សមត្ថកិច្ច​ហាម​ដាច់ខាត​ឃាត់​អ្នកបើកបរ​ពិនិត្យ​ឯកសា​រទាំង​គ្មាន​បទល្មើស​ជាក់ស្តែង​

11-05-2020 7:03 pm 555

​យោង​ទៅ​តាម​បទបញ្ជា​ពី​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​អនុសាសន៍​ណែនាំ របស់​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​គឺ​ហាម​នគរបាល​ដាច់ខាត​មិន​ត្រូវ​ឃាត់​អ្នកបើកបរ​យានយន្ត​ដើម្បី​ត្រួតពិនិត្យ​ឯកសា​រទាំង​មិន​មាន​បទល្មើស​ជាក់ស្តែង​នោះឡើយ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាល​ជាតិ​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​។​

​លោក​ហ៊ឹម យ៉ាន បាន​គូសបញ្ជាក់ថា ប្រសិនបើ​នៅ​ពេល​មាន​អំពើ​ល្មើស​ណាមួយ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​នោះ​គឺ​សមត្ថកិច្ច​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការត្រួតពិនិត្យ​ឯកសារ​ផ្សេងៗ ដែល​ច្បាប់​តម្រូវឲ្យមាន​។ ប្រសិន​បើ​អ្នកបើកបរ ខ្វះ​ឯកសារ​ណាមួយ​នោះ មន្ដ្រី​នគរបាល​ចរាច​រណ៍ នឹង​បូក​អំពើ​ល្មើស​ចូលគ្នា​ដើម្បី​ពិន័យ​ទាំងអស់​តែ​ម្ដង​។​

​លោក​ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ធ្លាប់​មានប្រសាសន៍ថា ក្នុង​កំលុង​ពេល​ជាង​១​សប្តាហ៍​នៃ​ការ​រឹតបន្តឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​មន្ត្រី​នគរបាល​ចរាច​រណ៍​មួយចំនួន​បាន​អនុវត្តន៍​លើសពី​ការកំណត់ គោលការណ៍​ឲ្យ​អនុវត្តន៍ ដែល​ប្រការ​នេះ នាំឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​។ 

​លោក​ឆាយ គឹម​ខឿន បាន​អះអាង​ថា​ក៏​មាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ និង​ជា​កម្មវត្ថុ​ធ្វើឲ្យ​ពួក​អគតិ​ប្រឆាំង​យក​ជា​លេស​ដើម្បី​វាយប្រហារ​។ ចំណុច​នោះ​គឺ​ដោយសារ​កំហុស​របស់​មន្ត្រី​នគរបាល​មួយចំនួនតូច ដែល​អនុវត្តន៍​ច្បាប់​លើស​ពី​គោលការណ៍​ណែនាំ និង​គ្មាន​ភាពរស់រវើក​ចំពោះ​ស្ថានភាព​ជាក់ស្តែង ថែម​ទាំង​ពាក់​ព័ន្ធ​ឥរិយាបទ​ផងដែរ​។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​រូបនេះ គូសបញ្ជាក់ថា «​យើង​ក៏​បាន​ដាក់​ពិន័យ​មន្ត្រី​ដែល​ធ្វើ​ខុស​និង​អប់រំ​មន្ត្រី​មួយចំនួន​ដែរ​។ ជាក់ស្តែង អធិការរង​ស្រុក​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង ទទួលរង​ពិន័យ​ហើយ​មន្ត្រី​មួយចំនួន​ទៀត ដែល​បំពេញការងារ​មាន​អាកប្បកិរិយា​មិន​ល្អ​ឬ​ក៏​ធ្វើ​លើស​គោលការណ៍​កំណត់ ត្រូវបាន​យកមក​អប់រំ​។​

​លោក​ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​ក្រៅពី​ការ​សាទរ​ចំពោះ​ភាព​វិជ្ជមាន​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក លោក​ក៏​បាន​ស្នើ​ដល់​មន្ត្រី​ជា​អ្នកអនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​គោរព​ទៅតាម​គោលការណ៍​ណែនាំ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចៀសវាង ការដាក់ពិន័យ និង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​។​

​យ៉ាងណាមិញ​លោក​ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាល​ជាតិ​ក៏​បាន​ពាំនាំ​ប្រសាសន៍​លោក​នេត សាវឿន​ដែល​បាន​អះអាង​ថា ការ​រឹតបន្ដឹង​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នេះ​គឺ​ត្រូវតែ​បង្កើន​ឲ្យ​ខ្លាំងខ្លា​បន្ថែម​ទៀត​រហូត​ទាល់តែ​សម្រេច​ឲ្យបាន​នូវ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ឲ្យមាន​ការគោរព​ច្បាប់​កាន់តែ​ផុលផុស ហើយ​ធានា​របៀបរៀបរយ​និង​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស​។​

​គួរបញ្ជាក់​ថា យោងតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់​សាធារណៈ​បានឲ្យដឹងថា ក្នុង​រយៈពេល​១០​ថ្ងៃ នៃ​ការ​រឹតបន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក មាន​យានយន្ត​ចំនួន​១៨,៤៥០​គ្រឿង​ល្មើសច្បាប់ ស្មើនឹង​១៩,១៦០​ករណី​ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំង​ប្រទេស​។​

​របាយការណ៍​ដដែល​បានបង្ហាញ​ថា ក្នុងចំណោម​យានយន្ដ​ទាំង​១៨,៤៥០​គ្រឿង​នេះ មាន​ម៉ូតូ​ចំនួន​១៤,៦០៣​គ្រឿង ល្មើសច្បាប់ ស្មើនឹង​១៤,៣៤០​ករណី និង​រថយន្ដ ចំនួន​៤៨,៤៧​គ្រឿង ល្មើសច្បាប់ ស្មើនឹង​៤,៨២០​ករណី​។​

​ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន អត់​មួកសុវត្ថិភាព​, អត់​កញ្ចក់ និង​ជិះ​បញ្ជ្រា​ស់​។ ដោយឡែក សម្រាប់​អ្នកបើករថយន្ដ អំពើ​ល្មើស​រួមមាន មិន​ពាក់​ខ្សែក្រវ៉ាត់​, ល្មើស​ល្បឿន​, គ្មាន​បណ្ណ​បើកបរ​, ដឹក​លើស​ចំណុះ​, ផ្ទុកទំនិញ​លើស​, អត់​ស្លាក​លេខ និង​ភ្លើង​៕ ដោយ​៖​សៅ វិសាល​

ព័ត៌មានផ្សេងទៀត