ប្រធានាធិបតី​កូរ៉េខាងត្បូង​ព្រមាន​ពី​ការវាយលុក​ដោយកូវី​ដ​១៩​ជា​លើក​ទី​២

10-05-2020 5:25 pm 383
​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង

​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង បាន​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០២០ ជា​ខួប​៣​ឆ្នាំ នៃ​ការ​ឡើងកាន់តំណែង​ប្រធានាធិបតី​របស់លោក​។ លោក​មូនបាន​លើកឡើងថា ចង្កោម​វីរុស​កូរ៉ូណា​ថ្មី អាច​ឆ្លង​រាលដាល​គ្រប់ពេលវេលា ហើយ​ព្រមាន​ពី​រលក​ទី​ពីរ​នៃ​ការឆ្លង​រាលដាល នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ នៅ​ចុងឆ្នាំ​២០២០​នេះ​។ 

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ ហៅ​កាត់​ថា​KCDC បាន​រាយការណ៍​ថា មាន​ការឆ្លង​ថ្មី​ចំនួន ៣៤ ករណី ដែលជា​អត្រា​ខ្ពស់បំផុត​ចាប់តាំងពី​ថ្ងៃទី ៩ ខែមេសា​មក​។ ពោល ចន្លោះ​ពេលនោះ​ករណី​ឆ្លង​រកឃើញ​ច្រើន​បំផុត​១០​ករណី​ឬ​ទាប​ជាង​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ស្រាប់តែ​លោត​ដល់​ទៅ​៣៤​ករណី និង​ប្រហែលជា​អាចមាន​ច្រើន​ជាងនេះទៀត​នៅ​ថ្ងៃ​ខាងមុខ​។ ការ​រុញឲ្យ​ករណី​ឆ្លង​ថ្មី​កើនឡើង ក្រោយ​រកឃើញ​ដំបូង​លើ​បុរស​ម្នាក់ ដែល​ចូល​លេង​ក្លឹប​កម្សាន្ត​រាត្រី​មួយកន្លែង​។ ករណី​ឆ្លង​បាន​រកឃើញ​លើ​មនុស្ស​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់ ហើយ​ភាគច្រើន​ជា​ក្រុមមនុស្ស ដែល​បាន​ទាក់ទង​ជាមួយ​បុរស​វ័យ​២០​ឆ្នាំ​រូបនោះ​។ យុវជន​ម្នាក់នេះ បាន​ទៅលេង​ក្លឹប​រាត្រី​មុនពេល​ធ្វើតេស្ត​វិជ្ជមាន នៃ​វីរុស​កូរ៉ូណា​កាលពី​សប្តាហ៍​មុន​។ 

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ​និយាយថា ក្រុមមន្ត្រី​កំពុងតែ​ឃ្លាំមើល​មនុស្ស​ប្រហែល​១,៩០០​នាក់ ដែល​បាន​ចូល​ទៅលេង​ក្នុង​ក្លឹប​កម្សាន្ត​នោះ និង​ស្នើឲ្យ​អ្នក​ដែល​បានចូ​លលេង​ក្លឹប​កម្សាន្ត​កាល​ពី​សប្តាហ៍​មុន ដាក់​ខ្លួនឯង​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ និង​ធ្វើតេស្ត​រក​វីរុស​ផង​។ ពេលនេះ ក្លឹប​រាត្រី កន្លែង​កម្សាន្ត​ពេលយប់​ទាំងអស់ នៅ​ជុំវិញ​ទីក្រុង​សេ​អ៊ូ​ល​ត្រូវបាន​បញ្ជា​ឲ្យ​បិទ ដោយ​មិន​កំណត់​ថ្ងៃ​បើកទ្វារ​វិញ​នៅឡើយ​ទេ​។​

​ការណ៍​នេះ​បង្ក​ជា​ក្តីបារម្ភ​ដល់​ប្រធានាធិបតី ដោយបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​បន្ទាប​ការប្រុងប្រយ័ត្ន ទាក់ទង​នឹង​ការការពារ ការ​រាលដាល​ឡើយ​។ អំឡុងពេល​ថ្លែង​តាម​ប៉ុស្តិ៍​ទូរទស្សន៍ លោក​មូន ជែ​អ៊ីន​ថា កូរ៉ូ​ណាមិន​ចប់​ត្រឹម​នេះទេ កូរ៉េខាងត្បូង​ស្ថិតក្នុង​សង្គ្រាម​អូសបន្លាយ​វែងឆ្ងាយ​ទៀត​។ លោក​មានប្រសាសន៍ថា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ នឹង​ទទួលបាន​អំណាច​កាន់តែ​ច្រើនជាង​មុន ដើម្បី​ប្រយុទ្ធ​ក្នុង​រយៈពេល​វែង​ជាមួយនឹង​វីរុស​នេះ ហើយ​KCDC​នឹង​ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា រដ្ឋបាល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ជំហរ​កាន់តែ​រឹងមាំ​របស់ខ្លួន​។ 

​កូរ៉េខាងត្បូង​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ចិន ដែល​រង​នូវ​ការ​រាតត្បាត​ពី​វីរុស​កូរ៉ូណា​ធ្ងន់ធ្ងរ តែ​បាន​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ទប់ទល់​ជាប់​មិន​ឲ្យមាន​អ្នកស្លាប់​និង​ឆ្លង​ច្រើន​ដូច​ប្រទេស​ដទៃ​។ មកទល់​នេះ ករណី​ស្លាប់មាន​ចំនួន​២៥៦​នាក់ ឆ្លង​ជាង​១​ម៉ឺន​នាក់​និង​ព្យាបាល​ជាសះស្បើយ​ជាង​៩,៦០០​នាក់​។ ដោយ​សង្កេតឃើញ​ស្ថានភាព​ធូ​ស្រាល កូរ៉េខាងត្បូង​ដែល​ទទួលបាន​ការសរសើ​រលើ​ចំណាត់ការ​ទប់ស្កាត់​ការរីក​រាលដាល ទើបតែ​បានចាប់ផ្តើម​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​គម្លាត​សង្គម និង​បើក​ដំណើរការ​អាជីវកម្ម​និង​សាលារៀន​ឡើងវិញ មុនពេល​ករណី​ឆ្លង​ថ្មី​បាន​កំរើក​ឡើងវិញ​៕ ​ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត