រដ្ឋាភិបាល​​នឹង​ផ្ដល់​​ប្រាក់ឧបត្ថម្ភ​​៤០​ដុល្លារ​​ដល់​កម្មករ​​​ព្យួរ​ការងារ​​តាម​គណនី​វី​ង​

12-05-2020 5:48 pm 300

​បើតាម​លោក​ហេង សួរ​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឲ្យដឹងថា បច្ចុប្បន្ន​ក្រសួង​ការងារ​បាន​បញ្ជូន​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​កម្មករនិយោជិត​ជាង​៤​ម៉ឺន​នាក់​ហើយ ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​ផ្ទេរប្រាក់​ចំនួន​៤០​ដុល្លារ​ក្នុង​មួយខែ​ដល់​ពួកគេ​។ ការផ្ទេរ​នេះ​ធ្វើឡើង​តាមរយៈ​ធនាគារ​វី​ង​។ លោក​បន្ថែមថា​ប្រាក់ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​នេះ ផ្ដល់ជូន​កម្មករនិយោជិត​បន្ទាប់ពី​រោងចក្រ​សហគ្រាស​មួយចំនួន​បាន​ដាក់ពាក្យ​ព្យួរ​ការងារ​។ 

​លោក​ហេង សួរ​ក៏​ស្នើឲ្យ​កម្មករ​និយោជិត​ផ្ទៀងផ្ទាត់​ជាមួយ​សហគ្រាស​របស់ខ្លួន ហើយ​ការដែល​បាន​ព្រមព្រៀង​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង គឺជា​ការ​ព្យួរការងារ​មិនបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​នោះទេ​។ ក្រោយ​ទឹកប្រាក់​បញ្ជូន​ចូលទៅក្នុង​កុង​រយៈពេល​១០​ថ្ងៃ​ហើយ​មិនបាន​ទៅ​បើក ធនាគារ​វី​ង​នឹង​បញ្ជូន​ទឹកប្រាក់​នោះមក​ធានា​គារ​ជាតិ​វិញ​។ លោក​បាន​អំពាវនាវ​ឱ្យ​កម្មករនិយោជិត​ត្រូវ​ផ្តល់​លេខ​អត្តសញ្ញាណ​បណ្ណ និង​លេខ​ទូរស័ព្ទ​ឱ្យបាន​ត្រឹមត្រូវ​ដល់​រោងចក្រ​របស់ខ្លួន និង​រក្សា​លេខ​ទូរស័ព្ទ​ដោយ​កុំ​ផ្លាស់ប្ដូរ ដើម្បី​ទទួលបាន​ទឹកប្រាក់​ឧបត្ថម្ភ​នេះ​។​

​សូម​បញ្ជាល់ថា គិត​មកដល់ពេលនេះ​មាន​រោងចក្រ​សហគ្រាស​ចំនួន​១៩៥​ហើយ ត្រូវបាន​អនុញ្ញាតឱ្យ​ព្យូរ​ការងារ ដែល​ប៉ះពាល់​ដល់​កម្មករនិយោជិត​ជាង​១០​ម៉ឺន​នាក់ ហើយ​រោងចក្រ​សហគ្រាស​ចំនួន​៣០​បានប្រកាស​បិទទ្វារ​។ មូលហេតុ​នៃ​ការសម្រេច​ដាក់​ពាក្យស្នើសុំ​ព្យួរការងារ​របស់​រោង​ចក្រ​សហគ្រាស ដោយសារតែ​ខ្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត ក្រោយ​រងគ្រោះ​ពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ ខ្លះទៀត​ដោយសារតែ​អ្នកបញ្ជា​ទិញ​សុំ​ផ្អាក​មិន​ទទួលយក​ទំនិញ​ដែល​ផលិត​រួច​។​

​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​GMAC ក៏​ធ្លាប់បាន​អំពាវនាវ​ក៏ដូចជា​ស្នើសុំ​ដល់​បណ្ដា​អ្នកបញ្ជា​ទិញ​ទាំងអស់ សូម​បន្ដ​ជួយ​ទទួលយក​ទំនិញ​ដែល​បាន​ផលិត​រួច ដើម្បី​ជួយ​សម្រួល​ដល់​រោងចក្រ​សហគ្រាស​អាច​បន្ដ​ដំណើរការ​ទៅមុខ និង​អាច​មានលទ្ធភាព​បើក​ប្រាក់ខែ​ឲ្យ​កម្មករនិយោជិត​ផងដែ​រ​។ ប្រសិនបើ​ពុំមាន​ការបញ្ជាទិញ​ទៀត​នោះ រោងចក្រ​សហគ្រាស​ជាច្រើន​ទៀត​នឹងត្រូវ​ព្យួរ​ជា​បន្ដបន្ទាប់ ហើយក៏​អាច​ឈានដល់​បិទទ្វារ​ផងដែរ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត