ទូតអាល្លឺម៉ង់សាទរជំនួបរវាងលោកហ៊ុន សែននិងលោកកឹមសុខា

11-05-2020 2:56 pm 380

លោកកឹម សុខាអតីតប្រធាននៃអតីតបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១១ ខែឧសភានេះបានទទួលជួបពិភាក្សាជាមួយលោកChristian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅគេហដ្ឋានរបស់លោកនារាជធានីភ្នំពេញ។ 

លោកកឹម សុខា បានឲ្យដឹងថាក្នុងជំនួបនេះរូបលោកនិងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីសុខទុក្ខនិងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងអំពីស្ថានភាពនាពេលអនាគតផងដែរ។ ក្នុងនោះដែរលោកChristian Berger ក៏បានសាទរចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិង លោកកឹម សុខា កាលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដោយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបង្ហាញនូវការគាំទ្រចំពោះការជួបនេះ ហើយចាត់ទុកថាជារឿងវិជ្ជមាន។ 

សូមជម្រាបថាលោកកឹម សុខា អតីតប្រធាននៃអតីតបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានចូលគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនាប៊ុន ស៊ាងលី ម្ដាយក្មេករបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែនដោយទទួលបានការអារម្មណ៍ខ្លាំងពីមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធរួចលោកកឹម សុខា បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ប្រមាណជាជិត៥០នាទី។ ប៉ុន្តែមិនមានការបញ្ជាក់ថា តើជំនួបរវាងឥស្សរជនខ្មែរទាំងពីរ បានជជែកពិភាក្សាគ្នាអំពីអ្វីនោះទេ៕

ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត