New Zealand​រក្សា​ជំហរ​គាំទ្រ​តៃវ៉ាន់​ទោះ​ត្រូវ​ចិន​ស្តីបន្ទោស​

12-05-2020 4:06 pm 451

​ប្រទេស​New Zealand នៅតែ​រក្សា​ជំហរ​គាំទ្រ​តៃវ៉ាន់ ឲ្យចូល​រួម​កិច្ចប្រជុំ​អង្គការ​សុខភាព​ពិភពលោក​ដដែល បើទោះបី​ត្រូវ​ចិន​ស្តីបន្ទោស​ក៏ដោយ​។ ចិន​បាន​ស្តីបន្ទោស​New Zealand ក្រោយ​មន្ត្រីជាន់ខ្ពស់​ប្រទេស​នេះ ប្រកាស​គាំទ្រ​តៃវ៉ាន់ ដោយ​ព្រមាន​ថា​ការធ្វើ​បែបនេះ​នឹង​ធ្វើឲ្យប៉ះពាល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ 

​លោក​Winston Peters​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​New Zealand បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា New Zealand នៅតែ​គាំទ្រ​តៃវ៉ាន់​នៅក្នុង​ការចូលរួម​កិច្ចប្រជុំ អង្គការ​សុខភាព​ពិភពលោក​ដដែល​។ ព្រោះ​តៃវ៉ាន់​ទទួលបាន​ជោគជ័យ​គួរឲ្យ​សរសើរ នៅក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ហើយ​មាន​ប្រទេស​ជាច្រើន​ដែល​ចង់​ស្វែងយល់​បទពិសោធន៍​ពី​តៃវ៉ាន់​។ ហេតុនេះ​តៃវ៉ាន់​អាច​ចូលរួម​នៅក្នុង​កិច្ចប្រជុំ ដើម្បី​ចែករំលែក​បទពិសោធន៍ ទៅកាន់​ប្រទេស​ដទៃ ក្នុង​គោល​បំណង​ទប់ស្កាត់​ការឆ្លង​និង​ចម្លង​មេរោគ​។ ជាមួយគ្នា​នោះ​នាយករដ្ឋមន្ត្រី New Zealand លោកស្រី Jacinda Ardern​បញ្ជាក់ថា New Zealand គ្រាន់តែ​គាំទ្រ​តៃវ៉ាន់ ចូលរួម​ក្នុង​កិច្ចប្រជុំ​អង្គការ​សុខភាព​ពិភពលោក​ប៉ុណ្ណោះ មិនមាន​អ្វី​លើសពីនេះ​ទេ​។ លោកស្រី​សង្កត់ធ្ងន់ថា New Zealand នៅតែ​រក្សា​ជំហរ គោរព​គោលការណ៍ ប្រទេសមួយ​ប្រព័ន្ធ​ពីរ ដោយ​ឥត​ងាករេ​ឡើយ​។​

​ការបញ្ជាក់​ជំហរ​ឡើងវិញ​របស់​New Zealand បន្ទាប់ពី​ត្រូវ​ចិន​ស្តីបន្ទោស​។ ចិន​បាន​ប្រតិកម្ម​នៅពេលដែល​មន្ត្រីជាន់ខ្ពស់ New Zealand​និយាយថា តៃវ៉ាន់​គួរតែ​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួមជា​មួយអង្គ​ការសុខភាព​ពិភពលោក ក្នុងនាម​ជា​អ្នកសង្កេតការណ៍ និង​ក្នុងនាម​ជា​ប្រទេស​ដែល​ទទួលជោគជ័យ​នៅក្នុង​ការទប់ស្កាត់ ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូរ៉ូណា​។ ការលើកឡើង​របស់ New Zealand ដូច្នេះ​ហាក់​ប្រឆាំង​ចិន​ដោយ​បើកចំហ​តែម្តង ព្រោះ​ចិន​បាន​រារាំង​តៃវ៉ាន់​មិនឲ្យ​ចូលរួម កិច្ចប្រជុំ​អង្គការ​សុខភាព​ពិភពលោក តាំងតែ​ពីក្រោយ​ឆ្នាំ​២០១៦​មក ដោយសារតែ​ប្រធានាធិបតី​ថ្មី​តៃវ៉ាន់ មាន​និន្នាការ​ប្រឆាំង និង​ប៉ង​បំបែក​តៃវ៉ាន់​ចេញពី​ចិន​។ ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន មិនមែនជា​រដ្ឋ​មួយ​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​ទេ​។ បើ​តៃវ៉ាន់​ចង់​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​អន្តរជាតិ​ធំៗ លុះត្រាតែ​សុខចិត្ត​ទទួលយក​គំនិត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ភាគី​ទាំងសងខាង​ជា​របស់​ចិន​តែមួយ​។ 

​បើទោះបីជា​តៃវ៉ាន់​មាន​ប្រទេស​មួយចំនួន​គាំទ្រ ជាពិសេស​ពី​អាមេរិក​ក៏ដោយ ប៉ុន្តែ​មកទល់ពេលនេះ តៃវ៉ាន់​មិនទាន់​ទទួលបាន​លិខិតអញ្ជើញ ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ​។ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ទើបតែ​បានឲ្យដឹងថា មានតែ​ប្រទេស​សមាជិក​អង្គការ​នេះ​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​សម្រេចចិត្ត​អនុញ្ញាត ឲ្យ​នរណាម្នាក់​ចូលរួម​សន្និបាត​សុខភាព​ពិភពលោក (WHA) ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត