លោក​ត្រាំ​៖​​ខ្ញុំ​មិនដឹង​ពី​​ផែនការ​​ទាហាន​ស៊ីឈ្នួល​​ចង់​ផ្ដួលរំលំ​​លោក​ម៉ា​ឌូ​រ៉ូ​ទេ​

09-05-2020 9:37 am 344

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បានបញ្ជាក់​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​អាមេរិក​មិនបាន​នៅ​ពីក្រោយ​ការ​លុកលុយ​ចូល​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ក្នុង​សប្ដាហ៍​នេះ​ទេ​។ ជាការ​លុកលុយ​របស់​មនុស្ស​មួយក្រុម​ដែល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចោទថា ប៉ុនប៉ង​ចូលទៅ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ​។ 

​ថ្លែងប្រាប់​សារព័ត៌មាន​Fox News​លោក​ត្រាំ​ឲ្យដឹងថា លោក​មិន​ពឹង​ទៅលើ​មនុស្ស​មួយក្រុម​តូច​សម្រាប់​ប្រតិ​បត្ដិកា​រ​បែបនេះឡើយ​។ លោក​មិន​បានដឹង​ពី​រឿងនេះ​ទេ ហើយ​រដ្ឋាភិបាល​របស់​លោក​គ្មាន​អ្វីដែល​ត្រូវធ្វើ​ដូច្នេះ​ទាល់តែសោះ លោក​ត្រូវតែ​រកឲ្យឃើញ​នូវ​អ្វីដែល​បានកើតឡើង​។ ប្រសិនបើ​អាមេរិក​ចង់​ធ្វើ​អ្វីមួយ​ដាក់វេណេ​ហ្ស៊ូ​អេ​ឡា ក៏​មិនមែនជា​វិធី​ដូច​មនុស្ស​មួយក្រុម​តូច​ធ្វើ​នៅពេល​នេះដែរ​។ ដ្បិតថា​មិន​ពេញចិត្ដ​នឹង​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​បច្ចុប្បន្ន ប៉ុន្ដែ​លោក​ត្រាំ​ចាត់ទុកថា​ការ​លុកលុយ​ឈ្លានពាន​មិនមែនជា​ការវាយប្រហារ​ដែល​ល្អ​ឡើយ​។ 

​សូម​ជម្រាបជូន​ថា​ទូរទស្សន៍​ជាតិ​របស់​ប្រទេស​វេ​ណេ​ស៊ូ​អេ​ឡា បាន​ចាក់ផ្សាយ​ពី​វីដេអូ​នៃ​ការឆ្លើយ​សារភាព​របស់​បុរស​ជ​ន​ជាតិ​អាមេរិក​ម្នាក់ ក្នុងចំណោម​ជនជាតិ​អាមេរិក​២​នាក់ ដោយ​បុរស​នេះ​សារភាពថា​រូបគេ​ពិតជា​មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ​មែន​។  ពួកគេ​ចង់​ចូលទៅ​គ្រប់គ្រង​នៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស ហើយ​យក​យន្ដហោះ​ដឹក​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​បញ្ជូនទៅ​អាមេរិក​។ នេះ​បើ​យោងទៅតាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC​កាលពី​ថ្ងៃទី​០៧​ឧសភា​។​

​បុរស​អាមេរិក​ទាំង​០២​នាក់​នោះ​រួមមាន​ទី​១.​លោក​Luke Denman អាយុ​៣៤​ឆ្នាំ និង​ទី​២.​ឈ្មោះ Airan Berry​អាយុ​៤១​ឆ្នាំ ដោយ​ពួកគេ​ទាំង​២​ស្ថិតក្នុង​ចំណោម​មនុស្ស​១៣​នាក់​ត្រូវបាន​រដ្ឋាភិបាល​វេ​ណេ​ស៊ុយអេ​ឡា​ចាប់ខ្លួន​កាលពី​ចុង​សប្ដាហ៍​មុន​។ រដ្ឋាភិបាល​វេ​ណេ​ស៊ុយអេ​ឡា​បាន​ហៅ​ពួកគេ​ថា​ជា​ពួក​ទាហាន​ស៊ីឈ្នួល បាន​បរាជ័យ​ក្រោម​ថ្វីដៃ​កម្លាំងប្រដាប់អាវុធ​រដ្ឋាភិបាល​វេ​ណេ​ស៊ូ​អេ​ឡា​។ 

​តាម​ការចុះផ្សាយ​របស់​កាសែត​Washington Post​បានឲ្យដឹង​ដែរថា ករណី​ប៉ុនប៉ង​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង ក៏មាន​ពាក់ព័ន្ធ​នឹង​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែរ​។ Washington Post​ចុះផ្សាយ​ដោយ​ផ្អែកលើ​ឯកសារ​បែកធ្លាយ​៤២​ទំព័រ​។ ឯកសារ​បញ្ជាក់ថា​គណ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សន្ដិសុខ​អាមេរិក​មួយ​ឈ្មោះ​Silvercorp USA​។ កិច្ចព្រមព្រៀង​ចុះ​កាលពី​ខែតុលា​ឆ្នាំ​២០១៩ មានតម្លៃ​២១៣​លាន​ដុល្លារ​ដើម្បី​បញ្ជូន​ក្រុម​ទាហាន​ស៊ីឈ្មួល​មួយក្រុម​ទៅ​ទម្លាក់​ប្រធា​នា​ធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ កិច្ចសន្យា​តម្លៃ​ប្រមាណ​២១៣​លាន​ដុល្លារ​នេះ រាប់បញ្ចូល​ទាំង​ការទំនាក់ទំនង ការរៀបចំ​ផែនការ សម្ភារ និង​ការធ្វើដំណើរ ហើយ​គម្រោង​នេះ​មាន​រយៈពេល​៤៩៥​ថ្ងៃ​។ ប៉ុន្ដែ​តំណាង​របស់​លោ​ជូ​អាន ហ្គៃ​ដូ​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ធ្លាប់បាន​បដិសេធចោល និង​ថា​គ្មាន​ពាក់ព័ន្ធ​ជាមួយ​ប្រតិ​បត្ដិកា​ររបស់​ទាហាន​ស៊ីឈ្នួល​ទាំងអស់​នេះឡើយ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត