តាមការបញ្ជាក់ពីក្រុមជំនាញអាមេរិកបានឲ្យដឹងថា កូរ៉េខាងជើងទំនងកំពុងតែសាងសង់ទីតាំងសម្រាប់ស្ដុកទុកមីស៊ីលនៅជិតទីក្រុងព្យុងយ៉ាង។ កាលពីថ្ងៃអង្គារមជ្ឈមណ្ឌលយុទ្ធសាស្ដ្រនិងការស្រាវជ្រាវជាអន្ដរជាតិរបស់អាមេរិក បានបង្ហាញរបាយការណ៍ពីការវិភាគលើការសាងសង់នេះ ដែលមានទីតាំងស្ថិតនៅជិតអាកាសយានដ្ឋានអន្ដរជាតិក្រុងព្យុងយ៉ាង ហើយទីតាំងនោះត្រូវថតបានដោយផ្កាយរណប។
តាមរូបភាពបង្ហាញថាមានអគារចំនួនបីត្រូវបានសាងសង់ឡើង ដោយអគារធំបំផុតមានបណ្ដោយ១២០ម៉ែត្រនិងទទឹង៤០ម៉ែត្រ។ អគារទាំងនោះសុទ្ធតែមានទ្វារទំហំធំល្មមសម្រាប់រថយន្ដធំៗចូលបាន។ មជ្ឈមណ្ឌលយុទ្ធសាស្ដ្រអាមេរិកបានឲ្យដឹងទៀតថា អគារមួយក្នុងចំណោមអគារទាំងបីអាចប្រើប្រាស់សម្រាប់ផ្ទុកមីស៊ីលឆ្លងទ្វីប។ មិនខុសពីទីតាំងសម្រាប់ដាក់មីស៊ីលផ្សេងទៀតទេ ទីតាំងថ្មីក៏មានស្ថានីយរថភ្លើងអាចចូលទៅដល់នៅផ្នែកក្រោមដីផងដែរ។
ក្រុមជំនាញអាមេរិកសង្ស័យដែរថា ទីតាំងថ្មីអាចប្រើប្រាស់សម្រាប់ប្រមូលឬស្ដុកទុកមីស៊ីល ដោយដឹកតាមរយៈរថភ្លើងយកមកទុកនៅទីនោះ។ បើគិតពីការសាងសង់បច្ចុប្បន្នអគារទាំងនោះអាចនឹងត្រូវដំណើរការនៅចុងឆ្នាំ២០២០ឬដើមឆ្នាំ២០២១។ អ្នកជំនាញម្នាក់របស់អាមេរិកនិយាយថា ទទឹងនិងកម្ពស់អគារនោះមានលក្ខណៈប្លែកៗ វាប្រហែលជាកន្លែងដាក់មីស៊ីលដ៏ថ្មីសន្លាងមួយរបស់កូរ៉េខាងជើង។
សូមបញ្ជាក់ថា ដ្បិតកូរ៉េខាងជើងបានឈានដល់កិច្ចព្រមព្រៀងរំលាយនុយក្លេអ៊ែរជាមួយអាមេរិក ក្នុងកិច្ចចរចានៅប្រទេសសិង្ហបុរីកាលពីពីរឆ្នាំមុន ប៉ុន្ដែដំណើរការរំលាយនុយក្លេអ៊ែរត្រូវជាប់គាំង។ ជាប់គាំងព្រោះមិនឯកភាពលើការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីកូរ៉េខាងជើង។ កូរ៉េខាងជើងចង់ឲ្យអាមេរិកដកចេញទណ្ឌកម្មសេដ្ឋកិច្ចខ្លះដើម្បីជាថ្នូរនឹងការរំលាយនុយក្លេអ៊ែរ ប៉ុន្ដែអាមេរិកមិនព្រមហើយចង់ឲ្យកូរ៉េខាងជើងដើរមុនមួយជំហាន។ ការណ៍នេះបានបង្កជាឧបសគ្គរាំងស្ទះដល់បច្ចុប្បន្ន នៅពុំទាន់រកវិធីសាស្ដ្រដោះស្រាយឃើញនៅឡើយ។
អ្នកជំនាញអាមេរិកតែងតែសង្ស័យថា ក្រុងព្យុងយ៉ាងមិនបានបោះបង់ចោលមហិច្ឆតាអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនោះទេ។ កូរ៉េខាងជើងក៏ធ្លាប់ធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លីជាច្រើនលើកក្នុងពេលថ្មីៗ ប៉ុន្ដែអះអាងថាជាការធ្វើតេស្ដបង្កើនសមត្ថភាពយោធាប៉ុណ្ណោះគ្មានបំណងបង្កហេតុដាក់ប្រទេសណាឡើយ។ ទោះជាយ៉ាងនេះក្ដីវាក៏ជាសញ្ញាមួយដែលកូរ៉េខាងជើងចង់បង្ហាញថា គេមិនបានខ្លាចរអានឹងនរណាម្នាក់ទេ។
មិនថាកំពុងរងសម្ពាធពីអាមេរិកឬអង្គការសហប្រជាជាតិជុំវិញកម្មវិធីនុយក្លេអ៊ែរ ប៉ុន្ដែកូរ៉េខាងជើងក៏មិនបណ្ដោយឲ្យប្រទេសមហាអំណាចពិសេសអាមេរិក កេងចំណេញលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដាច់ខាត។ កូរ៉េខាងជើងធ្លាប់បញ្ជាក់ថាខ្លួនមិនអាចបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ជាការលះបង់ឯកតោភាគីនោះឡើយខណៈអាមេរិកមិនធ្វើអ្វីសោះ។ កូរ៉េខាងជើងមិនឲ្យអាមេរិកកេងចំណេញទេ ត្រូវតែមានស៊ីមានសងបើចង់ឲ្យកូរ៉េខាងជើងរំលាយចោលនុយក្លេអ៊ែរ៕
ដោយ៖ពេញ ផេង