ចិន​ប្រកាស​ពង្រឹង​ចំណុច​ខ្វះខាត​ក្នុង​ប្រព័ន្ធ​សុខាភិបាល​

10-05-2020 5:19 pm 952
លោកស៊ី ជីនពីងប្រធានាធិបតីចិន

លោក Li Bin អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចិន​និយាយថា ចិន​គ្រោង​នឹង​បង្កើត​ទីបញ្ជាការ​មជ្ឈិម​និង​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ការពារ​និង​ត្រួតពិនិត្យ​ជំងឺ ដើម្បី​កែលម្អ​ប្រព័ន្ធ​សុខាភិបាល​របស់ខ្លួន ឲ្យបាន​កាន់តែ​ប្រសើរឡើង​។ ចិន​ក៏​មានបំណង​ប្រើប្រាស់​កម្មវិធី​Bing Data​និង​កម្មវិធី​សញ្ញា​សិប្បនិម្មិត​ប្រកបដោយ​ភាព​ឆ្លាត​វ័យ និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​វិភាគ​ជំងឺ តាមដាន​មេរោគ ដើម្បី​ទប់ស្កាត់​ជំងឺ​កុំឲ្យ​រីករា​លដាល​។ លោក Li Bin បន្ថែមថា ចិន​គ្រោង​នឹង​បង្កើន​ការស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ស្នូល ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការធានារ៉ាប់រង​សុខភាព និង​ធានាឲ្យបាន​នូវ​ភាពប្រសើរឡើង​នៃ​សម្ភារៈ​សង្គ្រោះបន្ទាន់​។​

​ការលើកឡើង​ពី​ផែនការ​ធ្វើកំណែទម្រង់​ក្នុង​ប្រព័ន្ធ​សុខាភិបាល នៅពេលដែល​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ប្រកាស​ទទួលស្គាល់​យ៉ាង​កម្រ ពី​ភាពកម្សោយ​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល​ចិន​។ លោក Li Bin​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា "​ការ​រាលដាល​នៃ​មេរោគ​នេះ គឺជា​ការសាកល្បង​ដ៏​ធំ​មួយ​នៃ​អភិបាលកិច្ច​និង​សមត្ថភាព​គ្រប់គ្រង​ប្រទេស​របស់​យើង ហើយ​វា​បាន​លាតត្រដាង​ពី​ចំណុច​ខ្វះខាត នៅក្នុង​វិធី​ដែល​យើង​ដោះស្រាយ​ការរីក​រាលដាល និង​ប្រព័ន្ធ​សុខភាព​សាធារណៈ​"​។​

​ចិន​ជា​ប្រទេស​ដែល​រងគ្រោះ​ពី​វីរុស​កូរ៉ូណា​មុនគេ​បង្អស់​ក្នុងពិភពលោក និង​បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក ទៅលើ​វិធានការ​ដោះស្រាយ ជាពិសេស​ពី​អាមេរិក​តែម្តង​។ ម្តង​ហើយ​ម្តងទៀត​អាមេរិក​ថា ចិន​ឆ្លើយតប​យឺតយ៉ាវ​ចំពោះ​ជំងឺ និង​លាក់បាំង​ព័ត៌មាន​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ រហូត​បណ្តោយឲ្យ​វី​រុសរាតត្បាត​ចេញ​ក្រៅពា​សពេញ​ពិភពលោក​។ នៅក្នុង​ស្រុក​វិញ វិស័យ​សុខាភិបាល​ចិន​បាន​រង​ការប៉ះទង្គិច​យ៉ាងខ្លាំង នៅពេលដែល​វីរុស​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​វូ​ហាន វិស័យ​សុខាភិបាល​ចិន​បាន​ជួបប្រទះ​នូវ​ការខ្វះខាត​ទាំង​កន្លែង​សម្រាក​ព្យាបាល និង​សម្ភារៈ​គាំទ្រ​ដល់​ការព្យាបាល រួមមាន​ដូចជា​គ្រែពេទ្យ​ជាដើម ត្រូវ​តំឡើង​ថ្មី​បន្ថែម ព្រោះ​គ្រែ​និង​កន្លែង​ព្យាបាល​ដែលមាន​ស្រាប់​ទប់ទល់​លែង​ជាប់​។ នេះ​ជា​បទពិសោធន៍​ដ៏​អាក្រក់ ដែល​ប្រព័ន្ធ​សុខាភិបាល​ចិន​បាន​ឆ្លងកាត់ ហើយ​យក​បទពិសោធន៍​នេះ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​ឲ្យ​កាន់តែ​ប្រសើរឡើង​៕ ​

ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត