តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ០២របស់អាមេរិក កាលពីថ្ងៃចន្ទបានចុះផ្សាយថា ការិយាល័យជំនាញស៊ើបអង្កេត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតអាមេរិកបានអះអាងថាក្រុមHacker ដែលជាក្រុមសង្គមងងឹតក្នុងបណ្ដាញអ៊ីនធឺណេតរបស់ខិន បានព្យាយាមចូលលុកលុយទៅក្នុងប្រព័ន្ធទិន្នន័យស្រាវជ្រាវរកវ៉ាក់សាំងវីរុសកូវីដ-១៩របស់អាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយធំៗ០២របស់អាមេរិកមាន The Wall Street Journal និងNew York Times ក៏បានចុះផ្សាយថា ទីភ្នាក់ងារសម្ងាត់FBI និងទីភ្នាក់ងារសន្តិសុខជាតិអាមេរិកកំពុងត្រៀមព្រមានទៅកាន់ក្រុមHackerរបស់ចិនចំពោះការលួចចូលលុកលុយនេះ ខណៈបណ្ដាក្រុមហ៊ុន និងរដ្ឋាភិបាលអាមេរិកផ្ទាល់កំពុងខិតខំស្រាវជ្រាវយ៉ាងសស្រាក់សស្រាំក្នុងការរុករកវ៉ាក់សាំង ដើម្បីទប់ស្កាត់នឹងវីរុសកូវីដ-១៩ថ្មីនេះ។
រដ្ឋាភិបាលអាមេរិកក៏បានអះអាងថា ក្រុមHackerទាំងនោះជាអ្នកមានទំនាក់ទំនងនឹងរដ្ឋាភិបាលចិន ហើយអាមេរិកនឹងប្រកាសការព្រមានទៅលើចិន ពាក់ព័ន្ធទៅនឹងករណីលួចចូលលុកលុយទៅលើទិន្នន័យរបស់ខ្លួននេះ។
ជាការឆ្លើយតបលោកZhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានចេញមុខច្រានចោលការចោទប្រកាន់នេះយ៉ាងដាច់អង្ហាំងការថា ចិនពុំមានទាក់ទងទៅនឹងបទល្មើសតាមរយៈប្រព័ន្ធអ៊ីនធឺណេតដូចដែលអាមេរិកបានចោទនោះឡើយ។
គួរបញ្ជាក់ដែរថា ការព្រមានរបស់អាមេរិកទៅកាន់ក្រុមHackerចិន ក៏អាចជាការព្រមានដល់ក្រុមHackerផ្សេងៗទៀតក្នុងប្រទេសមួយចំនួនទៀតដូចជា អ៊ឺរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើងជាដើម ដែលក្រុមHackerទាំងនេះធ្លាប់មានជាប់ពាក់ព័ន្ធទៅនឹងការចែកចាយព័ត៌មានមិនពិតពីវីរុសកូវីដ-១៩ផ្ទាល់តែម្ដង។
សូមជម្រាបថា គិតមកទល់ពេលនេះអាមេរិកមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ជាង៨ម៉ឺននាក់ហើយ និងអ្នកឆ្លងជាង ១,៣លាននាក់ រីឯប្រទេសចិនដែលជាប្រភពដើមនៃជំងឺនេះមានអ្នកស្លាប់ត្រឹមតែជាង ៤,៦០០នាក់ និងអ្នកឆ្លងជាង ៨,២០០០នាក់ប៉ុណ្ណោះ៕