អ្នកវិភាគព្រមាន អំពីការបរាជ័យនៃសម្ព័ន្ធភាព រវាងលោកសមរង្ស៊ី និងលោកកឹមសុខា

11-05-2020 10:36 am 838

លោកគឹម សុខ អ្នកវិភាគបញ្ហានយោបាយ បានព្រមានអំពីការជួបនូវបរាជ័យនៃសម្ព័ន្ធរវាងលោកសម រង្ស៊ីជាមួយលោកកឹមសុខា អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំងប្រសិនបើគ្មានការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យមួយទេនោះ។ ការព្រមាននេះបន្ទាប់ពីគេសង្កេតឃើញថាមន្ត្រីនិងសកម្មជននៃអតីតគណបក្សប្រឆាំងមួយចំនួន បានឈ្លោះប្រកែកនិងវាយប្រហារគ្នាជាបន្តបន្ទាប់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ 

លោកគឹម សុខអ្នកវិភាគបញ្ហានយោបាយ ដែលកំពុងរស់នៅក្រៅប្រទេសនោះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា បើកម្លាំងអ្នកប្រជាធិបតេយ្យរួបរួមមួយ ឬសម្ព័ន្ធកម្លាំងចលករប្រជាធិបតេយ្យកម្ពុជា មិនអាចលេចរូបរាងឡើងក្នុងឆ្នាំ២០២០ឬយ៉ាងយូរត្រឹមពាក់កណ្ដាលឆ្នាំ២០២១ទេនោះCNRP ឬសម្ព័ន្ធភាពរវាងលោកសម រង្ស៊ីនិងលោកកឹម សុខាជួបបរាជ័យ៥០ភាគរយ។

លោកគឹមសុខ បានសរសេរបន្តថា បើកម្លាំងអ្នកប្រជាធិបតេយ្យរួបរួមមួយ ឬសម្ព័ន្ធកម្លាំងចលករប្រជាធិបតេយ្យកម្ពុជា មិនអាចលេចរូបរាងឡើងយ៉ាងយូរក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០២២ទេនោះCNRP ឬសម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងលោកកឹម សុខា ជួបបរាជ័យដល់៩៩ភាគរយ។ លោកគឹម សុខ បានសរសេរបញ្ជាក់ថា”ការដណ្ដើមឈ្នះលោកហ៊ុន សែន មិនមែនអង្គុយគិតតែរកពាក្យជេរប្រធានបក្សប្រជាជននេះទេ គឺទាល់ តែអ្នកប្រឹងរៀបបណ្ដាញមនុស្សឲ្យធំ រឹងមាំ និងក្លាហានជាងកម្លាំងនៃលោកហ៊ុន សែន ទាំងមានយន្តការប្រតិបត្តិច្បាស់លាស់ ក្នុងនយោបាយប្រជាធិបតេយ្យខ្លឹមសារសកលបើកចំហ”។ 

ថ្មីៗនេះលោកយឹម ស៊ីណន សកម្មជនអតីតបក្សប្រឆាំងនៅកូរ៉េខាងត្បូង បានបង្ហាញអំពីគម្រោងបង្កើតរណសិរ្សរួបរួមអ្នកប្រជាធិបតេយ្យ ក្នុងគោលដៅប្រមូលកម្លាំងសរុប ជំរុញរៀបចំឲ្យមានសង្វៀននយោបាយ រៀប រយមួយសម្រាប់កម្ពុជា។ ចំពោះគម្រោងបង្កើត នូវរណសិរ្សរួបរួមអ្នកប្រជាធិបតេយ្យនេះត្រូវបានអតីតមន្ត្រី និងសកម្មជននៃអតីតបក្សសង្រ្គោះជាតិមួយចំនួន បានបង្ហាញការគាំទ្រ រីឯមួយចំនួនទៀតមិនបានគាំទ្រឡើយ ដែលធ្វើឲ្យមានការឌឺដងនិងវាយប្រហារគ្នាជាបន្តបន្ទាប់ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

សម្រាប់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកគម្រោងបង្កើតរណសិរ្សរួបរួមអ្នកប្រជាធិបតេយ្យ របស់សកម្មជនអតីតបក្សប្រឆាំងខាងលើនេះគ្រាន់តែជាគំនិតរវើរវាយ ហើយថារណសិរ្សនេះមិនអាចក្លាយជាការពិតឡើយ។ ម្យ៉ាងទៀតលោកសុខ ឥសាន យល់ថាគម្រោងបង្កើននូវរណសិរ្សនេះ គឺបង្ហាញអំពីការបាត់បង់ជំនឿ ទៅលើមេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលតែងតែភូតកុហក់ និងបោកប្រាស់សកម្មជន និងអ្នកគាំទ្ររបស់ខ្លួនជាច្រើនដងមកហើយនោះ៕ ដោយ៖ឃួន សុភ័ក្រ 

 

ព័ត៌មានផ្សេងទៀត