កងទ័ព​ចិន​និង​ឥណ្ឌា​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​

11-05-2020 2:59 pm 607
កងទ័ពចិននៅខាងឆ្វេងកងទ័ពឥណ្ឌា

​ជម្លោះ​រវាង​ទាហាន​ចិន​និង​ឥណ្ឌា​ពេលនេះ មិនមាន​ការប្រើប្រាស់​អាវុធ​ទេ តែ​ជាការ​ឌឺដង​ផ្លែផ្កា ពាក្យសំដី រហូត​ឈានដល់​ការ​រុញច្រាន​គ្នា​ទៅវិញទៅមក និង​គប់​ដុំថ្ម​ដាក់គ្នា បណ្តាលឲ្យ​ទាហាន​ចិន​៧​នាក់​និង​ទាហាន​ឥណ្ឌា​៤​នាក់​របួស​។ ប្រភពពី​សារព័ត៌មាន Press Trust របស់​ឥណ្ឌា​ឲ្យដឹងថា នៅក្នុង​ជម្លោះ​នេះ មាន​កងទ័ព​ប្រហែល​១៥០​នាក់​បាន​ចូលរួម​។ ការប្រឈមមុខ​ដាក់គ្នា​ដ៏​តឹងតែង​ចុងក្រោយ​នេះ បាន​កើតឡើង​ក្នុង​តំបន់ Naku La ​ រដ្ឋ Sikkim​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា ជាប់​ព្រំប្រទល់​រវាង​ប្រទេស​ប៊ូ​តាន នេ​ប៉ាល់​និង​ចិន​។ អំពើហិង្សា​នេះ បានបញ្ចប់​ទៅវិញ​ក្នុង​រយៈពេល​ខ្លី ក្រោយ​ការចរចា​សម្របសម្រួល​នៅ​មូលដ្ឋាន​។​

ជា​រឿង​ធម្មតា​ទៅហើយ​ដែល​កងទ័ព​ចិន​និង​ឥណ្ឌា​ផ្ទុះ​ជម្លោះ​ជាមួយគ្នា​បែបនេះ ដ្បិត​ប្រទេស​ទាំងពីរ​ធ្លាប់មា​នប្រវត្ត​ធ្វើសង្គ្រាម​ដណ្តើម​ទឹកដី​នៅ​តំបន់​ព្រំដែន​។ ចិន​និង​ឥណ្ឌា​មាន​ភាព​ល្បី​រន្ទឺ​ខាង​ឈ្លោះ​ដណ្តើម​ទឹកដី​នៅក្នុង​តំបន់​ចំនួន​២ គឺ​កា​ស្មៀនិង Arunachal Pradesh​។ Arunachal Pradesh បាន​ក្លាយជា​ដែនដី​របស់​ឥណ្ឌា នៅក្នុង​សម័យ​អាណានិគមនិយម​អង់គ្លេស តែ​ចិន​ក៏​ចង់បាន​ដែនដី​នោះមក​គ្រប់គ្រង​ដែរ​។ ឆ្នាំ​១៩៦២​សង្គ្រាម​ដ៏​ក្តៅគគុក​ក៏បាន​ផ្ទុះឡើង​រវាង​ចិន​និង​ឥណ្ឌា ដើម្បី​ដណ្តើម​តំបន់ Arunachal Pradesh​។ សង្គ្រាម​រយៈ​ប្រមាណ​១​ខែ​ក៏បាន​បិទ​បញ្ចប់ទៅ ដោយ​ចិន​សុខចិត្ត​ដកទ័ព​ចេញ​។​

​ជម្លោះទឹកដី​ដដែល​បាន​កំរើក​ឡើងវិញ​យ៉ាងខ្លាំង​ម្តងទៀត​នៅក្នុង​ឆ្នាំ​២០១៧ នៅ​តំបន់ Doklam រដ្ឋ​Arunachal Pradesh នៅពេលដែល​ឥណ្ឌា​បាន​លើកទ័ព​ទៅ​បញ្ឈប់​ភាគី​ចិន​មិនឲ្យ​សាងសង់​ផ្លូវ​នៅ​តំបន់​ព្រំដែន​។ ការប្រឈមមុខ​ដាក់គ្នា​កាលនោះ បានអូសបន្លាយ​អស់​រយៈពេល​ប្រមាណ​ជា​ជិត​២​ខែ​ទើប​បញ្ចប់​។ ភាព​តានតឹង​បាន​ថយចុះ ក្រោយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន ដ្រា​ម៉ូឌី បាន​យល់ព្រម​ជួប​ពិភាក្សាគ្នា នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៨​។ នៅក្នុង​ខែតុលា​ឆ្នាំ​២០១៩​បុរស​ទាំងពីរ​ក៏បាន​ជួបពិភាក្សា​គ្នា​ម្តងទៀត​នៅ Chennai ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។ ចាប់តាំងពី​ពេល​នោះមក ទំនាក់ទំនង​ចិន​និង​ឥណ្ឌា​ហាក់​បាន​ប្រសើរ​ឡើងវិញ និង​មិន​ដែលមាន​ជម្លោះ​ធំដុំ​អ្វី​ទេ​។  

​យ៉ាងណាក៏ដោយ​ជម្លោះ​រប៉េះរប៉ោះ​នៅ​ព្រំដែន​ឥណ្ឌា​និង​ចិន នៅតែ​បន្ត​កើតមាន ដ្បិត​រហូត​មកទល់នឹង​ពេលនេះ ឥណ្ឌា​និង​ចិន ពុំទាន់​មាន​កិច្ចព្រមព្រៀង ក្នុងការ​គូសបន្ទាត់​ព្រំដែន​ខណ្ឌ​ចែក​ប្រទេស​នៅឡើយ​ទេ​រួមទាំង​នៅ Arunachal Pradesh​ផងដែរ​។ មកទល់​បច្ចុប្បន្ន​ចិន​នៅតែ​ចិញ្ចឹមចិត្ត ទាមទារ​ដី​ចំនួន​៩​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា នៅ​Arunachal Pradesh ដែល​កំពុង​ស្ថិតក្រោម​កា​រ​គ្រប់គ្រង​របស់​ឥណ្ឌា មក​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខរ​បស់​ខ្លួន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត