ទូត​បារាំង​នៅ​កម្ពុជា​ចាត់ទុក​ជំនួប​លោក​កឹម​សុខា​និង​លោក​ហ៊ុន​សែន​ជា​ជំហាន​ល្អ​មួយ​

13-05-2020 10:09 am 239

​លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១២ ខែ​ឧសភា បានអនុញ្ញាត​ឲ្យ​លោកស្រី​អ៊ី​វ៉ា ង្វៀន​ប៉ិញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សួរសុខទុក្ខ និង​ពិភាក្សា​លើ​ការងារ​មួយចំនួន​។​
​លោក​មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា បានបញ្ជាក់​ថា ក្នុង​ជំនួប​នេះ​ក្រៅតែពី​ការសាកសួរ​សុខទុក្ខ អ្នក​ទាំង​២​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​ក៏​ដូចជា​អំពី​ស្ថានភាព​នាពេល​អនាគត​។​

​លោក​មុត ចន្ថា បាន​គូសបញ្ជាក់ថា ក្នុង​ជំនួប​នេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​កត់សម្គាល់ពី​ជំនួប​រវាង​លោក​កឹម សុខា និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ចាត់ទុក​ជំនួប​នេះ​ជា​ជំហាន​ល្អ​មួយ​។​

​សូមបញ្ជាក់​ថា​បន្ទាប់ពី​ជំនួប​ជិត​១​ម៉ោង​រវាង​លោក​កឹម សុខា និង​លោក​ហ៊ុន សែន​ក្នុង​ពិធី​បុណ្យ​សព​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ម្តាយក្មេក​លោកនាយក​រដ្ឋមន្ត្រី លោក​កឹម សុខា បាន​ទទួល​ជួប​មន្ត្រី​ទូត និង​តំណាង​ប្រទេស​មហាអំណាច​នៅ​តំបន់​អឺរ៉ុប​ជាច្រើន​។ កិច្ច​ជំនួប​ទាំងនោះ​សុទ្ធតែ​បានលើកឡើង​ពី​ជំនួប​រវាង​លោក​កឹម សុខា និង​លោក​ហ៊ុន សែន​ថា​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​នយោបាយ​នៅ​កម្ពុជា​នា​ថ្ងៃ​ខាង​មុខ​៕ ដោយ​៖​សៅ វិសាល​

ព័ត៌មានផ្សេងទៀត