អាមេរិក​ប្រកាស​​ដក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​ចេញពី​តំបន់​​មជ្ឈិមបូព៌ា​

08-05-2020 5:18 pm 1486
  ស្តាប់
រូបភាពម៉ាស៊ីនបាញ់មីស៊ីល
ស្តាប់ជាសំឡេង

​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៩​អាមេរិក​បាន​ដាក់ពង្រាយ​កងកម្លាំង​បន្ថែម​ទៅ​តំបន់​មជ្ឈិម​បូព៌ា ក្នុងនោះ​មាន​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​Patriot ដើម្បី​ត្រៀម​ទប់ទល់​នឹង​អ្វីដែល​អាមេរិក​ចាត់ទុកថា​ជា​សកម្មភាព​បង្កហេតុ​របស់​អ៊ីរ៉ង់​។ ការ​ដាក់ពង្រាយ​ក៏​ធ្វើឡើង​ក្រោយ​អាមេរិក​ចោទ​រដ្ឋ​អ៊ីស្លាម​មួយ​នេះ​ថា ជា​អ្នក​វាយប្រហា​រលើ​នាវា​ដឹក​ប្រេង​ក្នុង​ឈូង​សមុទ្រ​កាលពីដើមឆ្នាំ​២០១៩​។ 

​សារព័ត៌មាន​Bloomberg​បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​មន្ដ្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ថា អាមេរិក​សម្រេច​ដកចេញ​នូវ​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​ចំនួន​ពីរ​គ្រឿង​ក្នុងចំណោម​បួន​គ្រឿង ដែល​អាមេរិក​ដំឡើង​ក្នុងប្រទេស​អា​រ៉ាប៊ីសាអូឌីត​និង​តំបន់​ផ្សេងទៀត​នៅ​មជ្ឈិម​បូព៌ា ដោយសារតែ​ភាព​តានតឹង​រវាង​អាមេរិក​-​អ៊ីរ៉ង់​បាន​ថមថយ​។ មន្ដ្រី​ដដែល​បានបញ្ជាក់​បន្ថែមថា  តាមពិត​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​Patriot​ទាំង​បួន​គ្រឿង គ្រោង​ដកចេញ​តាំងពី​ខែមីនា​មកម្ល៉េះ ប៉ុន្ដែ​ត្រូវ​ផ្អាក​វិញ​បន្ទាប់ពី​មាន​ការវាយប្រហារ​ដោយ​រ៉ុក​ក្កែ​ត​ពីរ​គ្រាប់​ទៅលើ​មូលដ្ឋានទ័ព​ក្នុងប្រទេស​អ៊ីរ៉ាក់​។ អាមេរិក​អះអាងថា​ក្រុម​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ជា​អ្នកធ្វើ តែ​អ៊ីរ៉ង់​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។ 

​ទាក់ទង​នឹង​ការដកចេញ​នូវ​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​Patriot បើតាម​មន្ដ្រី​អាមេរិក​បាន​គូសបញ្ជាក់ថា​សមត្ថភាព​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា មិន​រង​ផលប៉ះពាល់​ដោយសារតែ​ការដកចេញ​នេះឡើយ​។ មិន​រង​ផលប៉ះពាល់​ព្រោះ​អាមេរិក​បាន​ពង្រឹងសមត្ថភាព​ការពារ​ដែនអាកាស​រួច​ជាស្រេច​នៅក្នុង​តំបន់ សម្រាប់​ទប់ទល់​ជាមួយ​អ៊ីរ៉ង់​ក្នុងករណី​ចាំបាច់​។​

​គួរ​បញ្ជាក់ថា កាសែត​The Wall Street Journal ជា​អ្នក​ចុះផ្សាយ​មុនគេ​ពី​ការដកចេញ​នូវ​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​Patriot​។ សម្រាប់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មិន​ចង់​លើកឡើង​ពី​រឿងនេះ​ទេ​។ លោក​ថា​អាមេរិក​បានធ្វើ​រឿង​ច្រើនណាស់​ទាក់ទង​នឹង​វិស័យ​យោធា ទាំង​នៅ​មជ្ឈិមបូព៌ា​ក៏ដូចជា​នៅ​កន្លែង​ផ្សេងទៀត​។ 

​ជា​ការកត់សម្គាល់​ទោះបីជា​មានការ​អះអាងថា​ភាព​តានតឹង​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់​បាន​ធូរស្បើយ ប៉ុន្ដែ​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​Mark Esper​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​នេះ​ថា មន្ទីរ​បញ្ច​កោណ​ជឿជាក់​អ៊ីរ៉ង់​នៅតែ​បន្ដ​ការគំរាមកំហែង​ដដែល​។ គួរ​រម្លឹក​ឡើងវិញ​ដែរថា ការបញ្ជូន​ទ័ព​បន្ថែម​១​ពាន់​នាក់​និង​ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​Patriot​ទៅ​មជ្ឈិមបូព៌ា ធ្វើឡើង​តាម​ការសម្រេច​របស់លោក​Patrick Shanahan​កាលពី​ខែមិថុនា​ឆ្នាំ​២០១៩ ដែល​កាលនោះ​លោក​ជា​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត