គិតត្រឹមពេលនេះមានបណ្ដាប្រទេសជាបន្ដបន្ទាប់ក្នុងពិភពលោក បានត្រៀមខ្លួនដើម្បីបើកទ្វារប្រទេសឬបើកឲ្យប្រទេសមានដំណើរការឡើងវិញបន្ដិចម្ដងៗ បន្ទាប់ពីធ្លាក់ចុះករណីឆ្លងនិងស្លាប់ដោយសារវីរុសកូរ៉ូណាឬកូវីដ-១៩។ ប៉ុន្ដែយ៉ាងណាមិញស្ថានភាពអាសន្ននៅមិនទាន់ឆ្លងផុតនោះទេ តួយ៉ាងនៅកូរ៉េខាងត្បូង នៅចិន អាល្លឺម៉ង់ ជាប្រទេសដែលត្រូវបានកោតសរសើរពីការទប់ស្កាត់ការឆ្លងរាលដាល ទើបមានផ្ទុះករណីថ្មីឡើងវិញ។ ការណ៍នេះក៏ជាមេរៀនក្រើនរម្លឹកប្រទេសដែលត្រៀមដកចេញវិធានការរឹតត្បិត ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រូវមានការអត់ធ្មត់ខ្លាំងបំផុត។
បណ្ដាមេដឹកនាំប្រទេសជាច្រើនក្នុងពិភពលោក ជាប្រទេសរងគ្រោះដោយសារវីរុសកូរ៉ូណាឬកូវីដ-១៩ តែងតែនិយាយនិងប្រកាសក្ដែងៗប្រាប់ពលរដ្ឋរបស់ខ្លួន ថាកុំទាន់ភ្លេចខ្លួនឲ្យសោះព្រោះកូវីដ-១៩មិនទាន់រលាយបាត់នោះទេ។ រីឯអ្នកជំនាញក៏បានប្រកាសផងដែរថា អ្នកបានជាសះស្បើយឡើងវិញហើយ ក៏អាចឆ្លងវីរុសនេះឡើងវិញបានដែរប្រសិនគ្មានការពារត្រឹមត្រូវ។ ដូច្នេះមិនអាចភ្លេចខ្លួនបានឡើយទោះបីករណីស្លាប់និងឆ្លងបានថយចុះបើប្រៀបធៀបពីដំបូង។
ការក្រើនរម្លឹកដូច្នេះលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ជែអ៊ីន ក៏ធ្លាប់បាននិយាយទៅកាន់ពលរដ្ឋរបស់លោកដែរ។ លោកថាវាមិនទាន់បញ្ចប់ទេរហូតដល់វាចប់។ លោកនិយាយបែបនេះកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បន្ទាប់ពីមានការផ្ទុះឡើងនូវករណីថ្មីក្នុងទីក្រុងសេអ៊ួល បង្កជាក្ដីបារម្ភខ្លាចផ្ទុះឡើងនូវរលកជាលើកទីពីរ។ កូរ៉េខាងត្បូងគឺជាប្រទេសស្ថិតក្នុងចំណោមប្រទេសដែលបានដោះស្រាយមុនគេ ជាមួយនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩។ រដ្ឋនៅអាស៊ីមួយនេះពិតជាធ្វើបានយ៉ាងល្អក្នុងការទប់ស្កាត់ ហើយក្រោយមកក៏ចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្ដឹងនានា បន្ទាប់ពីចេញបទបញ្ជាឲ្យអនុវត្ដវិធានការរក្សាគម្លាតសង្គម និងការតាមដានយ៉ាងយកចិត្ដទុកដាក់ពីអាជ្ញាធរ។ ប៉ុន្ដែយ៉ាងណាក៏ដោយករណីផ្ទុះឡើងថ្មីទំនងនឹងត្រូវបញ្ចប់ការបន្ធូរបន្ថយនោះ ព្រោះលោកមូនព្រមានប្រជាជនកូរ៉េខាងត្បូងថា មិនអាចបន្ធូរដៃលែងការពារកូវីដ-១៩បានឡើយ។
នៅក្នុងប្រទេសចិនវិញក៏កំពុងតែណែនាំពីវិធានការរឹតបន្ដឹងថ្មី បន្ទាប់ពីទីក្រុងចំនួនពីរបានរាយការណ៍ថាមានផ្ទុះឡើងករណីកូវីដ-១៩ថ្មី។ ទីក្រុងស៊ូឡានក្នុងខេត្ដជីលីនត្រូវបានប្រកាសបិទទ្វារ បន្ទាប់ពីមានផ្ទុះឡើង១១ករណីថ្មី។ ខេត្ដជីលីនជាខេត្ដព្រំដែនជាប់រុស្ស៊ីនិងកូរ៉េខាងជើង ហើយការព្រួយបារម្ភបានកើតឡើងជុំវិញការនាំចូលពីបរទេសទើបធ្វើឲ្យផ្ទុះករណីថ្មីបែបនេះ។ ការប្រកាសអាសន្នផ្សេងទៀតគឺនៅក្នុងទីក្រុងវូហាន ជាទីក្រុងផ្ទុះកូវីដ-១៩ដំបូងគេកាលពីចុងឆ្នាំ២០១៩។ ទីក្រុងក្នុងខេត្ដហួប៉ីមួយនេះទើបឆ្លងផុតពីការបិទទ្វាររយៈពេល៧៦ថ្ងៃកាលពីខែមុនទេ។ កាលពីថ្ងៃចន្ទអាជ្ញាធរក្រុងវូហានបាននិយាយថាមានករណីឆ្លងថ្មីចំនួន៥ករណីទៀត ដែលពុំមែនជាករណីនាំចូលនោះឡើយ។ ទោះបីជាតួលេខឆ្លងហាក់ឃ្លាតឆ្ងាយពីបណ្ដាប្រទេសនៅអឺរ៉ុបនិងអាមេរិក ប៉ុន្ដែការផ្ទុះឡើងជាថ្មីបានបង្ហាញឲ្យឃើញថា ជាការផ្ទុះឡើងដែលពុំបានតាមដានដឹង ហើយនឹងឈានទៅគំរាមកំហែងពីលទ្ធភាពនៃការបើកប្រទេសឡើងវិញ។
អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិចិនលោកMi Fengកាលពីថ្ងៃអាទិត្យ បានជំរុញឲ្យប្រជាជនត្រូវស្ថិតក្នុងការប្រកាសអាសន្ននិងបង្កើនការការពារប្រឆាំងវីរុសកូវីដ-១៩។ លោកបន្ថែមថាការផ្ទុះឡើងជាថ្មីបានរម្លឹកឲ្យមនុស្សភ្ញាក់ខ្លួននិងត្រូវតែចៀសវាងការប្រមូលផ្ដុំ ហើយត្រូវស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យឬធ្វើតេស្ដ ប្រសិនបើមានរោគសញ្ញាសង្ស័យឆ្លង។
បើនិយាយមុនការផ្ទុះឡើងករណីថ្មី ចំនួនឆ្លងនៅក្នុងប្រទេសចិននិងកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាមួយនឹងការឆ្លងនៅក្នុងសហគមន៍ត្រូវបានទប់ស្កាត់។ ខណៈដែលមានសំណួរចោទឡើងពីតួលេខឆ្លងនិងស្លាប់ពិតប្រាកដនៅក្នុងប្រទេសចិន និងពាក់ព័ន្ធការទប់ស្កាត់ការឆ្លងក្នុងសហគមន៍ផងនោះ កូរ៉េខាងត្បូងក៏ត្រូវបានគេកោតសរសើរចំពោះការឆ្លើយតបរបស់គេជាមួយនឹងការទប់ស្កាត់កូវីដ-១៩ផងដែរ។
ងាកទៅមើលនៅក្នុងតំបន់អឺរ៉ុបឯណោះវិញ គឺអាល្លឺម៉ង់ក៏បានបង្ហាញឲ្យឃើញពីឧទាហរណ៍នៃវិធីសាស្ដ្រដោះស្រាយការឆ្លងរាលដាលផងដែរ។ នោះគឺជារឿងជោគជ័យមួយសម្រាប់អាល្លឺម៉ង់ ដោយសារតែប្រព័ន្ធសុខាភិបាលល្អប្រសើរនិងការធ្វើតេស្ដរកមេរោគបានទាន់ពេល។ ប៉ុន្ដែចំនួននៃការកើតឡើងជាថ្មីបានកើនឡើងលើសម្នាក់កាលពីប៉ុន្មានថ្ងៃមុន នេះបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺRobert Koch Institute (RKI)។ ព័ត៌មាននេះមានន័យថាអ្នកផ្ទុកមេរោគម្នាក់អាចចម្លងជាមធ្យមទៅមនុស្សច្រើនជាងម្នាក់។ វាជាការប្រកាសអាសន្នថ្មីទៀតសម្រាប់អាល្លឺម៉ង់ ហើយសូម្បីលោកស្រីអធិការបតីAngela Merkel ក៏ប្រាប់ទៅសាធារណជនកាលពីសប្ដាហ៍មុនដែរថា ពលរដ្ឋអាចមានភាពក្លាហានជាងមុនបន្ដិច ប៉ុន្ដែលោកស្រីព្រមានពីហានិភ័យមិនទាន់ឆ្លងផុតពីដៃឡើយ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាល្លឺម៉ង់បញ្ជាក់ថា នៅតែមិនទាន់ប្រាកដប្រជាជាមួយនឹងការប៉ាន់ប្រមាណថ្មី ប៉ុន្ដែអត្រាផ្ទុះឡើងជាថ្មីជំរុញឲ្យត្រូវមានការតាមដានយ៉ាងយកចិត្ដទុកដាក់បំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់អាចនឹងឯកភាពឲ្យមានយន្ដការបណ្ដោះអាសន្នក្នុងករណីកូវីដ-១៩ផ្ទុះឡើងវិញ។ ប្រសិនបើវាកើនឡើងដល់៥០ករណីឆ្លងថ្មីក្នុងចំណោមមនុស្ស១០ម៉ឺននាក់ក្នុងស្រុក វិធានការបិទទ្វារប្រទេសនឹងត្រូវណែនាំឲ្យអនុវត្ដម្ដងទៀត។
ករណីផ្ទុះឡើងថ្មីប្រហែលជាពុំទាន់ដល់ដំណាក់កាលប្រកាសអាសន្នទេ ប៉ុន្ដែប្រសិនបើប្រទេសទាំងបីគឺចិន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ បាននិងកំពុងរាយការណ៍ពីករណីថ្មីនៃការឆ្លងក្នុងស្រុកហើយនោះ វាក៏ជាការព្រួយបារម្ភដ៏ធំត្រូវយកចិត្ដទុកដាក់។ ក្រុមអ្នកតាមដានកំពុងសម្លឹងមើលទៅប្រទេសសិង្ហបុរី ដែលកាលពីដើមខែមេសាមានតិចជាង២ពាន់ករណី ប៉ុន្ដែឥលូវមានជាង២៣,០០០ករណី។ វាជាហានិភ័យប្រសិនបើឆាប់បន្ធូរបន្ថយការរឹតបន្ដឹងពេក ហើយសន្មត់ថាបានយកឈ្នះនៅពេលដែលវាទើបនឹងចាប់ផ្ដើម។
តើមេរៀនណាមួយនៅក្នុងប្រទេសដែលបានលើកឡើងនេះ អាចត្រូវបានរៀនសូត្រនៅលោកខាងលិច ជាតំបន់ដែលមានប្រទេសមួយចំនួនបានត្រៀមខ្លួន និងបានបន្ធូរបន្ថយការបិទទ្វារប្រទេសទៅហើយនោះ ទោះបីជាអត្រានៃការឆ្លងនូវតែមានខ្ពស់?
វិបត្ដិសកលលោកជាប្រវត្ដិសាស្ដ្រថ្មីនេះបង្ហាញឲ្យឃើញថា មិនត្រឹមតែប្រទេសលោកខាងលិចប៉ុណ្ណោះទេដែលខ្វះចន្លោះក្នុងការឆ្លើយតបជាមួយកូវីដ-១៩ ទោះបីជាមានភស្ដុតាងថាវាមានសក្ដានុពលឆ្លងជាសកលក៏ដោយ ប្រទេសអាស៊ីមួយចំនួនក៏ខ្វះខាតដូចគ្នា។ ប្រទេសនៅអាស៊ីក៏មានបទពិសោធន៍មិនល្អ ហើយការណែនាំឲ្យការពារខ្លួនដូចជាការពាក់ម៉ាស់ជាដើម មិនត្រូវបានយកចិត្ដទុកដាក់នោះទេ រហូតដល់មានករណីឆ្លងធ្ងន់ធ្ងរ។ ចំពោះករណីផ្ទុះឡើងថ្មីនៅក្នុងប្រទេសចិននិងកូរ៉េខាងត្បូង មិនមែនមានន័យថាមកពីប្រទេសទាំងពីរនេះទម្លាក់ដៃពីការប្រយុទ្ធប្រឆាំងនោះឡើយ ប៉ុន្ដែជាមេរៀនដែលឆាប់ដកចេញការរឹតបន្ដឹងពេក។
សរុបមកមិនថានៅអាស៊ី នៅអឺរ៉ុប ឬនៅតំបន់ណាក៏ដោយដែលរងគ្រោះដោយសារកូវីដ-១៩ ទោះបីជាពេលនេះបានស្រាកស្រាន្ដបន្ដិចឡើងវិញ ហើយគ្រោងនឹងអនុញ្ញាតឲ្យប្រទេសចាប់ផ្ដើមដំណើរការឡើងវិញបន្ដិចម្ដងៗ ក៏មិនត្រូវភ្លេចទេពីការប្រយុងប្រយ័ត្នខ្ពស់ ហើយត្រូវមានការអត់ធ្មត់ខ្លាំងបំផុត៕
ដោយ៖ពេញ ផេង