោក​Fauci​និយាយថា​ចំនួន​មនុស្ស​ស្លាប់​នៅ​អាមេរិក អាច​ខ្ពស់ជាង​តួលេខ​ផ្លូវការ​ដែល​បង្ហាញ​ត្រឹម​ជាង​៨​ម៉ឺន​នាក់​នេះ​។​

​គួរ​ជម្រាបជូន​ថា អ្វីដែល​លោក​វេជ្ជបណ្ឌិត​Anthony Fauci​ព្រមាន គឺ​លោក​ចង់​សំដៅ​ដល់​ផែនការ​បើក​ប្រទេស​អាមេរិក​ឡើងវិញ ដែល​សេត​វិមាន​បានរៀបចំ​ផែនការ​នេះ​រួចរាល់​ហើយ ក្នុងនោះ​រាប់បញ្ចូល​ផែនការ​បើក​ប្រទេស​រយៈពេល​១៤​ថ្ងៃ​បី​ដំណាក់កាល​។ រដ្ឋ​មួយចំនួន​កំពុង​ជំរុញ​ឲ្យ​ពិចារណា​ការបើក​សាលារៀន​និង​អាជីវកម្ម​ឡើងវិញ ខណៈ​នៅតាម​បណ្ដា​រដ្ឋ​ខ្លះ​ក៏បាន​ចាប់ផ្ដើម​អាជីវកម្ម​ឡើងវិញ​ហើយ​។ យ៉ាងណាមិញ​អត្រា​ឆ្លងកូវី​ដ​-១៩​នៅក្នុង​រដ្ឋ​ទាំងនោះ កំពុង​កើនឡើង​មិនបាន​ធ្លាក់ចុះ​ទេ​។​

​កត្ដា​នេះហើយ​ទើប​លោក​Fauci​ព្រួយបារម្ភ និង​សម្រេច​ចេញ​ការព្រមាន​ពី​ហានិភ័យ​ដែល​មិនអាច​គ្រប់គ្រង​បាន​។ ទោះបីជា​សេត​វិមាន​បាន​ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ​សម្រាប់​ការបើក​ប្រទេស​ឡើងវិញ ប៉ុន្ដែ​អាស្រ័យ​លើ​អភិបាលរដ្ឋ​ក្នុង​ការសម្រេច​ថា​ត្រូវ​បន្ធូរបន្ថយ​ការបិទ​ប្រទេស​ដោយ​របៀប​ណា​។ សម្រាប់​លោក​Fauci​យល់ឃើញថា ពិតជា​គ្មាន​ការសង្ស័យ​នោះទេ​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ល្អ​បំផុត ប៉ុន្ដែ​ពេល​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​នោះ​នឹង​ឃើញ​ករណី​ឆ្លង​ថ្មី​បន្ថែម​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​អាមេរិក​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ជាង​១​លាន​នាក់ ស្លាប់​ជាង​៨៣,០០០​នាក់ ជាសះស្បើយ​ជិត​៣០​ម៉ឺន​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ជាង​១​លាន​នាក់​៕

ដោយ៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត