ឆេះ​មន្ទីរពេទ្យ​នៅ​រុស្ស៊ី​ឆក់យក​ជីវិត​អ្នកជំងឺ​កូវី​ដ​-១៩​ចំនួន​៥​នាក់​

12-05-2020 3:42 pm 168

​យ៉ាងហោច​ណាស់​អ្នកជំងឺ​កូវី​ដ​-១៩​ចំនួន​០៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ច្រើន​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​St Petersburg​។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ​កើតចេញ​ពី​ការឆ្លង​ចរន្ត​ឆាបឆេះ​ពី​ប្រដាប់​ជំនួយ​ការដកដង្ហើមរ​បស់​អ្នកជំងឺ​កូវី​ដ​-១៩​។ នេះ​បើ​យោង​ទៅតាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​រុស្ស៊ី​បានឲ្យដឹងថា មនុស្ស​ប្រមាណ​១៥០​នាក់​ត្រូវបាន​ជម្លៀស​ខ្លួន​ចេញ​ពី​មន្ទីរពេទ្យ​ដែល​បាន​ឆេះ​នេះ តែ​គេ​មិនទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​រងរបួស​ក្នុង​ហេតុការណ៍​នេះ​។​

​បើ​តាម​ប្រភព​ពី​មន្ទី​ពេទ្យ​បាន​បញ្ជាក់ថា ដោយសារ​តែ​ការប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ការដកដង្ហើម​នេះ​ហួស​កម្រិត​ខ្លាំងពេក ទើប​បណ្ដាល​ឲ្យ​វា​ក្ដៅ​នឹង​បង្ក​ជា​ចរន្ត​ឆាប់ឆេះ​បែបនេះ​។​

​គួរបញ្ជាក់​ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​ខណៈ​ដែល​ប្រទេស​រុស្ស៊ី​កំពុង​រង​នូវ​ព្យុះ​ចម្លង​ដ៏​ធំ​ពី​សំណាក់​វីរុស​កូវី​ដ​-១៩ ដោយ​ជាក់ស្ដែង​គិត​មក​ទល់​ពេល​នេះ​រុស្ស៊ី​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូវី​ដ​-១៩​ប្រមាណ​ជាង​២​ពាន់​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​មាន​ដល់​ទៅ​២២​ម៉ឺន​នាក់​ឯណោះ​។​

​សូម​ជម្រាប​ដែរ​ថា កាលពីពេល​កន្លង​ទៅ​ប្រទេស​រុស្ស៊ី​មាន​សន្ទុះ​អត្រា​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​យ៉ាងខ្លាំង​គួរឲ្យកត់សម្គាល់ ដោយ​ក្នុង​មួយ​ថ្ងៃ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​នេះ​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់​ឯណោះ​។ យ៉ាងណាមិញ​តួលេខ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​សរុប​ក្នុង​ប្រទេស​រុស្ស៊ី បាន​ធ្វើឲ្យ​ប្រទេស​នេះ​កំពុង​ឈរ​ជា​ប្រទេស​ទី​៤ ដែល​មាន​អ្នក​ឆ្លង​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​ច្រើនជាងគេបង្អស់​ទូទាំង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត