តើ​លោក​សុវណ្ណ រិទ្ធី​​គួរ​ទទួលបាន​ពានរង្វាន់​​«​សេរីភាព​បញ្ចេញមតិ​»​​ដែរឬទេ​?​

08-05-2020 4:42 pm 958
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកសារព័ត៌មាន​កំពុង​ជាប់ឃុំ​ម្នាក់​គឺ​លោក​សុវណ្ណ រិទ្ធី ដែល​បាន​បង្ហោះ​មួយផ្នែក​ឡើងវិញ​នូវ​ប្រសាសន៍​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន កន្លងទៅ ត្រូវបាន​បណ្ដាញ​ផ្សព្វផ្សាយ​របស់​អាល្លឺម៉ង់​មួយ​ហៅ​កាត់​ថា DW ប្រកាស​ផ្តល់​ពានរង្វាន់​សេរីភាព​បញ្ចេញមតិ​ឱ្យ​។​

​ប្រធាន​អង្គការ​សារព័ត៌មាន Deutsche Welle (DW) របស់​អាល្លឺម៉ង់​លោក Peter Limbourg ថ្លែងថា ពានរង្វាន់​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០២០​គឺ​ប្រគល់ជូន​អ្នកសារព័ត៌មាន​ក្លាហាន​ទាំងអស់​ទូទាំង​ពិភពលោក​ដែល​បាន​កំពុង​រងគ្រោះ​ដោយសារតែ​ការ​គា​បង​សង្កត់​សេរីភាព​ពួកគេ​ព្រោះតែ​របាយការណ៍​ទាក់ទិន​នឹង​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវី​ដ​១៩​។ 

​មជ្ឈដ្ឋាន​មួយចំនួន​បាន​សម្ដែង​មតិ​អបអរសាទរ​ដល់​លោក​សុវណ្ណ រិទ្ធី ដែល​ទទួលបាន​ពានរង្វាន់​នេះ បើទោះជា​មជ្ឈដ្ឋាន​ខ្លះ​មើលឃើញថា​លោក​សុវណ្ណ រិទ្ធី មិនមាន​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន​ក្ដី​។​

​លោក​ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ការទទួលបាន​ពាន​របស់លោក​សុវណ្ណ រិទ្ធី​នៅពេលនេះ​ទេ​។​

​ចំណែក​លោក​អ៊ុក គឹម​សេង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​និយាយថា​លោក​មិន​ស្គាល់​អង្គការ​អន្តរជាតិ​របស់​អាល្លឺម៉ង់​នោះទេ​។​លោក​ថា​អង្គការ​ទាំងនោះ​មិនដែល​មកដល់​កម្ពុជា មិនដែល​ជួប​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន​សោះឡើយ .......

​សំឡេង​លោក​អ៊ុក គឹម​សេង​៖

​ឯ​ប្រធាន​ប្រធាន​សហព័ន្ធ​សហភាព​អ្នកសារព័ត៌មាន​កម្ពុជា​លោក​ហ៊ុយ វណ្ណៈ វិញ និយាយថា លោក​មិន​វាយតម្លៃ​ទៅលើ​ពាន​នោះ ថា​យ៉ាងណាទេ​។ ក្នុងនាម​សហព័ន្ធ​សហភាព​អ្នកសារព័ត៌មាន​កម្ពុជា សស​សក សូម​សម្តែង​ការអបអរសាទរ​។ ប៉ុន្តែ​លោក​ផ្តាំផ្ញើ​ថា កុំ​ជោរ កុំ​រំជើបរំជួល​ជាមួយ​របៀបវារៈ​របស់​បរទេស​។ លោក​លើកយក​យកពាក្យ​ទូន្មាន​របស់​ភិរម្យ ង៉ុយ មួយ​ឃ្លា​ថា​៖«​កុំ​ជឿ​បរទេស កុំ​ជឿ​អភិ​នេស កុំ​ជឿ​អភិ​ប្រាយ​» .....

​សំឡេង​លោក​ហ៊ុយ វណ្ណៈ ៖ 

​សូមជម្រាបថា សារព័ត៌មាន Deutsche Welle (DW) របស់​អាល្លឺម៉ង់ គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អាល្លឺម៉ង់ ផ្សាយ​ចេញ​ចំនួន ៣០​ភាសា ព្រមទាំង​ចូលរួម​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សារព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​នៅ​បណ្ដា​ប្រទេស​ជាច្រើន​។ សារព័ត៌មាន Deutsche Welle (DW) របស់​អាល្លឺម៉ង់​បាន​បង្កើត​ពានរង្វាន់​ប្រភេទ​នេះ​ឡើង​តាំងពី ឆ្នាំ​២០១៥​មកម្ល៉េះ​។ ពានរង្វាន់​នេះ​ប្រគល់ជូន​ដល់​បុគ្គល​និង​អ្នក​ផ្ដួចផ្ដើម​ទាំងឡាយណា​ដែល​បានបង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​បុព្វហេតុ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិមនុស្ស​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​របស់​ពួកគេ​។​

​សូមបញ្ជាក់ថា លោក​សុវណ្ណ រិទ្ធី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​សម្រង់​សម្ដី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ផ្នែក​ខ្លះមក​អត្ថាធិប្បាយ​បន្ត ដោយ​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពីបទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​»​។ ភ្លាមៗ​នោះដែរ សារព័ត៌មាន​អន​ឡាញ​របស់លោក​ក៏​ត្រូវបាន​ក្រសួង​ព័ត៌មាន​សម្រេច​ដកហូត​អាជ្ញាប័ណ្ណ​។​

​បើតាម​សារព័ត៌មាន Deutsche Welle (DW) របស់​អាល្លឺម៉ង់ បាន​ចុះផ្សាយ​ថា លោក​សុវណ្ណ រិទ្ធី គឺ​ស្ថិតក្នុង​ចំណោម​អ្នកសារព័ត៌មាន​១៧​រូប នៅតាម​បណ្ដា​ប្រទេស​ចំនួន ១៤ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ពាន​«​សេរីភាព​បញ្ចេញមតិ​»​នេះ​៕

ព័ត៌មានផ្សេងទៀត