ជន​ស៊ីវិល​ជាង​១៣០​នាក់​ស្លាប់ ក្រោម​ប្រតិបត្តិការ​យោធា​អាមេរិក​ក្នុង​ឆ្នាំ​២០១៩

07-05-2020 5:40 pm 417

​ក្រសួង​ការពារជាតិ​បាន​វាយតម្លៃថា ក្នុង​ឆ្នាំ​២០១៩​មាន​ជន​ស៊ីវិល​ប្រមាណ​១៣២​នាក់ ត្រូវបាន​សម្លាប់​និង​ជន​ស៊ីវិល​ប្រមាណ​៩១​នាក់​ផ្សេងទៀត​រងរបួស ដោយសារ​ប្រតិបត្តិការ​យោធា​អាមេរិក នៅ​ប្រទេស​អ៊ីរ៉ាក់ ស៊ី​រី អា​ហ្វ​ហ្គានី​ស្ថាននិង​សូ​ម៉ាលី​។ ជន​ស៊ី​វី​ល​ដែល​រងគ្រោះ​ភាគច្រើន នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន មាន​ចំនួន​១០៨​នាក់​ស្លាប់​និង​៧៩​នាក់​របួស​។ ចំណែក​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​វិញ មន្ទីរ​Pentagon​បាន​ទទួលខុសត្រូវ ចំពោះ​ការស្លាប់​ជន​ស៊ីវិល​តែ​២២​នាក់​និង​របួស​១៣​នាក់​ប៉ុណ្ណោះ ខណៈ​នៅ​ប្រទេស​សូ​ម៉ាលី ជន​ស៊ីវិល​ដែល​ស្លាប់​ក្រោម​ប្រត្តិបត្តិការ​យោធា​អាមេ​រិក មាន​២​នាក់​និង​របួស​៣​នាក់​។ 

​ក្រសួង​ការពារជាតិ មិន​បានបញ្ជាក់​ពី​ការស្លាប់​និង​របួស​ជន​ស៊ីវិល ដែល​បណ្តាលមកពី​ប្រតិបត្តិការ​យោធា​អាមេរិក នៅ​ប្រទេស​យេមែន​និង​លី​ប៊ី​កាលពី​ឆ្នាំមុន​ទេ​។ នៅក្នុង​ប្រទេស​យេមែន​យោធា​អាមេរិក ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ក្រុម​សកម្ម​ប្រយុទ្ធ ISIS និង​al Qaeda​។ នៅ​ប្រទេស​លី​ប៊ី មន្ទីរ​Pentagon និយាយថា ក្នុងចំណោម​ការវាយប្រហា​រទាំង​បួន ដែល​យោធា​អាមេរិក​បានធ្វើ ដើម្បី​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ ISIS ក្នុង​ឆ្នាំ ២០១៩​មាន​ស្លាប់​ជន​ស៊ីវិល​។ ប៉ុន្តែ​ទាំង​ប្រតិបត្តិការ​នៅយេ​មែននិង​លី​ប៊ី ដោយ​យោងទៅលើ​ការពិនិត្យ​ឡើងវិញ​នូវ​ទិន្នន័យ​ប្រតិបត្តិការ ការឃ្លាំមើល វីដេអូ និង​ទិន្នន័យ​ផ្សេងទៀត ពី​ការ​ស៊ើបការណ៍​សម្ងាត់ នៅក្នុង​ការស្លាប់​ជន​ស៊ីវិល មិនអាច​រាប់បញ្ចូល​ថា បាន​ស្លាប់​ក្នុង​សកម្មភាព​យោធា​អាមេរិក​ឡើយ​។ 

​យ៉ាងណាក៏ដោយ តួលេខ​បង្ហាញ​ពី​ជន​ស៊ីវិល​ស្លាប់​និង​របួស នៅក្នុង​ប្រតិបត្តិការ​យោធា​អាមេរិក នៅ​ក្រៅប្រទេស​ឆ្នាំ​២០១៩ គឺ​ទាប​ជាង​ឆ្ងាយ​ពី​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ឬ​NGO​។ អង្គការក្រៅរដ្ឋាភិបាល​Airwars ដែល​តាមដាន​ជន​ស៊ីវិល​រងគ្រោះ ពី​ការទម្លាក់​គ្រាប់បែក​ពីលើ​អាកាស​នៅ​ជុំវិញ​ពិភពលោក បាន​ប៉ាន់ស្មាន​ថា មាន​ជន​ស៊ីវិល​ចន្លោះ​ពី ៤៦៥ និង ១,១១៣ នាក់​ត្រូវ​បានសម្លាប់ នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ក្រុមចម្រុះ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​។ មន្ទីរ​Pentagon ទទួលស្គាល់​ភាពខុសគ្នា​នៃ​តួលេខ​នេះ ដោយ​លើក​ហេតុផល​ថា ដោយសារ​ប្រើ​វិធី​រាប់​ខុសគ្នា​។  អង្គការ​ខ្លះ​វាយតម្លៃ​និង​ការសម្ភាសន៍​នៅនឹងកន្លែង ខណៈ​ស្ថាប័ន​ផ្សេងទៀត ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ដូច្នេះ​ព័ត៌មាន​នេះ​អាចមាន​ភាពមិន​ពេញលេញ​។ សម្រាប់​អាមេរិក ទិន្នន័យ​ទាំងនេះ ក្រៅពី​ផ្ទៀងផ្ទាត់​ប្រភព​ខាងក្រៅ ក៏​ប្រមូលបាន​ពី​ប្រភព​ស៊ើប​ការណ៍ ដែល​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​មិនមាន​។​

​នាយក​ផ្នែក​សន្តិសុខ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​អាមេរិក​លោកស្រី Daphne Eviatar មិន​ចង់ឃើញ​ជន​ស៊ីវិល​ក្លាយជា​ជនរងគ្រោះ នៅក្នុង​ប្រតិបត្តិការ​យោធា​នេះឡើយ​។ សហភាព​សេរីភាព​ស៊ីវិល​អាមេរិក ហៅ​កាត់​ថា ACLU ក៏បាន​រិះគន់​របាយការណ៍​នេះដែរ​។ លោកស្រី Hina Shamsi នាយក ACLU បាន​បន្ទ​រថា រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់​ត្រាំ កំពុង​រាប់​ចំនួន​ជន​ស៊ីវិល​ដែល​ត្រូវ​បានសម្លាប់​ឬ​រងរបួស​នៅឯ​បរទេស​។ ក្រុម​អង្គការ​ក៏បាន​ឲ្យ​តម្លៃលើ​របាយការណ៍ បើទោះបីជា​វា​បង្ហាញ​ពី​ភាព​ខ្លោចផ្សារ នៃ​ការបាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់ ប៉ុន្តែ​វា​ចូលរួមចំណែក​ប្រកបដោយ​អត្ថន័យ​នោះ គឺដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ ដែល​យ៉ាងហោចណាស់ ក៏មាន​ការទូទាត់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ដែរ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកការវាយប្រហារ

ព័ត៌មានផ្សេងទៀត