ឱសថការី​ឥណ្ឌា​ម្នាក់​ស្លាប់​ក្រោយ​ផឹកថ្នាំ​ដែល​ផ្សំ​ឡើង​ដើម្បី​ព្យាបាល​កូវី​ដ​១៩

10-05-2020 10:53 am 851

​ឱសថការី​ឥណ្ឌា​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​បាន​ផឹក​សារ​ធាតុគីមី ដែល​ពួកគេ​ផ្សំ​ឡើង ដើម្បី​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ នេះ​បើតាម​ប៉ូលិស​និយាយ​នៅ​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​។ បុរស​ទាំងពីរ​នាក់​ធ្វើការ​នៅ​ក្រុមហ៊ុន​ឱសថ​បុរាណ​មួយ បាន​ទៅ​ទិញ​សារ​ធាតុគីមី nitric oxide និង sodium nitrate ពី​ផ្សារ មក​បង្កើតជា​ឱសថ​ដើម្បី​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ដោយ​អនុវត្តតាម​រូបមន្ត​ដែល​ពួកគេ​ស្រាវជ្រាវ​រកឃើញ​ពី​ក្នុង​អ៊ី​ន​ធឺ​ណេត ហើយ​បាន​ធ្វើតេស្ត​សាកល្បង​ដោយ​ខ្លួនឯង នៅផ្ទះ​មួយ​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង Chennai​។ ក្រោយ​ផឹក​រួច​បុរស​ម្នាក់​ឈ្មោះ K Sivanesan វ័យ​៤៧​ឆ្នាំ បាន​ពុលស្លាប់​ភ្លាមៗនៅនឹងកន្លែង និង​ដៃគូ​ម្នាក់ទៀត ឈ្មោះ Rajkumar បាន​បញ្ជូនទៅ​សង្គ្រោះ​ទាន់ពេលវេលា​នៅ​មន្ទីរពេទ្យ​។​

ពាក់ព័ន្ធ​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​នេះដែរ មកទល់ពេលនេះ​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ ថា​មាន​ថ្នាំ​ឬ​វ៉ាក់សាំង​អាច​ព្យាបាល​ឬ​ការពារ​ជំងឺ​បង្កឡើង​ដោយ​វីរុស​នេះ​នៅឡើយ​ទេ​។ មានតែ​អាមេរិក​និង​ជប៉ុន​ប៉ុណ្ណោះ ដែល​ប្រកាស​ឲ្យប្រើ​ប្រា​ស់ថ្នាំ Remdesivir ព្យាបាល​អ្នកជំងឺ​នៅក្នុង​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​។ 

​គួរ​ជម្រាបជូន​ដែរថា មកទល់ពេលនេះ មនុស្ស​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា​ទូទាំង​ពិភពលោក បាន​កើន​ដល់​ជាង​២៨​ម៉ឺន​នាក់ និង​ឆ្លង​ជាង​៤​លាន​១​សែន​នាក់ ហើយ​ទន្ទឹមនឹងនោះ ករណី​ព្យាបាល​ជាសះស្បើយ​បាន​កើ​ឡើងដល់​ជាង​១​លាន​៤​សែន​នាក់​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​គេហៈទំព័រ Worldometer នៅ​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០២០​នេះ​៕

ដោយ​៖​អ៊ុន សុខ​ឡា 

ព័ត៌មានផ្សេងទៀត