ប្រទេស​ពីរ​សម្រេច​ប្រើ​ថ្នាំ​Remdesivir​ដើម្បី​ព្យាបាល​ជំងឺ​កូវី​ដ​១៩

08-05-2020 11:17 am 236

​អាមេរិក​និង​ជប៉ុន​បានសម្រេច​អនុញ្ញាតឲ្យ​ប្រើប្រាស់​ថ្នាំ​​Remdesivir ដើម្បី​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ជា​ផ្លូវការ នៅក្នុង​ប្រទេស​របស់គេ​ហើយ​។ ចាប់តាំងពី​វីរុស​កូរ៉ូណា​ផ្ទុះឡើង សម្លាប់​មនុស្ស​ជាង​៧​ម៉ឺន​នាក់ និង​ឆ្លង​ជាង​១​លាន​នាក់​នៅ​អាមេរិក និង​សម្លាប់​ប្រជាជន​ជប៉ុន​ជាង​៥០០​នាក់​និង​ឆ្លង​ជាង​១​ម៉ឺន​នាក់ Remdesivir បាន​ក្លាយជា​ថ្នាំ​ដំបូង​គេ ដែល​ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ អនុញ្ញាតឲ្យយ​កមកព្យាបាល​។ ដំបូង​ថ្នាំ​Remdesivir ត្រូវបាន​ទីភ្នាក់ងារ​គ្រប់គ្រង​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ថា FDA សម្រេច​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការនៅ​អាមេរិក​កាលពី​សប្តាហ៍​មុន ក្រោយ​ឆ្លងកាត់​ការពិសោធន៍​បង្ហាញថា វា​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ និង​ជួយ​អ្នក​ឈឺ​ធ្ងន់​ឲ្យ​ឆាប់​ធូរស្រាល​ជាង​ថ្នាំ​ផ្សេងទៀត​។​

​នៅ​អាមេរិក​ក្រុមហ៊ុន​ផលិត​ប្រកាស​បរិច្ចាគ​ថ្នាំ​ចំនួន ១,៥ លាន​ដប ដើម្បី​ចែកចាយ​នៅតាម​មន្ទីរពេទ្យ​។ តាម​ការសន្និដ្ឋាន​ថ្នាំ​ចំនួនមួយលានកន្លះ​ដប​នេះ គ្រប់គ្រាន់​ល្មម​សម្រាប់​អ្នកជំងឺ​យ៉ាងហោចណាស់​១៤​ម៉ឺន​នាក់ តែ​បរិមាណ​អាច​ប្រែប្រួល​ទៅតាម​ចំនួន​ថ្ងៃ​ដែល​ពួកគេ​ទទួល​ការព្យាបាល​។ ថ្នាំ​ត្រូវ​ចែករំលែក​ទៅ​មន្ទីរពេទ្យ​នៅតាម​ទីក្រុង​នានា ដែល​រងគ្រោះ​ដោយ​វីរុស​កូរ៉ូណា ក៏ដូចជា​មន្ទីរពេទ្យ​ដែលមាន​តម្រូវការ​បំផុត ដើម្បី​សង្គ្រោះ​អ្នកជំងឺ​។​

៥​ថ្ងៃ​ក្រោយមក​ជប៉ុន​បាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​ថ្នាំ​Remdesivir ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ក្នុងប្រទេស​របស់ខ្លួន ដូច​អាមេរិក​ដែរ​។ នៅ​ថ្ងៃទី​៧​ខែ​ឧសភា មន្ត្រី​ក្រសួងសុខាភិបាល​ការងារ​និង​សុខុមាលភាព ថា​ថ្នាំ​Remdesivir ត្រូវបាន​អនុម័ត​ឲ្យប្រើ​ប្រា​ស់ក្រោម​វិធាន​ពិសេស​។ នៅក្នុង​ប្រទេស​ជប៉ុន​មិនទាន់​លម្អិត​ពី​ដំណើរការ​ប្រើប្រាស់​នៅឡើយ​ទេ តែ​ដំបូង​ទំនង​ចែកចាយ​ថ្នាំ Remdesivir ទៅកាន់​មន្ទីរពេទ្យ​ដែល​កំពុង​ព្យាបាល​អ្នកជំងឺ ដែលមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ 

​តាមពិតទៅ​ជប៉ុន​ក៏​ស្រាវជ្រាវ​រកឃើញ​ថ្នាំ​មួយ​ប្រភេទ ដែល​គិតថា​នឹងមាន​សក្តានុពល​អាច​ព្យាបាល​ជំងឺ​កូវី​ដ​-១៩​បានដែរ ប៉ុន្តែ​មិនទាន់​បញ្ចប់​ការ​ធ្វើតេស្ត​នៅឡើយ​។ ថ្នាំ Avigan ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន Fujifilm Toyama Chemical គ្រោង​អនុម័ត​ឲ្យប្រើ​ប្រាស់​នៅក្នុង​ខែឧសភា​នេះ​។ ពោល ជប៉ុន​យក​ថ្នាំ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ មក​ព្យាបាល​សាកល្បង​លើ​អ្នកជំងឺ​១០០​នាក់​សិន ហើយ​បើ​មាន​ប្រសិទ្ធភាព​នឹង​ដាក់ឲ្យ​ប្រើប្រាស់​តែម្ត​ង​។ ក្រៅពីនោះ ជប៉ុន​អាមេរិក  និង​ចិន​សុទ្ធតែ​ប្រកាសថា​បាន​រកឃើញ​វ៉ាក់សាំង ប្រឆាំងនឹង​វីរុស​កូរ៉ូណា​ផងដែរ តែ​ស្ថិតក្នុង​ដំណាក់កាល​ធ្វើតេស្ត ពិសោធន៍​នៅឡើយ​។ 

​គួរ​ជម្រាបជូន​ថា ថ្នាំ Remdesivir ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​ដោយ​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ Gilead របស់​អាមេរិក​។ ថ្នាំ​នេះ​ត្រូវបាន​ផលិតឡើង ដើម្បី​ព្យាបាល​ជំងឺអេបូ​ឡា​ដែល​ផ្ទុះឡើង​នៅ​ទ្វីបអាហ្វ្រិក តែ​កាលនោះ Remdesivir មិនត្រូវ​បានអនុញ្ញាត​ដាក់ឲ្យ​ប្រើប្រាស់​ទេ ដោយសារ​គេ​គ្មាន​ទំនុកចិត្ត​ថា​វា​អាច​ព្យាបាល​ជំងឺអេបូ​ឡា​បានក្រោយ​ការធ្វើ​តេស្ត​រួច​។ មកដល់​សម័យ​កូរ៉ូណា នៅពេលដែល​ពិភពលោក​មិនទាន់​រកឃើញ​ថ្នាំ និង​វ៉ាក់សាំង​អាច​ការពារ​និង​ព្យាបាល​ជំងឺ​បង្កឡើង ដោយ​វីរុស​កូរ៉ូ​ណាបាន​នៅឡើយ Remdesivir ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អាមេរិក​និង​ជប៉ុន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត