ជប៉ុន​គ្រោង​ដាក់​ឲ្យប្រើ​ថ្នាំ​Remdesivir​ព្យាបាល​កូវី​ដ​១៩​តាម​អាមេរិក​

07-05-2020 5:28 pm 390

​រដ្ឋាភិបាល​ជប៉ុន​និយាយ​នៅ​ថ្ងៃទី ៧ ខែឧសភា​ថា ប្រទេស​ជប៉ុន​គ្រោង​អនុញ្ញាតឲ្យ​ប្រើប្រាស់​ថ្នាំ​Remdesivir មក​ព្យាបាល​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Yoshihide Suga ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រសិនបើ​គ្មាន​បញ្ហា​ទេ យើង​សង្ឃឹមថានឹង​អនុម័ត​ដាក់ឲ្យ ប្រើប្រាស់​ថ្នាំ​នេះ​ឲ្យបាន​ឆាប់រហ័ស​។ លោក​នាយករដ្ឋមន្ត្រី​ស៊ីន​ហ្សូ អាបេ​និយាយ​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការផ្តល់​ភ្លើង​ខៀវ​ឲ្យបាន​លឿន ដើម្បី​សាកល្បង​ថ្នាំ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​។ ប្រសិនបើ​បែបនេះ​មែន ជប៉ុន​នឹង​ក្លាយជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​អាមេរិក ដែល​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​ថ្នាំ Remdesivir ព្យាបាល​ជំងឺ​កូវី​ដ​-១៩​ជា​ផ្លូវការ​ក្នុងប្រទេស​របស់ខ្លួន​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក ដែល​ហៅ​កាត់​ថា FDA បាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​ថ្នាំ​Remdesivir ដើម្បី​ព្យាបាល​ជំងឺ​កូវី​ដ​-១៩​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ឆ្លងកាត់​ការពិសោធន៍​បង្ហាញថា វា​ជួយ​ឲ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ​ជាង​ថ្នាំ​ផ្សេងទៀត​។ ប៉ុន្តែ បើទោះបីជា​Remdesivir អាចជួយ​ព្យាបាល​អ្នកជំងឺ​ឲ្យបាន​ជាសះស្បើយ និង​ជួយ​អ្នក​ឈឺ​ធ្ងន់​ឲ្យ​ឆាប់​ធូរស្រាល​យ៉ាងណាក៏ដោយ ការ​ធ្វើតេស្ត​នោះ​មិន​បានបង្ហាញ​ច្បាស់លាស់​ទេ​ថា វា​អាច​ការពារ​មនុស្ស​ពី​ការស្លាប់​ដោយសារតែ​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​។​

​គួរ​ជម្រាបជូន​ថា ថ្នាំ Remdesivir ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​ដោយ​មន្ទីរពិសោធន៍​វិទ្យាសាស្ត្រ Gilead របស់​អាមេរិក​។ ថ្នាំ​នេះ​ត្រូវបាន​ផលិតឡើង ដើម្បី​ព្យាបាល​ជំងឺអេបូ​ឡា​ដែល​ផ្ទុះឡើង​នៅ​ទ្វីបអាហ្វ្រិក តែ​កាលនោះ Remdesivir មិនត្រូវ​បានអនុញ្ញាត​ដាក់ឲ្យ​ប្រើប្រាស់​ទេ ដោយសារ​គេ​គ្មាន​ទំនុកចិត្ត​ថា​វា​អាច​ព្យាបាល​ជំងឺអេបូ​ឡា​បានក្រោយ​ការធ្វើ​តេស្ត​រួច​។ មកដល់​សម័យ​កូរ៉ូណា នៅពេលដែល​ពិភពលោក​មិនទាន់​រកឃើញ​ថ្នាំ និង​វ៉ាក់សាំង​អាច​ការពារ​និង​ព្យាល​ជំងឺ​បង្កឡើង ដោយ​វីរុស​កូរ៉ូ​ណាបាន​នៅឡើយ Remdesivir ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អាមេរិក​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត